(ភ្នំពេញ)៖ វិនិយោគិនខ្មែរពីររូបបានសហការគ្នា ចំណាយទុនជិត៣០ម៉ឺនដុល្លារ បើកហាងកាហ្វេ «Amazon» នៅសាខាបឹងកក់ ហើយនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ បានសម្ពោធដាក់ដំណើរក្នុងការលក់ជាផ្លូវការ ដោយមានអតិថិជនគាំទ្រយ៉ាងច្រើន ក្នុងថ្ងៃបើកសម្ពោធហាងថ្មីមួយនេះ។ ទាំងអស់នេះអាចបង្ហាញពីការរីកចម្រើន នៃសេដ្ឋកិច្ច ក៏ដូចជាទីផ្សារនៅកម្ពុជាទាំងមូលផងដែរ។
ពិធីសម្ពោធហាងកាហ្វេ «Amazon» ថ្មី សាខាបឹងកក់នេះមានការចូលរួមពី លោក សុធន ឈូធៀង អគ្គនាយក PTT Cambodia co Ltd, លោក ទេព អូន និងលោក កែវ ចំរ៉ុង ដែលអ្នកទាំងពីរជាវិនិយោគិនដៃគូសហការក្នុងការបង្កើតហាងមួយនេះឡើង រួមនឹងដៃគូពាណិជ្ជកម្មមួយចំនួន ក៏ដូចជាសាច់ញាតិបងប្អូនរបស់អ្នកទាំងពីរ ហើយពិធីនេះសម្ពោធឡើងស្ថិតនៅ កណ្តាលភ្នំពេញស៊ីធីសេនធឺ តាមបណ្តោយផ្លូវហាយវ៉េ បឹងកក់ នៅជាប់នឹងតារាបាល់ទាត់បឹងកក់ផ្ទាល់តែម្តង។
ក្នុងឱកាសពិធីសម្ពោធហាង «Amazon»ថ្មី លោក ទេព អូន វិនិយោគិនកម្ពុជា បានបញ្ជាក់ថា «សម្រាប់ការបង្កើតហាងថ្មីមួយនេះ មានការចូលរួមពីលោក កែវ ចំរ៉ុង និងរូបខ្ញុំផ្ទាល់ ហើយពួកយើងបានចំណាយទុន២៦ម៉ឺនដុល្លារ ក្នុងការបង្កើតហាងកាហ្វេ Amazon នេះឡើង បូករួមទាំងគ្រឿងបរិក្ខារតុបតែង ទាំងការចំណាយផ្សេងៗទាំងអស់ ក៏ដូចជាការទិញ Franchise ពីប្រទេសថៃ ផងដែរ»។
លោកបន្ថែមថា សម្រាប់ការបើកហាងថ្មីមួយនេះ ក៏ដោយសារតែមើលឃើញនៃសក្តានុពលនៅកម្ពុជា ហើយមួយវិញទៀតវាជាចំណុចកណ្តាលនៃរាជធានីភ្នំពេញ បើចំពោះទីតាំងនៅទីនេះ នៅថ្ងៃអនាគតអាចនឹងកា្លយ ទៅជាកន្លែងទំនើបនិងទាន់សម័យសម្រាប់ប្រជាជនក្នុងការប្រកបមុខជំនួញ និងជាទឹកដីសេដ្ឋកិច្ចដ៏ល្អមួយ នៅទីក្រុងភ្នំពេញ។
លោក សុធន ឈូធៀង លើកឡើងផងដែរថា «នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយបានបោះទុនជិត៣០ម៉ឺនដុល្លារ ក្នុងការវិយោគលើហាងកាហ្វេមួយនេះ។ ខ្ញុំសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា កាហ្វេ Amazon សាខាបឹងកក់នឹងទទួលបានការគាំទ្រ យ៉ាងពេញទំហឹងពីសំណាក់អតិថិជន ពីព្រោះទាំងតម្លៃ គុណភាព និងសេវាកម្ម របស់ហាងកាហ្វេ អាម៉ាហ្សូន មួយនេះត្រូវបានទទួលស្គាល់ ទាំងក្នុងនិងក្រៅប្រទេស»។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៧នេះ អតិថិជនទាំងអស់ដែល មកទិញ កាហ្វេ «Amazon» សាខាបឹងកក់នេះ នឹងទទួលបានការបញ្ចុះតម្លៃដល់ទៅ២០ភាគរយ ផងដែរ៕