(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រជែង ពាន់រង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០១៧ (Cambodia ICT Awards 2017) នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ មានបេក្ខជនចំនួន២៦រូប បានចូលរួមប្រកួតប្រជែងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីមានការប្រកួតប្រជែង ជុំទី១យ៉ាងស្វិស្វាញអស់រយៈពេលជាយូររួចមកហើយនោះ។
ការប្រកួតប្រជែង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពាន់រង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០១៧ (Cambodia ICT Awards 2017) ធ្វើឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ ដែលមានបេក្ខជនចំនួន២៦រូបបានចូលរួមប្រកួតប្រជែង ដោយតម្រូវ ឲ្យធ្វើបទបង្ហាញជាភាសាអង់គ្លេស ពាក់ព័ន្ធនឹងផលិផលរបស់ខ្លួន ក្នុងរយៈពេល១៥នាទី នៅមុខគណៈកម្មាធិការ។
តំណាងរៀបចំការប្រកួតប្រជែង Cambodia ICT Awards 2017 បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថាកម្មវិធីការប្រកួតប្រជែងប្រចាំឆ្នាំនេះ ត្រូវបានធ្វើឡើងដើម្បីរកសមិទ្ធផល ICT ដ៏ល្អបំផុតដែលជា របស់សហគ្រិននៅកម្ពុជា, សំដៅទៅកាន់ភាពជោគជ័យ នៃការបង្កើតថ្មី និងគំនិតច្នៃប្រឌិត ក៏ដូចជាផ្តល់ឱកាសអាជីវកម្ម និងប្រភពថវិកាសម្រាប់គម្រោងថ្មីៗផងដែរ។
លើសពីនេះកម្មវិធី ICT Awards ក៏នឹងជួយជំរុញឲ្យក្រុមហ៊ុនក្នុងប្រទេសកម្ពុជា ឈានឡើងមួយកម្រិតទៀត តាមរយៈការចូលរួមប្រកួតប្រជែង លើផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។ កម្មវិធីនេះក៏ធ្វើឡើងស្របតាមផែនការមេ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ២០១២០ «លើកកម្ពស់នវានុវត្តន៍ក្នុងសហគ្រាស ICT នៅកម្ពុជា»។
ពាន់រង្វាន់ Cambodia ICT Awards ឆ្នាំនេះ អ្នកដែលទទួលបានជយលាភីលេខ១ ទទួលបានថវិកាចំនួន១ម៉ឺនដុល្លារ (ឆ្នាំមុន៥ពាន់ដុល្លារ) ជយលាភីលេខ២ ទទួលបាន៣ពាន់ដុល្លារ និងលេខ៣ ទទួលបានទឹកប្រាក់១ពាន់ដុល្លារ។
ម្ចាស់ជយលាភីនៃការប្រកួតប្រជែង កម្មវិធី Cambodia ICT Awards នឹងត្រូវទៅចូលរួមប្រកួតប្រជែង ម្ចាស់ជយលាភី ICT Awards មកពីបណ្តាលប្រទេសក្នុងតំបន់អាស៊ាន ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះផងដែរ៕