(ភ្នំពេញ)៖ លោក ឃួង ស្រេង ដែលគ្រោងកាន់តំណែងជាអភិបាលរាជធានីភ្នំពេញជាផ្លូវការ នៅចុងខែមិថុនានេះ នៅក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ដើម្បីស្វែងរកចំណុចអសកម្មនានា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ បានសម្តែងការសោកស្តាយចំពោះទង្វើសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ដែលបានប្រើអំពើហិង្សា ដោយបានហក់ទាត់ទៅលើប្រជាជន គ្រាន់តែជនរងគ្រោះឆ្លងកាត់ក្បួនបក្សរបស់ពួកគេ ខណៈកំពុងធ្វើយុទ្ធនាការឃោសនារកសំឡេង ឆ្នោតនាពេលកន្លងទៅ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ការលើកឡើងបែបនេះ បន្ទាប់ពីបុរសរងគ្រោះម្នាក់ត្រូវបានក្រុមសកម្មជន គណបក្សសង្គ្រោះជាតិប្រមាណ១០នាក់ បានព្រួតវាយធ្វើបាប គ្រាន់តែបើកម៉ូតូឆ្លងកាត់ក្បួនដង្ហែបក្សរបស់ពួកគេ បណ្តាលឲ្យជាំហើមភ្នែកខាងឆ្វេង ក្បាល និងលើខ្លួនប្រាណជាច្រើនកន្លែង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ។ ក្រោយមកនៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ បុរសរងគ្រោះ បានដាក់ពាក្យប្តឹងក្រុមអ្នកគាំទ្រគណបក្ស សង្រ្គោះជាតិទាំងនេះ នៅប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលបានវាយទាត់ធាត់លើរូបគាត់។
ជាមួយនឹងការសម្ដែងនូវភាពសោកស្ដាយចំពោះទង្វើ ដែលមិនអាចទទួលយកបាន និងផ្ទុយពីច្បាប់របស់គណបក្សសង្គ្រោះជាតិបែបនេះ លោក ឃួង ស្រេង ក៏បានបញ្ជាក់ដែរថា គណបក្សនយោបាយទាំងអស់ មានសិទ្ធិ មានតួនាទី មានភារកិច្ចស្វែងរកសន្លឹកឆ្នោតរៀងៗខ្លួន ទៅតាមបទដ្ឋានរបស់ គ.ជ.ប និងច្បាប់បោះឆ្នោត មិនមែនចេះតែបង្កចលាចល ចេះតែធ្វើផ្តេសផ្តាស អាងតែខ្លួនមិនមែនជាអ្នកទទួលខុសត្រូវ។
លោកបន្ថែមថា «សូមណែនាំដល់សកម្មជនរបស់ខ្លួន ដែលមិនមានតួនាទីជាអ្នករាប់សន្លឹកឆ្នោតទេ អាចស្តាប់បាន ចាំខាងក្រៅបាន មិនត្រូវរំខានដល់អ្នក រាប់សន្លឹកឆ្នោតទេ ដូច្នេះសូមអង្គសិក្ខាសាលា ពិភាក្សាលើបញ្ហានេះឲ្យបានល្អិតល្អន់»៕