(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា និងលោក ប៊ុនញុំាង វ៉ូរ៉ាជិត អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ បានវាយតម្លៃដូចគ្នាថាការរីកចម្រើននៃចំណងមិត្តភាពកម្ពុជា-ឡាវ នាពេលបច្ចុប្បន្ននេះ បាននាំមកនូវការរីកចម្រើន សម្រាប់ប្រជាជនទំាងពីរប្រទេស ដែលមានព្រំដែនជាប់គ្នា។
នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាថ្ងៃទី២១ មិថុនានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងគណៈប្រតិភូបានជូបពិភាក្សាការងារនិងសវនការជាមួយថ្នាក់ដឹកនាំស្ថាប័នកំពូលៗនៃប្រទេសឡាវជាបន្តបន្ទាប់។ លោក ប៊ុនញុំាង វ៉ូរ៉ាជិត ប្រធានរដ្ឋឡាវ បានចាត់ទុក ដំណើរទស្សនៈកិច្ច របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចចក្រី ហេង សំរិន នៅប្រទេសឡាវ នាពេលនេះ បានរួមចំណែកយ៉ាងសំខាន់ ទៅដល់ការពូនជ្រុំនូវទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានតាំងយូរលង់ណាស់មកហើយនោះ ឲ្យកាន់តែរឹងមាំ និងស្ថិតស្ថេរជានិរន្តបន្ថែមទៀត។
ជាមួយគ្នាននេះ លោកប្រធានរដ្ឋ ក៍បានកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ដោយលោកបានគូសបញ្ជាក់ថា «ខ្ញុំយល់ឃើញថា ប្រជាជនកម្ពុជា និងឡាវ ជាអ្នកជិតខាង និងជាមិត្តល្អ ព្រោះថាប្រទេសទាំងពីរមានទន្លេរួមគ្នា និងតែងតែចែករំលែក និងជួយគ្នាទៅវិញទៅមកនៅ គ្រប់កាលៈទេសៈ។ ខ្ញុំមានក្តីរីករាយ ដោយបានឃើញរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការកសាងប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ប្រទេសឡាវចាតុទុកវឌ្ឍនៈភាពរបស់កម្ពុជា ក៏ដូចជាវឌ្ឍនៈភាពរបស់ប្រទេសឡាវផងដែរ»។
លោក ប៊ុនញុំាង វ៉ូរ៉ាជិត បានលើកឡើងបន្តថា ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងឡាវ មានតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន តែងតែត្រូវបានពង្រឹង និងពង្រីក កាន់តែស៊ីជម្រៅ និងទូលំទូលាយជាបន្តបន្ទាន់។ ជាក់ស្តែងប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរទស្សនៈកិច្ចទៅវិញទៅមក តាំងពីថ្នាក់កំពូល រហូតដល់ថ្នាក់មូលដ្ឋាន ដែលតាមរយៈនេះ ធ្វើឲ្យប្រទេសទាំងពីរ កាន់តែមានការយោគយល់ និងបង្កើតបាននូវភាពជិតស្និទកាន់តែខ្លាំងឡើង។
សម្តេចពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណចំពោះ លោក ប៊ុនញុំាង វ៉ូរ៉ាជិត ដែលបានឆ្លៀតឱកាសដ៏មមាញឹកអនុញ្ញាតឲ្យគណៈប្រតិភូ បានជួបសម្តែង ការគួរសម។ សម្តេចក៍បានលើកឡើងថា ក្នុងរយៈពេលជាង៦ទសវត្សរ៍មកនេះ ការអភិវឌ្ឍន៍ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ ទាំងក្នុងក្របខណ្ឌបក្ស រដ្ឋាភិបាល និងរដ្ឋសភា ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ និងបានក្លាយជាមរតកដ៏មានតម្លៃរបស់ប្រជាជាតិទាំងពីរ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ទំាងក្នុងក្របខណ្ឌតំបន់ និងសកលលោក។
សម្តេចពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា «ក្នុងនាមរដ្ឋសភាកម្ពុជា ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ (កម្ពុជា-ឡាវ) ទំាងក្នុងក្របខ័ណ្ឌបក្ស និងរដ្ឋ សំដៅនាំមកនូវវិបុលភាពដល់ប្រជាជាតិយើងទាំងពីរ ដែលធ្លាប់បានតស៊ូពុះពារឆ្លងកាត់ឧបសគ្គជាច្រើនជាមួយគ្នា ដើម្បីថែរក្សាអត្តសញ្ញាណ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិយើង ពីពួកអាណានិគម និងចក្រពត្តិនិយម»។
ជាការកត់សម្គាល់នៅក្នុងជំនួបសវនការនេះ សម្តេចប្រធានរដ្ឋសភា បានពំានាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា, សម្តេចភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជូនចំពោះលោកប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវផងដែរ៕