(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការនគរបាលជាតិ បានប្រកាសថា អធិការនគរបាលស្រុកខណ្ឌទូទាំងប្រទេស នឹងត្រូវរាជរដ្ឋាភិបាលសម្រេចតម្លើងឋានន្តរស័ក្តិ ជាវរសេនីយ៍ឯក (ស័ក្ដិ៥) ឲ្យបានរួចរាល់នៅចុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨ ដោយកន្លងមកបានត្រឹមតែវរសេនីយ៍ទោ និងត្រូវចូលនិវត្តន៍អាយុ៥៥ឆ្នាំ ហាក់បីដូចជានៅក្មេងពេក ព្រោះពួកគាត់នៅអាចធ្វើការបាន នឹងមានបទពិសោធន៍ច្រើន សម្រាប់ផ្ទេរឲ្យកងកម្លាំងក្មេងៗជំនាន់ក្រោយ។
ការប្រកាសបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ចុះ ដល់មន្រ្តីនគរបាលជាតិ នៃស្នងការខេត្តបាត់ដំបងជាង៧០០នាក់ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង។
ពិធីនេះមានការចូលរួមពី អភិបាលរងខេត្តបាត់ដំបង ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា មេញ្ជាការអាវុធហត្ថ ស្នងការរងមកពីខេត្តពោធិ៍សាត់ ខេត្តកែប ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តព្រៃវែង និងខេត្តបាត់ដំបង ព្រមទាំងកងកម្លាំងចូលរួមសរុប៨៨៤នាក់។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល បញ្ជាក់ថា លោកបានបំពាក់ស័ក្តិលើស្មារដោយបានសង្កត់ធ្ងន់ៗ ទៅមន្រ្តីដែលបានទទួលស័ក្តិថ្មីនេះ គឺចង់បញ្ជាក់ និងពញ្ញាក់ឲ្យដឹងថា កងកម្លាំងទាំងអស់បានឡើងស័ក្តិថ្មី មានទម្ងន់ធ្ងន់ ហើយត្រូវទទួលយកទៅអនុវត្តការងារ នៅតាមអង្គភាពខ្លួន និងបម្រើប្រជាពលរដ្ឋឲ្យមានទម្ងន់ខ្លាំង មានប្រសិទ្ធភាពខ្ពស់ដល់ពួកគាត់ផងដែរ។
ប្រធាននាយកដ្ឋានរូបនេះ ក៏ការលើកទឹកចិត្តតម្លើងស័ក្តិនេះ គឺគិតទៅតាមអតីតការងារ និងបទពិសោធន៍ សំដៅឲ្យកងកម្លាំងខិតខំធ្វើការឲ្យមានប្រសិទ្ធិភាព ម៉្យាងវិញទៀត ប្រាក់បៀវត្សន៍ក៏បានតម្លើងបានខ្ពស់ជាងមុន សមស្របនឹងឋានន្តរសក្តិ តួនាទី របស់កងកម្លាំងគ្រប់រូបផងដែរ៕