(កំពង់ធំ)៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ បានរៀបចំសន្និបាទបូកសរុបការងារ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ក្រោមវត្តមានលោក គង់ វិមាន អភិបាលរងខេត្ត និងលោក ប្រែង សាវុធ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត ព្រមទាំងមានការចូលរួមពីតំណាងអាជ្ញាធរដែនដី តំណាងគណបក្សនយោបាយ តំណាងអង្គការក្រៅរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធជាង៥០០នាក់។
លោក តូ គឹមហ៊ត អនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានឡើងថ្លែងថា ការងាររៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ គឺដំណើរការមានដំណាក់កាលជាជំហានៗ តាមប្រតិទិនកំណត់ ជាពិសេសដំណើរការឃោសនាបោះឆ្នោត ដែលមានរយៈពេល១៤ថ្ងៃ ក្នុងនោះមាន៖ ការរៀបចំបញ្ជី ឈ្មោះបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ការទទួលអ្នកសង្កេតការបោះឆ្នោត ការចែកប័ណ្ណ ព័ត៌មានការ
បោះឆ្នោត ការឃោសនាបោះឆ្នោត ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត។
បន្ទាប់ពីការឡើងធ្វើបទអន្តរាគន៍ របស់កងកម្លាំងប្រដាប់អាវុធ ព្រមទាំងមតិចូលរួមពីរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ពីគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល ទាក់ទងនឹងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤នេះរួចមក លោក ប្រែង សាវុធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានឲ្យដឹងថា បើពិនិត្យជារួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិនេះ បានប្រព្រឹត្តិទៅដោយសេរី និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានបរិយាកាសល្អប្រសើរ ជាងការបោះឆ្នោតនាពេលកន្លងទៅ ក្នុងនោះប្រជាពលរដ្ឋ៩០% ក្នុងចំណោមអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោតជូន គណបក្សនយោបាយ តាមការសម្រេចចិត្ត និងឆន្ទៈរៀងៗខ្លួន ដោយគ្មានការបង្ខិតបង្ខំ។
លោកបានបញ្ជាក់ទៀតថា អ្នកចុះឈ្មោះបោះឆ្នោតអាយុ១៨ឆ្នាំឡើង ៤៦១,២៣៤ នាក់ ប្រជាពលរដ្ឋទៅបោះឆ្នោតមានចំនួន ២៩៩,៥៥៥ នាក់ ស្មើនឹង៨៦,៤៨% មាន៨១ឃុំ សង្កាត់ មានការិយាល័យបោះឆ្នោតចំនួន ១០៥៣ ការិយាល័យគណបក្សដែលបានឈរឈ្មោះបោះឆ្នោតមាន៩ គណបក្ស ជាលទ្ធផលអ្នកបោះឆ្នោតគាំទ្រគណបក្សនយោបាយ ក្នុងនោះមាន៖
១៖ គណបក្សសង្គ្រោះជាតិ ទទួលបានសម្លេងគាំទ្រ ១៣៣,២០១ សម្លេង ស្មើនឹង៤៥,៤៦ % ទទួលបាន ២៨៥អសនៈ
២៖ គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងគាំទ្រ១៣០,០៧៥សម្លេង ស្មើនឹង៤០,៤០%ទទួលបាន ២៧៣អសនៈ
៣៖ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសម្លេងគាំទ្រ ១៧,៩០៩ សម្លេង ស្មើនឹង២៦,៥៩ % ទទួលបាន ១៥ អសនៈ
៤៖ គណបក្សខ្មែររួបរួមជាតិ ទទួលបានសម្លេងគាំទ្រ ៦,៣២៣ សម្លេង ស្មើនឹង ២,១៥ % ទទួលបាន ២ អសនៈ
៥៖ គណបក្សប្រជាធិតេយ្យមូលដ្ឋាន ទទួលបានសម្លេងគាំទ្រ ១,១២៩ សម្លេង ស្មើនឹង០,៣៨ % ទទួលបាន ២អសនៈ
៦៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានសម្លេងគាំទ្រ៣,៥៤៣សម្លេង ស្មើនឹង១,២៨% ទទួលបាន ០អសនៈ
៧៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបានសម្លេងគាំទ្រ៧២១សម្លេង ស្មើនឹង០,២៤%ទទួលបាន ០អសនៈ
៨៖ គណបក្សសញ្ជាតិកម្ពុជា ទទួលបានសម្លេងគាំទ្រ ៣៧ សម្លេង ស្មើនឹង ០,០១% ទទួលបាន ០ អសនៈ
៩៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ទទួលបានសម្លេងគាំទ្រ២៥សម្លេង ស្មើនឹង០,០០៨ % ទទួលបាន ០អសនៈ
លោក គង់ វិមាន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ បុគ្គលិក និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃគណៈកម្មការរៀបចំការ បោះឆ្នោតខេត្ត រដ្ឋបាលក្រុងស្រុក កងម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំប្រឹងប្រែង ក្នុងការធានាថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ បង្កលក្ខណៈងាយស្រួល ក្នុងការបំពេញការងារ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤នេះ ប្រព្រឹត្តិទៅដោយរលូន។
លោកក៏បានថ្លែងអំណរគុណដល់តំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដទៃទៀត ដែលបានរួមគ្នាអនុវត្ត និងប្រតិបត្តិតាមច្បាប់ បទបញ្ជានីតិវិធិក្រមសីលធម៌ បានល្អប្រសើរ បើទោះបីជាមានបញ្ហា និងភាពមិនប្រក្រតីបន្តិចបន្តូចក៏ដោយ ប៉ុន្តែជាទូទៅ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ក្នុងមូលដ្ឋានខេត្ត ត្រូវបានវាយតម្លៃខ្ពស់ និងចាត់ទុកថា បានប្រព្រឹត្តិទៅដោយជោគជ័យ និងជាត្រីវិស័យចង្អុលទិសសម្រាប់យកទៅអនុវត្ត និងបន្តកែលម្អ ក្នុងការបោះឆ្នោតជ្រើសរើស តាំងតំណាងរាស្ត្រក្នុងឆ្នាំ២០១៨ខាងមុខនេះ។
លោកអភិបាលរងខេត្ត ក៏បានសំណូមពរ ដល់គ្រប់គណបក្សនយោបាយ ទាំងអស់ដែលបានជាប់ឆ្នោតក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ ពេលខាងនេះនឹង ត្រូវប្រកាសចូលកាន់តំណែង
ធ្វើយ៉ាងណាត្រូវខិតខំបំរើប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍៕