(ភ្នំពេញ)៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង បាននិងកំពុងចែចូវក្រុមហ៊ុនយក្សរបស់កូរ៉េ LG មកសង់រោងចក្រតម្លើងប្រព័ន្ធម៉ាស៊ីនត្រជាក់ខ្នាតធំ នៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែផ្គត់ផ្គង់ទីផ្សារ នៅក្នុងតែប្រទេសកម្ពុជានោះទេ ប៉ុន្តែសម្រាប់ទីផ្សាយអាស៊ានទាំងមូលផងដែរ។
លោក ឡុង ឌីម៉ង់ និងក្រុមការងារត្រូវបានក្រុមហ៊ុន LG ត្រូវបានអញ្ជើញឲ្យទៅបំពេញទស្សនកិច្ចនៅឧទ្យានរោងចក្ររបស់ក្រុមហ៊ុនស្ថិតនៅទីក្រុងព្រង់ថេក ខេត្តខ្យងគី ដោយមានការទទួលស្វាគមន៍ពីសំណាក់លោក Park YoungSu អនុប្រធាន Chiller Business Division នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧។
លើកឡើងក្នុងកិច្ចពិភាក្សានោះ ឯកអគ្គរាជទូតវ័យក្មេងរបស់កម្ពុជារូបនេះ បានប្រាប់ទៅថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន LG អំពីសក្ដានុពលសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសនៅភ្នំពេញ ក៏ដូចជានៅតាមបណ្ដាខេត្តមួយចំនួនទៀត ដែលសមស្រប និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុន LG អាចសង់រោងចក្រតម្លើងប្រព័ន្ធម៉ាស៊ីនត្រជាក់ខ្នាតធំ។ លោកបានស្នើសុំដល់ថ្នាក់ដឹកនាំក្រុមហ៊ុនសិក្សា ពិនិត្យលទ្ធភាពដើម្បីទៅវិនិយោគសង់រោងចក្រនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សានៅក្នុងតំបន់អាស៊ានទាំងមូល។
នៅក្នុងឱកាសដដែលនោះលោក ឡុង ឌីម៉ង់ បានលើកឡើងនូវសក្ដានុពល នៃការអភិវឌ្ឍសំណង់អគារនៅកម្ពុជា មានសន្ទុះលឿនជាមួយនឹងកំណើនសេដ្ឋកិច្ចរង្វង់ ៧% ក្នុងរយៈពេល៣ឆ្នាំជាប់គ្នា ហើយទទួលបានប្រសិទ្ធនាមថា ជាខ្លាសេដ្ឋកិច្ចអាស៊ី ដែលក្រុមហ៊ុន LG ចាប់អារម្មណ៍ខ្លាំងចំពោះទីផ្សារម៉ាស៊ីនត្រជាក់នៅកម្ពុជា និងមានបំណងពង្រីកទីផ្សារបន្ថែមនៅកម្ពុជា៕