(ភ្នំពេញ)៖ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ បើកសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដើម្បីស្វែងរកចំណុចអសកម្មនានាដែលមានកន្លងមក។ ពិធីនេះស្ថិតក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ, លោក មាស ឆពណ្ណ ប្រធានគណៈកម្មការៀបចំការបោះឆ្នោតរាជធានី និងមានការចូលរួមពីលោកស្នងការ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី និងលោកអភិបាលខណ្ឌទាំង១២ ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។
លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ អំពាវនាវដល់គណបក្សនយោបាយទាំង សូមមានភាពចាស់ទុំខាងនយោបាយ មិនត្រូវណែនាំឲ្យខុសពីច្បាប់បោះឆ្នោត។ លោកបន្ថែមថា «សូមណែននាំដល់សកម្មជនរបស់ខ្លួន ដែលមិនមានតួនាទីជាអ្នករាប់សន្លឹកឆ្នោតទេ អាចស្តាប់បាន ចាំខាងក្រៅបាន មិនត្រូវរំខានដល់អ្នក រាប់សន្លឹកឆ្នោតទេ ដូច្នេះសូមអង្គសិក្ខាសាលា ពិភាក្សាលើបញ្ហានេះឲ្យបានល្អិតល្អន់»។
ជាមួយគ្នានោះដែរ លោក មាស ឆពណ្ណ បានលើកឡើងថា ការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គ.ជ.ប ទទួលស្គាល់ថា នៅមានការចន្លោះប្រហោងខ្លះ និងស្នើដល់គណបក្សនយោបាយ អង្គសង្គមស៊ីវិលនានា ផ្តល់យោបល់លើបញ្ហាប្រឈមនានា ដូចជាបញ្ហាចុះឈ្មោះបោះឆ្នោត ការពិនិត្យបញ្ជីឈ្មោះ ការឃោសនា ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការទទួល និងការដោះស្រាយបណ្តឹង ការងារសន្តិសុខ និងស្ថានភាពមន្ត្រីបោះឆ្នោតគ្រប់លំដាប់ ។ មតិយោបល់ទាំងនេះ គឺជាសារសំខាន់សម្រាប់ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីជាមូលដ្ឋានបន្ថែមទៀត ក្នុងការពង្រឹងការអនុវត្តលើការងាររៀបចំដំណើរការបោះឆ្នោតនាពេលខាងមុខ ឲ្យមានលក្ខណៈសុក្រឹត្យ និងល្អប្រសើរឡើង។
សូមជម្រាបថា បើតាមរបាយការណ៍ រាជធានីភ្នំពេញចែកចេញជា១២ខណ្ឌ មាន១០៥សង្កាត់ និង៩៥៣ភូមិ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ មានប្រជាជនសរុប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ចំនួន ៨៤៩,២១៤នាក់ មានមណ្ឌលបោះឆ្នោតចំនួន១០៥ ត្រូវជា ២៧១ទីតាំង និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២,០៨០ការិយាល័យ។ ការិយាល័លបោះឆ្នោត និងរាប់សន្លឹកឆ្នោតប្រមាណ ៧០ភាគរយ ស្ថិតក្នុងទីតាំងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ហើយ៣០ភាគរយទៀត ត្រូវសង់តាមទីវត្តអារាម និងតាមដងផ្លូវទីធ្លាសាធារណៈ៕