(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញជិតផុតអាណត្តិលោក ប៉ា សុជាតិវង្ស បានថ្លែងថា ក្នុងតំណែងជាចៅហ្វាយក្រុងអស់រយៈពេលជិត៤ឆ្នាំ មកហើយនោះ បញ្ហាប្រឈម ក៏ដូចជាបញ្ហាតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ មានកម្រិតខ្ពស់ជាងសមត្ថភាពដោះស្រាយរបស់រដ្ឋបាលរាជធានី និងអាជ្ញាធរមូលដ្ឋាន ទោះបីអាជ្ញាធរក្នុងរាជធានី បានកសាងប្រព័ន្ធលូបង្ហូរទឹក ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងការបម្រើសេវាសាធារណៈបានជាបន្តបន្ទាប់ក៏ដោយ។
លោកថ្លែងបែបនេះក្នុងសន្និបាតបូកសរុបការងារ នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ដែលមានការចូលរួមពី អភិបាលរងរាជធានី គណៈបញ្ជាការឯកភាព គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ កងកម្លាំងសមត្ថកិច្ច និងមន្រ្តីពាក់ព័ន្ធមួយចំនួន នៅរដ្ឋបាលរាជធានីភ្នំពេញ។
លោក ប៉ា សុជាតិវង្ស បានឲ្យដឹងថា ក្នុងនាមជាអភិបាលរាជធានីភ្នំពេញ លោកបានខិតខំជាមួយអភិបាលរង គណៈបញ្ជាការឯកភាពរាជធានី កម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល អភិបាលខណ្ឌ មន្រ្តីជំនាញ ក៏ដូចជាអង្គការសង្គមស៊ីវិល ក្នុងការខិតខំដោះស្រាយបញ្ហាប្រឈម តម្រូវការ និងសេវាសាធារណៈជូនប្រជាពលរដ្ឋជាបន្តបន្ទាប់។ ប៉ុន្តែការងារទាំងនោះ ក៏នៅតែមិនទាន់បំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋបានគ្រប់គ្នានៅឡើយ។
លោកថ្លែងយ៉ាងដូច្នេះថា «ការដំណើរការការងារនេះ ពិតជាមិនអាចចាត់ចែងបានតាមតម្រូវការប្រជាពលរដ្ឋបានល្អ១០០ភាគរយ នោះទេ អាចថា សមត្ថភាពមានប៉ុណ្ណឹង ម្យ៉ាងបញ្ហាប្រឈម បញ្ហាតម្រូវការមានកម្រិតខ្ពស់ ដែលលទ្ធភាពដោះស្រាយរបស់យើង មិនទាន់ឆ្លើយតប នេះជាគំលាតតម្រូវការ និងការដោះស្រាយនៅឆ្ងាយពីគ្នា ធ្វើឲ្យការងារនៅក្នុងទីក្រុងភ្នំពេញ មិនទាន់បានល្អនៅឡើយ»។
គួរកត់សម្គាល់ថា ក្នុងអាណត្តិដឹកនាំរបស់លោក ប៉ា សុជាតិវង្ស រដ្ឋបាលរាជធានីភ្នំពេញ បានកសាងប្រព័ន្ធលូខ្នាតធំដល់ទៅ ៦០០គីឡូម៉ែត្រ កសាងផ្លូវចាក់បេតុងបានដល់ទៅ ៥៨០គីឡូម៉ែត្រ សាងសង់ស្ពានអាកាស និងការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត តែបញ្ហាប្រឈមនៅក្នុងរាជធានីភ្នំពេញ មិនទាន់បានដោះស្រាយទាំងអស់នៅឡើយ ព្រោះនៅតែមានតំបន់លិចទឹក មានការកក់ស្ទះចរាចរណ៍ និងបញ្ហាសំរាមជាដើម ពិសេសនៅតែមានតំបន់ដែលមានភាពរៀបរយ និងតំបន់មិនទាន់រៀបរយ ដែលបង្កឲ្យមានបញ្ហាគំលាតជីវភាពរបស់ប្រជាពលរដ្ឋ៕