Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថខេត្តកំពត ចុះបង្ក្រាបរថយន្តដឹកគ្រឿងសមុទ្រស្រស់ ដែលចាក់សារធាតុគីមីចូល នាំចេញពីវៀតណាមតាមច្រកទ្វារ អន្តរជាតិព្រែកចាក ក្នុងស្រុកកំពង់ត្រាច

22-06-2017 15:01

(កំពត)៖ ​លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត នៅពាក់កណ្តាលអាធ្រាត្រយប់មិញ បានដឹកនាំ កម្លាំងអាវុធហត្ថ និងមន្ត្រីជំនាញក្រោមឱវាទ ចុះទៅបង្ក្រាបរថយន្តមួយគ្រឿង ដឹកគ្រឿងសមុទ្រស្រស់ ដែលមានផ្ទុកសារធាតុគីមី ហើយនាំចូលពីពីប្រទេសវៀតណាម នៅចំណុចមុខស្នាក់ការអាវុធហត្ថព្រែកចាក ក្បែរច្រកទ្វាអន្តរជាតិព្រែកចាក ស្ថិតក្នុងភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

លោកវរសរនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង និងជាប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពត បានឲ្យដឹងថា ដោយទទួល បានព័ត៌មាន ចរាចរលក់គ្រឿងសមុទ្រ នៅចំណុចខាងលើ កម្លាំងអាវុធហត្ថខេត្ត ដែលដឹកនាំបញ្ជាផ្ទាល់ពីលោកមេបញ្ជាការបានចុះ ប្រតិបត្តិការ បង្ក្រាបរថយន្តដឹកផលិតផលសមុទ្រស្រស់ ក្លាស្សេគ្មានលិខិតអនុញ្ញាត ហើយមានផ្ទុកសារធាតុគីមីពីប្រទេសវៀតណាម ចូលមកលក់នៅក្នុងទីផ្សារនានា ក្នុងប្រទេសកម្ពុជា។

លោកវរសរនីយ៍ទោ ហែម ចាន់ដារ៉ា បានបន្តថា ករណីបង្ក្រាបការនាំចូលគ្រឿងសមុទ្រគ្មានច្បាប់ និងផ្ទុកសារធាតុគីមី កម្លាំងបាន សហការ ជាមួយកម្លាំងជំនាញជលផល និងមន្ត្រីកាំកុងត្រូល ច្រកទ្វាអន្តរជាតិព្រែកចាកង ដោយមានការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត ខៃ សម្ផស្ស ហើយជាលទ្ធផល នៃកិច្ចសហការបង្ក្រាបខាងលើនេះ គឺខាងកម្លាំងលោក ឈានទៅឃាត់ខ្លួនអ្នកបើកបររថយន្តម្នាក់ ឈ្មោះ មាស សិទ្ធ អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិក្នុងភូមិ ឃុំ កន្លែងបង្ក្រាបខាងលើ។

វត្ថុតាងសម្រាប់ធ្វើសកម្មភាពរួមមាន៖ រថយន្តដឹកគ្រឿងសមុទ្រ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-6702 ដឹកនាំគ្រឿងសមុទ្រ ផ្ទុកសារធាតុគីមី។ គ្រឿងសមុទ្រទាំងនោះរួមមាន៖ បង្គាទំងន់៤២០គីឡូក្រាម មឹកចំនួន៣៦០គីឡូ​ក្រាម ក្តាមសេះចំនួន៨០គីឡូក្រាម និងក្តាមថ្មចំនួន​២០គីឡូក្រាម ហើយក្នុងចំណោមគ្រឿងសមុទ្រទាំង៤ប្រភេទ គឺមានតែបង្គាចំនួន៤២០គីឡូក្រាមប៉ុណ្ណោះ ដែលមានចាក់ បញ្ចូលសារធាតុគីមីប្រភេទ CMC។

លោក ហែម ចាន់ដារ៉ា បានបញ្ជាក់ថា សារធាតុ CMC នេះឈ្មួញបានចាក់បញ្ចូលក្នុងក្បាលបង្គាសម្រាប់តម្លើងទំងន់ប៉ុន្តែវាក៏អាច ប៉ះពាល់ ដល់សុខភាពអ្នកបរិភោគធ្ងន់ធ្ងរផងដែរ ដូចជាធ្វើឲ្យឈឺក្បាល វិលមុខ ឬចុកពោះជាដើមក្រោយពីធ្វើការត្រួតពិនិត្យរួចរាល់ បង្គាដែលផ្ទុកសារធាតុគីមី CMC ទំងន់៤២០គីឡូនេះ ត្រូវជំនាញមន្ត្រីកាំកុងត្រូល ក្នុងតំបន់រៀបចំយកទៅដុតបំផ្លាញចោល នៅព្រឹកថ្ងៃដដែលនេះ៕