(ភ្នំពេញ)៖ រថយន្តក្រុង១០០គ្រឿង ដែលជាជំនួយឥតសំណងរបស់ រដ្ឋាភិបាលចិន ផ្តល់ជូនសាលារាជធានីភ្នំពេញ បានចាកចេញពីកំពង់ផែប្រទេសចិនហើយ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ ហើយគ្រោងនឹងមកដល់កំពង់ផែក្រុងព្រះសីហនុ ប្រទេសកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
លោក មេត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាព Fresh News ឱ្យដឹងថា នេះជាលើកទីមួយហើយ ដែលប្រទេសចិន បានផ្តល់ជំនួយ ជារថយន្តក្រុងថ្មី១០០គ្រឿង មកឲ្យប្រទេសកម្ពុជា ដើម្បីដាក់ឲ្យដំណើរការនៅ ក្នុងរាជធានីភ្នំពេញ ជាសារធាណៈ។ ការផ្តល់ជំនួយជារថយន្តក្រុងនេះ បានរៀបចំ ទុកជាយូរមកហើយ។
លោក មេត មាសភក្តី បានបន្តថា រថយន្តក្រុងដែលជាជំនួយរបស់ចិន និងត្រូវដាក់ឲ្យដំណើរការនូវខ្សែរត់ថ្មី ដោយខាងសាលារាជធានីភ្នំពេញ បានរៀបចំសម្រាប់រថយន្តក្រុងថ្មី ដែលបន្ថែមសម្រាប់ខ្សែរថយន្តដែលយើងមានស្រាប់ចំនួន៣ខ្សែ ហើយរថយន្តដែលទទួលបានថ្មីពីប្រទេសចិន យើងអាចដាក់បន្ថែមលើរថយន្តចាស់ ដើម្បីកាត់បន្ថយការរងចាំរបស់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយការកក់ស្ទុះចរាចរនៅក្រុងភ្នំពេញ។
សព្វថ្ងៃនេះ នៅរាជធានីភ្នំពេញ មានសេវារថយន្តក្រុងសាធារណៈចំនួន៣ខ្សែ ដោយខ្សែរត់ទី១ ចេញពីម្តុំឬស្សីកែវ ត្រង់គីឡូម៉ែត្រលេខ៩ ឆ្ពោះទៅដល់វត្តក្តីតាកុយ តាមផ្លូវជាតិលេខ១ រីឯខ្សែទី២ ចេញពីផ្សាររាត្រី ទៅដល់ក្រុងតាខ្មៅខេត្តកណ្តាល ចំណែកខ្សែទី៣ ចេញពីផ្សាររាត្រីឆ្ពោះទៅរង្វង់មូលចោមចៅ ហើយរថយន្តក្រុងទាំង៣ខ្សែនេះ ប្រើប្រាស់រថយន្ត៥៧គ្រឿង ជាមួយចំណតរង់ចាំ១៦៨កន្លែង។
លោក មេត មាសភក្តី បានបញ្ជាក់ថា មិនមែនតែភាគីចិននោះទេ ដែលបានផ្តល់ជំនួយជារថយន្តក្រុងសាធារណៈមកកម្ពុជា។ ខាងភាគីជប៉ុន តាមរយៈទីភ្នាក់ងារ JICA នឹងជួយឧបត្តម្ភរថយន្តក្រុងថ្មីចំនួន១៨០គ្រឿងបន្ថែមទៀត ដែលនឹងមកដល់កម្ពុជា តាមដំណាក់កាលបន្តបន្ទាប់ទៀត៕