(សៀមរាប)៖ សហគមន៍សន្សំប្រាក់ស្រុកអង្គរជុំ ស្រុកពួក និងស្រុកវ៉ារិន ដែលមានចំនួន៧០ក្រុម និងមានសមាជិកសរុប១,១១៩នាក់ ក្នុងនោះមានស្រ្តីចូលរួម៨៩១នាក់ គឺជាគម្រោងសន្សំប្រាក់ ដើម្បីផ្លាស់ប្ដូរ គឺជាគម្រោងដែលបានបង្កើតឡើងសម្រាប់ស្រ្ដីនិងយុវជន ចូលរួមក្រុមសន្សំប្រាក់ ដើម្បីបង្កើតឱកាសសេដ្ឋកិច្ចរបស់ខ្លួន ដែលទទួលបានការគាំទ្រថវិកា ពីមូលនិធិ Red Nose Fund/Comic Relief Inc. និង ធនធានផ្ទាល់របស់អង្គការអុកស្វាម (Oxfam) បានត្រូវរៀបចំឲ្យមានសិក្ខាសាលាឆ្លុះបញ្ចាំង និងផ្ទេរ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាគរុកោសល្យ និងវិក្រិតិការ ខេត្តសៀមរាប ក្នុងអធិបតីភាពរបស់ លោក ពិន ប្រាកដ អភិបាលរង ខេត្តសៀមរាប និងមានសិក្ខាកាម រួមនិងដៃគូរអភិវឌ្ឍន៍ប្រមាណ៧៥រូប។
លោក សេង ឈុនឡេង ប្រធានគម្រោង បញ្ចូលមីក្រូសារជាតិ ក្នុងចំណីអាហារ និងគម្រោងសន្សំប្រាក់ដើម្បីផ្លាស់ប្ដូរ តំណាងលោកស្រី ចាន់ ធារី នាយិកាប្រតិបត្តិ អង្គការសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្ដពូជ (RACHA) បានមានប្រសាសន៍ នៅក្នុងកម្មវិធី សិក្ខាសាលានេះថា សហគមន៍សន្សំប្រាក់ស្រុកអង្គរជុំ ស្រុកពួក និងស្រុកវ៉ារិន ដែលជាគម្រោងសន្សំប្រាក់ ដើម្បីផ្លាស់ប្ដូរគឺជាគម្រោង ដែលបានបង្កើតឡើងសម្រាប់ស្រ្ដី និងយុវជនចូលរួមក្រុមសន្សំប្រាក់ បង្កើតឱកាសសេដ្ឋកិច្ចរបស់ខ្លួន ដែលទទួលបានការគាំទ្រថវិកា ពីមូលនិធិ Red Nose Fund/Comic Relief Inc. និង ធនធានផ្ទាល់របស់អង្គការអុកស្វាម (Oxfam) គម្រោងនេះ មានរយៈពេល២១ខែ ដោយចាប់ផ្ដើមពីដើមខែវិច្ឆិកា ឆ្នាំ២០១៥។
លោក សេង ឈុនឡេង បានបន្ដថា គោលបំណងសិក្ខាសាលានេះ គឺដើម្បីផ្ដល់ព័ត៌មានដល់សហគមន៍ នៃក្រុមសន្សំប្រាក់អាជ្ញាធរ ថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ខេត្ត និងដៃគូរអភិវឌ្ឍន៍ផ្សេងៗ ព្រមទាំងគ្រឹះស្ថានឯកជននានា នៃការចាកចេញរបស់គម្រោង។ និងដើម្បីឆ្លុះបញ្ចាំងនូវលទ្ធផល សង្ខេបអំពីសកម្មភាពការងារ បទពិសោធន៍ និងភាពប្រឈមនៃគម្រោងសន្សំប្រាក់ដើម្បីផ្លាស់ប្ដូរ រយៈពេល២ឆ្នាំកន្លងមកនេះ។ ហើយដើម្បីបន្ដស្វែងរកការគាំទ្រពីដៃគូរពាក់ព័ន្ធសំខាន់ៗ និងពង្រីកលើកកម្ពស់ការចូលរួមឆ្លើយតប សកម្មភាពគម្រោងសន្សំបា្រក់ ដើម្បីផ្លាស់ប្ដូរ និងការគាំទ្រសម្លេងស្រ្ដីនៅមូលដ្ឋានត្រូវបានស្ថាបនា តាមរយៈការកសាងសមត្ថភាព ជាអ្នកដឹកនាំសកម្មភាពនយោបាយ ក្នុងសហគមន៍ ឬ ជាសាធារណៈ។ និងសម្រាប់បន្ដការគាំទ្រសកម្មភាពការបង្កើតឱកាសសេដ្ឋកិច្ច របស់ស្ដ្រី និងយុវជនក្នុងស្រុកគោលដៅឲ្យមានប្រសិទ្ធិភាព និងនិរន្តរភាព។
លោក ពិន ប្រាកដ បានថ្លែងការគាំទ្រ និងកោតសរសើរចំពោះអង្គការ រ៉ាឆា និងម្ចាស់មូលនិធិ Red Nose Fund/Comic Relief Inc. និង អង្គការអុកស្វាម (Oxfam) ដែលបានរួមចំណែកជាមួយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍ លើកម្ពស់យេនឌ័រ វិស័យសេដ្ឋកិច្ច វិស័យសុខាភិបាល និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ តាមរយៈការបង្កើតឲ្យមាន គម្រោងនេះឡើង ក្នុងគោលបំណង ផ្ដល់នូវចំណេះដឹងជំនាញ និងដើមទុន សម្រាប់ស្រ្ដី និងយុវជន ចូលរួមក្រុមសន្សំប្រាក់។
ហើយលោក សង្ឃឹមនិងជឿជាក់ថា គម្រោងនេះពិតជាបានបង្កើតឱកាសសេដ្ឋកិច្ច លើកស្ទួយជីវភាពផ្ទាល់ខ្លួន គ្រួសារនិងសហគមន៍ របស់ពួកគាត់ ។ លោកក៏បានស្នើរសុំឲ្យអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក រួមនឹងមន្ទីរដែលពាក់ព័ន្ធដូចជា មន្ទីរសុខាភិបាល មន្ទីរកិច្ចការនារី និងស្ថាប័ន អង្គភាព ដៃគូរអភិវឌ្ឍន៍ ត្រូវរួមគ្នាបន្តគាំទ្រ និងជំរុញលើកកម្ពស់ក្រុមសន្សំប្រាក់ នៅតាមសហគមន៍ ប្រកបដោយប្រសិទ្ធិភាព និងនិរន្តរភាព៕