(ក្រចេះ)៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ឃាត់រថយន្ដសាំងយ៉ុងដឹកឈើ១គ្រឿង ដែលបម្រុងលោតឆ័ត្រទៅប្រទេសវៀតណាម ប្រគល់ឲ្យសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ នៅផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ។
មន្ដ្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះ បានឲ្យដឹងថា រថយន្ដនេះដឹកឈើខាងលើនេះ គឺចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះ ឆ្ពោះទៅប្រទេសវៀតណាម ប៉ុន្តែមិនបានសម្រេចក្រោយកម្លាំងជំនាញទទួលបានព័ត៌ ក៏សុំគោលការណ៍ថ្នាក់លើ ចេញប្រតិបត្តិការបង្ក្រាបតែម្ដង ហើយប្រគល់ជូនជំនាញ់រដ្ឋបាលព្រៃឈើសង្កាត់ថ្មក្រែ។ ប៉ុន្ដែជំនាញចាប់បានតែរថយន្ដតែប៉ុណ្ណោះ ដោយឡែកម្ចាស់រថយន្ដបានរត់គេចខ្លួនបាត់ស្រមោល។
លោក ម៉ី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ បញ្ជាក់ថា រថយន្ដដែលនគរបាលសេដ្ឋកិច្ចចាប់បាន ហើយប្រគល់ជូនលោកនោះ មានផ្ទុកឈើសុក្រំ និងឈើគរគី ជាប្រភេទឈើលេខ១ មានចំនួន២៧ដុំ ស្មើជិត២ម៉ែត្រគូប ហើយបានទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនខ្សា ដើម្បីកសាងសុំរឿងតាមនីតិវិធីរបស់រដ្ឋបាលព្រៃឈើ៕