(ពោធិ៍សាត់)៖ ក្នុងចំណោមបុរស២នាក់ មានម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗ និងបុរសម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីបុរសទាំង២នាក់នោះទៅជ្រកក្នុងខ្ទមឃ្វាលក្របី ជាមួយគ្នា ចំមេឃកំពុងភ្លៀង។
ហេតុការណ៍នេះ បានកើតឡើងនៅរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចបឹងរនាមក្រោយ ក្នុងខ្ទមឃ្វាលក្របី ស្ថិតនៅក្នុងភូមិទួលគូ ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
លោក លីវ សេងហ៊ីម អធិការនគរបាលស្រុកកណ្តៀង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់នោះ មានឈ្មោះ នួន ពុធ្ធលី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅភូមិត្រាំពែ ឃុំស្នាមព្រះ ស្រុកបាកាន បច្ចុប្បន្នរស់នៅភូមិគៀន ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
លោកអធិការបន្តថា មុនពេលកើតហេតុបុរសទាំង២នាក់នោះ បានប្រាប់ក្រុមគ្រួសារថាទៅឃ្វាលក្របី នៅចំណុចកើតហេតុខាងលើ។ ពេលកំពុងតែឃ្វាលស្រាប់តែមានភ្លៀងធ្លាក់ លាយឡំជាមួយផ្លេកបន្ទោរក៏ដាក់ក្របីចោល រួចទៅជ្រកក្រោមខ្ទម ភ្លាមនោះស្រាប់តែរន្ទះបាញ់ចំបុរសម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗ និងបុរសម្នាក់ទៀតរងរបួលស្រាលតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងជំនាញរបស់អធិការនគរបាលស្រុកកណ្តៀង បានចុះទៅដល់កន្លែងហេតុ និងបានប្រគល់សាកសពជនរងគ្រោះ ឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕