(រតនគិរី)៖ កម្លាំងនគរបាលអធិការកិច្ច នៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ និងកម្លាំងនគរបាលអន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្តរតនគិរី សហការជាមួយមន្ទីរការងារខេត្ត និងកម្លាំងអន្តោប្រវេសន៍ស្រុកអូរយ៉ាដាវ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ បានចុះធ្វើអធិការកិច្ច នៅក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំកៅស៊ូ៧៤ ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដើម្បីស្វែករកឯកសារពាក់ព័ន្ធរបស់ក្រុមហ៊ុន ចំពោះការប្រើប្រាស់កម្មករ ជាពិសេសគឺជនជាតិវៀតណាមតែម្តង តើពួកគេមានឯកសារត្រឹមត្រូវសម្រាប់ចូលមកប្រទេសកម្ពុជាដែរឬទេ។
ក្រុមការងារខាងលើនេះដឹកនាំដោយលោកវរសេនីយ៍ឯក ច័ន្ទ សុខា អនុប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ត្រី ជា ប៊ុនធឿន ស្នងការរងខេត្តរតនគិរី ទទួលបន្ទុកអន្តោប្រវេសន៍។
បើតាមលោក ង្វៀន វ៉ាន់ លើយ នាយកស្នាក់ការប្រចាំក្រុមហ៊ុន៧៤ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនទទួលសិទ្ធិដីវិនិយោគដំណាំកៅស៊ូជាង៤០០០ហិចតា តែដាំបានប្រមាណ៨០០ហិចតាប៉ុណ្ណោះ។ លោកបន្តថា ក្រុមហ៊ុនមានពលករវៀតណាមចំនួន១៣នាក់ ប្រចាំការដ្ឋានចំនួន៣នាក់ រីឯពលករខ្មែរនោះមានប្រមាណ៦០ ទៅ៧០នាក់ ប៉ុន្តែប្រើប្រាស់កម្លាំងពលកម្មទៅតាមរដូវ។
លោកឧត្តមសេនីយ៍ត្រី ជា ប៊ុនធឿន ក្នុងនាមក្រុមការងារអធិការកិច្ច បានលើកឡើងថា លោកហាក់មានមន្ទិលសង្ស័យ ទៅនិងរបាយការណ៍របស់តំណាងក្រុមហ៊ុន៧៤ ពីការប្រើប្រាស់ពលករមានចំនួនតិច វាមិនតុល្យភាពនិងទំហំការងារ។
យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ត្រី ជា ប៊ុនធឿន សូមឲ្យតំណាងក្រុមហ៊ុន សម្តែងការស្មោះត្រង់កុំលាក់លៀម ចំនួនពលករបរទេស ហើយនៅពេលក្រោយក្រុមលោកចុះមកធ្វើអធិការកិច្ចបន្តទៀត មិនជូនដំណឹងមុនទេ គឺចុះមកតែម្តងហើយបើរក ឃើញពលករខុសច្បាប់ និងត្រូវទទួលទោសតាមផ្លូវច្បាប់។
បន្ទាប់មកក្រុមការងារអធិការកិច្ច បានចុះមកធ្វើការត្រួតពិនិត្យនៅសណ្ឋាគារ និងកាស៊ីណូមិត្តភាពអូរយ៉ាដាវ តែខាងតំណាងប្រាប់ថា បានផ្អាកដំណើរការជាងមួយឆ្នាំ មកហើយរីឯបុគ្គលិកបរទេស ពុំមានធ្វើការនៅកន្លែងនេះដែរ។
ក្នុងការចុះធ្វើអធិការកិច្ចសណ្ឋាគារ និងកាស៊ីណូនេះដែរលោកឧត្តមសេនីយ៍ត្រី ជា ប៊ុនធឿន បានប្រាប់ទៅតំណាងក្រុមហ៊ុនថា ប្រសិនបើមានបុគ្គលិកបរទេស ចូលបម្រើការងារសូមរាយការណ៍ ទៅក្រុមការងារ តែបើមិនប្រាប់ខាងក្រុមអធិការកិច្ច ចុះមកលើកក្រោយមិនជូនដំណឹងជាមុនទេ តែរកឃើញមានបុគ្គលិកបរទេសនោះ និងត្រូវទទួលទោសតាមច្បាប់។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា បើសិនមានបុគ្គលិកបរទេស សូមរាយការណ៍ដើម្បីបំពេញសំណុំបែបបទ បម្រើការងារស្របតាមច្បាប់៕