(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅជាប់របងសាលាបឋមសិក្សា ហ៊ុន នាង បឹងត្របែកខាងត្បូង តាមផ្លូវ៥១២ កែងផ្លូវ៤៣០ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា នៅយប់មិញ មានចោរលួចចូលទៅគាស់ផ្ទះយកទ្រព្យសម្បត្តិរបស់ពួកគាត់អស់រលីង ដែលមានតម្លៃខ្ទង់ពាន់ដុល្លារ រួចគេចខ្លួនដោយសុវត្ថិភាព។
ជុំវិញបញ្ហាអសន្តិសុខខាងលើនេះ ប្រជាពលរដ្ឋរងគ្រោះសុំអំពាវនាវឲ្យសមត្ថកិច្ចទាំងនគរបាល អាវុធហត្ថ និងអាជ្ញាធរពាក់ព័ន្ធ ជួយអន្តរាគមន៍ផង ហើយតាមស្រាវជ្រាវ បង្ក្រាបក្រុមចោរទាំងនោះ ឲ្យខាងតែបាន បើមិនចឹងទេ ការរស់នៅ និងការចាក់សោផ្ទះទុកចោល គឺអារម្មណ៍ស្ថិតនៅក្នុងភាពភ័យខ្លាចជាក់ជាមិនខានឡើយ។
នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ក្រុមចោរបានចូលទៅគាស់ផ្ទះប្រជាពលរដ្ឋ នៅចំណុចកើតហេតុខាងលើ ហើយមានបន្ទប់ជួលចំនួន០៦បន្ទប់ហើយ ដែលត្រូវបានក្រុមចោរគាស់យកសម្ភាររួមមាន៖ ឧបករប្រើប្រាស់សម្រាប់គ្រឿងភ្លេង តន្ត្រី លុយកាក់ ប្រាក់កាស របស់មានតម្លៃ និងរបស់ផ្សេងៗទៀត ខ្ទង់ពាន់ដុល្លារ ខណៈម្ចាស់ផ្ទះរងគ្រោះចាក់សោចោល។
ប្រជាពលរដ្ឋបានអះអាងថា ជារៀងរាល់យប់ មានក្រុមមន្ត្រីប៉ូលិសចុះល្បាតដែរ តែសកម្មភាពគាស់ផ្ទះនៅតែមានមិនដឹងមកពីមូលហេតុអ្វីនោះឡើយ។ លើសពីនេះ មន្ត្រីប៉ូលិសប៉ុស្ដិ៍ផ្សារដើមថ្កូវ ដែលចុះល្បាតដល់កន្លែងកើតហេតុ ក្នុងមូលដ្ឋាន បានធ្វើការប្រលូយពាក្យសំដីថា ផ្ដុំនេះក្រុមចោរគាស់ផ្ទះឬ បន្ទប់សឹងរាល់ថ្ងៃ ដោយសារម្ចាស់ចាក់សោទុកផ្ទះចោល។
ស្ថានភាពបែបនេះ ហាក់ធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿទៅលើមន្ត្រីសមត្ថកិច្ចទាំងនេះ ក្នុងការថែរក្សាសន្ដិសុខជូនពួកគាត់។ ប្រជាពលរដ្ឋពិតជាមានការភ័យខ្លាចខ្លាំងណាស់ មិនដឹងថា ត្រូវនិយាយពឹងពាក់ឲ្យខាងណាជួយបាន បើមិនចេញទៅធ្វើការមិនដឹងបានអីចិញ្ចឹមជីវិត។ ដូចច្នេះសូមអង្គភាពសមត្ថកិច្ច ជាពិសេសនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយអន្តរាគមន៍ករណីនេះ ឲ្យមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពផង៕