Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន អញ្ជើញត្រឡប់មកដល់កម្ពុជាវិញហើយ នៅព្រឹកនេះ បន្ទាប់ពីទៅរំលឹកអនុស្សាវរីយ៍ នៃការរត់ភៀសខ្លួនទៅវៀតណាម កាលពី៤០ឆ្នាំមុន (Video inside)

22-06-2017 10:36

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញត្រឡប់មកដល់ព្រលានយន្តហោះ ប្រទេសកម្ពុជាវិញហើយ នៅវេលាម៉ោង១០៖២៥នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ បន្ទាប់ពីបានទៅរំលឹកអនុស្សាវរីយ៍ នៃការរត់ភៀសខ្លួនកាលពី៤០មុន នៅក្នុងទឹកដីប្រទេសវៀតណាម ជាប់នឹងព្រំដែនកម្ពុជា។

កាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន ដែលអមដោយវត្តមានមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ ព្រមទាំងឯកអគ្គរាជទូត និងរដ្ឋទូតប្រចាំនៅកម្ពុជា បានអញ្ជើញទៅកាន់ទីតាំងនៃស្លាកស្នាមអនុស្សាវរីយ៍ដ៏ជូរចត់ កាលពី៤០ឆ្នាំមុន ចំនួន៧ទីតាំង ក្នុងនោះមាន ២ទីតាំងស្ថិតលើដីកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ និង ៥ទីតាំងទៀតស្ថិតនៅលើទឹកដីវៀតណាម ដើម្បីរំលឹកនូវការចងចាំនៃប្រវត្តិតស៊ូរំដោះជាតិកម្ពុជារបស់របបប្រល័យពូជសាសន៍ប៉ុលពត។

ទីតាំងអនុស្សាវរីយ៍ទាំង៧នេះ កាលពី៤០ឆ្នាំមុន គឺសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តដ៏ទុកចិត្ត ៤រូបផ្សេងទៀត រួមមាន លោក នុច ថន, លោក ញឹក ហ៊ន, លោក ស៊ូ គឹមស្រ៊ាង ហៅសាញ់ និងលោក វ៉ា ប៉ោអ៊ាន បានសម្រេចចិត្តដ៏សែនលំបាក ភៀសខ្លួនចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាំមកវិញនូវការរស់រៀនរបស់ប្រជាពលរដ្ឋខ្មែរ។

ក្នុងការរំលឹកអនុស្សាវរីយកាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានអួលដើមក ស្រក់ទឹកភ្នែក នៅពេលបង្ហាញវត្តមានក្នុងទឹកដីដែលសម្តេចលះបង់គ្រប់បែបយ៉ាងដើម្បីរំដោះជាតិ ដោយមិនគិតពីគ្រួសារ និងខ្លួនឯង។ សម្តេចតេជោ ហ៊ុន សែន បានប​ញ្ជាក់ថា ការភៀសខ្លួនរបស់សម្តេចចេញពីទ័ព ខ្មែរក្រហម ទៅប្រទេសវៀតណាម កាលពី៤០ឆ្នាំមុន មិនមែនជាការភៀសខ្លួនដើម្បីជីវភាពខ្លួនឯងនោះទេ ប៉ុន្តែជាការភៀសខ្លួនដើម្បីរំដោះជាតិមាតុភូមិ ចេញពីរបបដ៏ឃោរឃៅ ហើយនាំមកនូវសន្តិភាពដល់សព្វថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យជាពលរដ្ឋ ការពារ និងរក្សាឱ្យបាននូវសន្តិភាពរបស់កម្ពុជាសព្វថ្ងៃនេះ ហើយសម្តេចបានប្រកាស កម្ចាស់មនុស្សទាំងឡាយណា ដែលប៉ុនប៉ងបំផ្លាញសន្តិភាព ដែលរកមកយ៉ាងលំបាក ដើម្បីប្រជាពលរដ្ឋខ្មែរ៕