(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ បានចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទរក្សាទុកអាវុធខុសច្បាប់ ចំនួន៣ដើម រួមមាន៖ CK១ដើម និងAK47ស្វាយបត់២ដើម គ្រាប់មួយចំនួន ព្រមទាំងដកហូតថ្នាំញៀនចំនួន១៥គ្រាប់ ស្ថិតនៅភូមិអូរកាច់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តឧត្តរមានជ័យ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលនេះថា កម្លាំងនគរបាលខេត្ត បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីជួយដូរគ្រឿងញៀនខុសច្បាប់។ ស្រាប់តែពេលស្រាវជ្រាវបន្ត សមត្ថកិច្ចបានឆែកឆេររកឃើញកាំភ្លើងចំនួន៣ដើម ដែលជនសង្ស័យបានលាក់ទុករួមមាន៖ CK១ដើម AK47 ស្វាយបត់២ដើម ព្រមទាំងគ្រាប់មួយចំនួនផងដែរ។
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងនគរបាលខេត្តទទួលផែនព្រហ្មទណ្ឌ បានថ្លែងថា ជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះ ស៊ុន យ៉ុង អាយុ៥៤ឆ្នាំ រស់នៅភូមិអូរកាច់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តឧត្តរមានជ័យ ដោយបានរក្សាអាវុធទុកដោយខុសច្បាប់ចំនួន៣ដើម និងដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន WY ចំនួន១៥គ្រាប់។
បច្ចុប្បន្ននេះកម្លាំងសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង រួមទាំងវត្ថុតាងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕