(ព្រះវិហារ)៖ បងប្អូនអាជីវករលក់ដូរជាច្រើន នៅក្នុងផ្សារកំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ ចំពោះការសាងសង់តូបបិទផ្លូវ ចេញចូលរបស់អាជីវករម្នាក់ ដែលមានមុខរបរជាមេឆ្នោតដ៏ធំ ប្រចាំខេត្តព្រះវិហារ។
បើទោះជាការសាងសង់តូបនេះ ត្រូវបានរារាំងជាច្រើនឆ្នាំ ដោយសារប៉ះពាល់លើផ្លូវក៏ដោយ រហូតមកដល់ពេលនេះ ដំណើរការសាងសង់បានប្រហែល៨០ភាគរយទៅហើយ។
អាជីវករផ្សារកំពង់ប្រណាក បានឲ្យដឹងថា ជាង៣ឆ្នាំហើយ ដែលតូបនេះពុំត្រូវបានអនុញាតិឲ្យសាងសង់ ដោយមូលហេតុប៉ះពាល់លើផ្លូវ ហើយមុនពេលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានចុះមកពិនិត្យមើលជាក់ស្តែង និងមិនអនុញ្ញាតឲ្យសាងសង់បិទផ្លូវដែរ ដោយបញ្ជាក់ថា ចង់សាងសង់បានលុះត្រាតែធ្វើតាមប្លង់គោល។ ប៉ុន្តែក្រោយបោះឆ្នោតរួច ស្រាប់តែអាជីវករម្ចាស់តូបនេះ បានសាងសង់តូបបិទផ្លូវ ដោយមិនមានការរារាំងពីគណៈកម្មការផ្សារ ឬអាជ្ញាធរក្រុងព្រះវិហារ ទោះបីក្រុមអាជីវករជាច្រើន បានរាយការណ៍ប្រាប់ជាច្រើនដងក៏ដោយ នៅតែធ្វើមិនដឹង រហូតម្ចាស់តូបនេះ សាងសង់បាន៨០ភាគរយ ទើបនាំគ្នាចុះមកពិនិត្យ។
ទាក់ទងការចោទប្រកាន់របស់បងប្អូនអាជីវករជាច្រើននេះ លោក លឹម ទៀវលី ដែលជាម្ចាស់តូបបានបកស្រាយថា គាត់មិនបានសាងសង់តូបបិទផ្លូវក្នុងផ្សារនោះទេ គាត់ធ្វើតែតាមទំហំតូបរបស់គាត់ ដែលបានទិញប៉ុណ្ណោះ។
ម្ចាស់តូបរូបនេះ បន្ថែមថា តូបនេះកាលពីគាត់ទិញដំបូង ជាតូបឈើមានទំហំ៤ម៉ែត្រ គុណ៨ម៉ែត្រ ដោយសារគ្មានថវិកាសម្រាប់រុះរើធ្វើថ្មី ទើបគាត់ទុកតូបនេះរហូតមកដល់សព្វថ្ងៃ ប៉ុន្តែពេលនេះគាត់បានខ្ចីប្រាក់ពីធានាគារ យកមកសាងសង់តូបនេះឡើងវិញ ក៏ត្រូវបានអាជីវករធ្វើការជំទាស់ថាសាងសង់បិទផ្លូវទៅវិញ។
ដោយឡែក លោក ប៉ុក ងួន ប្រធានផ្សារកំពង់ប្រណាក បានលើកឡើងថា ការសាងសង់របស់ម្ចាស់តូបនេះ គឺគាត់សាងសង់ទៅតាមទំហំតូប ដែលគាត់សាងសង់ប៉ុណ្ណោះ ត្រង់ថាបិទផ្លូវឬយ៉ាងណានោះ លោកមិនទាន់ដឹងនោះទេ ព្រោះប្លង់គោលរបស់ផ្សារ លោកមិនដែលបានឃើញ ដោយលោកទើបតែមកកាន់ក្រោយគេ។
តែទោះជាយ៉ាងណាក៏ដោយ ការសាសងសង់នេះ ត្រូវបានលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បញ្ជាឲ្យផ្អាកហើយនៅថ្ងៃនេះ ដោយត្រូវរង់ចាំការពិនិត្យដោះស្រាយសិន៕