(ភ្នំពេញ)៖ អង្គការវិទ្យាស្ថានសន្ទនាមេគង្គ សហការជាមួយក្រសួងធម្មការ និងសាសនា បានរៀបចំកម្មវិធីពិសាអាហារសាមគ្គី (ស្រាយបួស) ជាលើកទី២ នៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារ Le Grand Palais Boutique Hotel។
ក្នុងនោះមានការចូលរួម លោក សុះ មុស៊ីន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដែលជាតំណាងទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រមទាំងភ្ញៀវចូលរួមមកពីសាសនាផ្សេងៗ ប្រមាណ១០០នាក់។
លោក សុះ មុស៊ីន បានលើកឡើងថា ពិធីជួបជុំពិសារអាហារមិត្តភាព នាពេលនេះគឺជាឱកាសមួយដ៏វិសេស សម្រាប់អ្នកដែលមានគោលជំនឿ និងវប្បធម៍ផ្សេងៗគ្នា តែអាចមកអង្គុយតុជាមួយគ្នា ជជែកពិភាក្សាគ្នា ដើម្បីរិះរកវិធានការធ្វើយ៉ាងណាឲ្យវិស័យសាសនា នៅកម្ពុជា មានសុខដុមនីកម្ម និងការអភិវឌ្ឍ។
ជាមួយគ្នានោះ លោក ហាកាន់ អាតាសឺវ័រ នាយកប្រត្តិបត្តិវិទ្យាស្ថានសន្ទនាមេគង្គ (MDI) បានថ្លែងថា លោកជឿជាក់ថា សាសនាដែលល្អប្រសើរ ជាសាសនាគោល ទូទៅមានគុណតម្លៃស្រដៀងគ្នា លើការស្រឡាញ់ ការគោរព អ្វីដែលខុសត្រូវ ព្រមទាំងសមធម៌ និងយុត្តិធម៌ ដូច្នេះអន្តសាសនាមានសារៈសំខាន់ណាស់ ជាស្ពានចម្លងឲ្យមនុស្សដែលមានសាសនាខុសៗគ្នា យល់ដឹងពីគ្នាកាន់តែខ្លាំង។
សូមជម្រាបថា គោលបំណងក្នុងការរៀបចំកម្មវិធីពិសារអាហាមិត្តភាពនេះ គឺដើម្បីអបអរសាទរ របស់សាសនិកឥស្លាមកម្ពុជា ផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកដែលមានគោលជំនឿ និងវប្បធម៌ផ្សេងពីគ្នា និងរឹតបន្តឹងកិច្ចសហប្រតិបត្តិការ ឲ្យបានកាន់តែប្រសើរជាងមុន រវាងអង្គការវិទ្យាស្ថានសន្ទនាមេគង្គ និងក្រសួងធម្មការ និងសាសនា។ កម្មវិធីនេះដែរ ក៏បានផ្ដល់ឱកាសឲ្យអ្នកចូលរួមទាំងអស់ មកអង្គុយពិសារអាហាររួមតុគ្នា និងជជែកពិភាក្សា ដោយជំរុញឲ្យមានសេចក្តីស្រលាញ់ និងសាមគ្គីភាពគ្នា ដែលជាកត្តាក្នុងការបំបែករនាំង នៃការមិនចេះអត់ឱនគ្នាទៅវិញទៅមក៕