(បាត់ដំបង)៖ បន្ទាប់ពីកម្លាំងនគរបាលខេត្តបាត់ដំបង បានចាប់ផ្សឹកព្រះសង្ឃមួយអង្គ ដែលពាក់ព័ន្ធនឹងការកាន់កាប់អាវុធខុសច្បាប់នោះ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ ត្រូវបានលោក លី សុខា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តចេញដីកាឃុំខ្លួនដាក់ពន្ធនាគារហើយ។ នេះបើយោងតាមមន្រ្តីតុលាការ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News នៅមុននេះបន្តិច។
សម្រាប់អតីតព្រះសង្ឃអង្គរូបនេះត្រូវបានលោក កឺ បុណ្ណារ៉ា សម្រេចចោទប្រកាន់ចំនួន២បទល្មើសគឺ កាន់កាប់ និងដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត និងបទញុះញង់ឲ្យប្រពឹ្រត្តបទឧក្រិដ្ឋជាអាទិ៍។
យោងតាមក្រមព្រហ្មទណ្ឌ ចំពោះបទល្មើសកាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ស្របតាមមាត្រា៤៩០ ដែលអាចនឹងត្រូវផ្តន្ទោទោសដាក់ពន្ធនាគារពី០៦ខែ ទៅ៣ឆ្នាំ, ដោយឡែក បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៥ អាចនឹងត្រូវផ្តន្ទោទោសពី០៦ខែ ទៅ០២ឆ្នាំ ហើយបទល្មើសទាំងនេះ ក៏ត្រូវពិន័យជាប្រាក់ផងដែរ។
សូមជម្រាបថា កម្លាំងនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ បានចុះចាប់ខ្លួន និងផ្សឹកព្រះសង្ឃ១អង្គ តាមដីការបស់តុលាការបញ្ជាឲ្យចូលខ្លួនលេខ លេខ៩៥៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ចេញដោយលោក កឺ ប៊ុណ្ណរ៉ា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត ពីបទធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាជាតិ និងកាន់កាប់រក្សាទុកអាវុធខុសច្បាប់ ក្នុងវត្តដំរីស សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
មន្ដ្រីនគរបាលបានបញ្ជាក់ថា ព្រះសង្ឃដែលបានឃាត់ខ្លួនតាមដីកាតុលាការនេះមានព្រះនាម ហន សុផាន្នី អាយុ២៤ឆ្នាំ គង់នៅកុដិលេខ១២ ស្ថិតក្នុងសង្កាត់ក្រុងខាងលើ៕