(ឧត្តរមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សហការជាមួយមន្ត្រីបរិស្ថានស្រុក បានចុះបង្រាប និងដកហូតឈើចម្រុះចំនួន៧១ដុំស្មើ នឹង៥,៦៨ម៉ែត្រគូប និងគោយន្ដកន្រ្តៃមួយគ្រឿងទៀត មានផ្ទុកឈើប្រភេទផ្ចឹក១,២៥ម៉ែត្រគូប សរុប៦,៩៣ម៉ែតគូប នៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចថា គំនរឈើប្រភេទសាក់ក្ររំ ផ្ចឹក រាំង និងឈើស្រឡៅ ដែលត្រូវបានធ្វើការរឹបអូសនេះ ជាទីតាំងប្រមូលនិងធ្វើការលាក់ទុក របស់ក្រុមឈ្មួញ ដែលបានប្រមូលទិញពីប្រជាពលរដ្ឋ នៅក្នុងភូមិរំចេក និងភូមិអូតាមេង ដើម្បីធ្វើការលក់បន្តទៅ ឲ្យមេឈ្មួញធ្វើ សកម្មភាពដឹកជញ្ជូនបន្ដទៅក្រៅស្រុក គឺប្រទេសវៀតណាម។
លោកវរសេនីយ៍ទោ ងួន ធារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែង បានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះថា ក្រោយពី កងកម្លាំងរបស់លោក ធ្វើការបង្ក្រាបរួច ក៏បានប្រគល់វត្ថុតាងទាំងអស់ឲ្យទៅខាងជំនាញបរិស្ថាន ស្រុកអន្លង់វែងដោយយកមក ធ្វើការរក្សា ទុកនៅក្នុងបរិវេណលាសាស្រុកអន្លង់វែង។
លោកវរសេនីយ៍ទោ ងួន ធារិទ្ធ បានបន្តថា យោងទៅតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ កងកម្លាំងដែលពាក់ព័ន្ធទាំងអស់ត្រូវធ្វើយ៉ាងណា ចាត់វិធានការ និងទប់ស្កាត់នូវរាល់សកម្មភាពបទល្មើសព្រៃឈើគ្រប់រូបភាព និងសកម្មទាំងឡាយដែលកំពុងតែកើតមាននៅក្នុងដែន សមត្ថកិច្ចរបស់ខ្លួនឲ្យខានតែបាន។ ចំណែកម្ចាស់ឈើខាងលើនេះ សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវដើម្បីនាំខ្លួនជនល្មើស មកចាត់ការតាមនីតិវិធីច្បាប់៕