(បាត់ដំបង)៖ បន្ទាប់ពីកម្លាំងនគរបាលខេត្តបាត់ដំបង បានចាប់ផ្សឹកព្រះសង្ឃមួយអង្គ ដែលពាក់ព័ន្ធនឹងការកាន់កាប់អាវុធខុសច្បាប់នោះ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង លោក កឺ ប៊ុណ្ណរ៉ា បានសម្រេចចោទប្រកាន់ចំនួន២បទល្មើសគឺ កាន់កាប់ និងដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត និងបទញុះញង់ឲ្យប្រពឹ្រត្តបទឧក្រិដ្ឋជាអាទិ៍។ នេះបើតាមមន្ដ្រីសាលាដំបូងខេត្តបាត់ដំបង ថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃនេះ។
មន្រ្តីសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាក់ថា បន្ទាប់ពីព្រះរាជអាជ្ញាសម្រេចធ្វើការចោទប្រកាន់រួចមកនោះ នៅពេលជនត្រូវចោទ ជាអតីតព្រះសង្ឃអង្គនេះ ត្រូវបានបញ្ជូនទៅដល់ដៃចៅក្រម ដើម្បីចាត់ការបន្តទៀតតាមនីតិវិធីច្បាប់។
យោងតាមក្រមព្រហ្មទណ្ឌ ចំពោះបទល្មើសកាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ស្របតាមមាត្រា៤៩០ ដែលអាចនឹងត្រូវផ្តន្ទោទោសដាក់ពន្ធនាគារពី០៦ខែ ទៅ៣ឆ្នាំ, ដោយឡែក បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៥ អាចនឹងត្រូវផ្តន្ទោទោសពី០៦ខែ ទៅ០២ឆ្នាំ ហើយបទល្មើសទាំងនេះ ក៏ត្រូវពិន័យជាប្រាក់ផងដែរ។
សូមជម្រាបថា កម្លាំងនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ បានចុះចាប់ខ្លួន និងផ្សឹកព្រះសង្ឃ១អង្គ តាមដីការបស់តុលាការបញ្ជាឲ្យចូលខ្លួនលេខ លេខ៩៥៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ចេញដោយលោក កឺ ប៊ុណ្ណរ៉ា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត ពីបទធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាជាតិ និងកាន់កាប់រក្សាទុកអាវុធខុសច្បាប់ ក្នុងវត្តដំរីស សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
មន្ដ្រីនគរបាលបានបញ្ជាក់ថា ព្រះសង្ឃដែលបានឃាត់ខ្លួនតាមដីកាតុលាការនេះមានព្រះនាម ហន សុផាន្នី អាយុ២៤ឆ្នាំ គង់នៅកុដិលេខ១២ ស្ថិតក្នុងសង្កាត់ក្រុងខាងលើ៕