(ភ្នំពេញ)៖ ទីបំផុតមេដឹកនាំបក្សប្រឆាំងបានធ្លោយមាត់និយាយសារភាពចេញពីមាត់របស់ខ្លួនថា ខ្លួនពិតជាមានកំហុសនយោបាយរយៈពេលជាច្រើនទសវត្សរ៍ កន្លងមកនេះ។ ការទទួលស្គាល់កំហុសនេះបានធ្វើឡើងដោយផ្ទាល់ពីលោក កឹម សុខា តាមរយៈបទសម្ភាសន៍ ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ កាលពីប៉ុន្មានថ្ងៃមុននេះ។
ជារួមកំហុសនយោបាយធំៗរបស់គណបក្សប្រឆាំងដែលគេមើលឃើញមានដូចជា៖
ទី១៖ ការធ្វើនយោបាយដោយប្រើការវាយប្រហារបុគ្គល៖ ចាប់តាំងពីចេះធ្វើបក្សប្រឆាំងពេលណាមក លោក សម រង្ស៊ី តែងប្រើប្រាស់នយោបាយវាយប្រហារ បុគ្គលជាកត្តាចម្បងដើម្បីទាក់ទាញប្រជាប្រិយភាព ជាពិសេសគឺការវាយប្រហារទៅលើនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាគូប្រជែងដ៏មានសកត្តានុពល។
ទ្រឹស្តីរបស់លោក សម រង្ស៊ី និងសកម្មជនរបស់គាត់គឺ «បើចង់ល្បីក្នុងឆាកនយោបាយគឺទាល់តែហ៊ានវាយប្រហារបុរសខ្លាំង គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន»។ ដោយឈរលើទ្រឹស្តីបែបនេះហើយ ទើបគណបក្សប្រឆាំងមិនដែលបានគិតពីគោលនយោបាយ ឬជួយកសាងសមិទ្ធផលអ្វីជូនប្រជាជន និងប្រទេសជាតិឡើយ។ មេដឹកនាំបក្សប្រឆាំងគិតតែពីដេករកនឹកពាក្យពេចន៍រិះគន់ វាយប្រហារ បង្ខូចបង្កាច់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី គឺជាការស្រេច។
ដោយសារតែទំនោរជ្រុលនិយមបែបនេះហើយបានជាលោក សម រង្ស៊ី ហ៊ានរហូតដល់ប្រើពាក្យ «បើមានសែន អត់ស៊ី បើមានស៊ីអត់សែន»។ ទ្រឹស្តីនេះបាន រុញច្រានឲ្យលោក សម រង្ស៊ី មិនអាចរស់នៅក្នុងស្រុកខ្មែរបានរហូតសព្វថ្ងៃ បើទោះជាចុងក្រោយនេះ គណបក្សសង្គ្រោះជាតិបានខិតខំកែមកនិយាយថា ខ្លួនមិនយកខ្មែរណាជាសត្រូវវិញក៏ដោយ។ ការកែពាក្យបែបនេះក៏បានបង្ហាញថា គណបក្សនេះទើបតែដឹងខ្លួនខុសតែជាការដឹងខ្លួនជ្រុសពេលទៅហើយ។
ទី២៖ បក្សប្រឆាំងប្រើនយោបាយបំផុសគំនិតញុះញង់ បំបែកបំបាក់ធ្វើឲ្យខ្មែរស្អប់ខ្ពើមគ្នា និងចងគំនុំជាមួយគ្នាកាន់តែខ្លាំងឡើងជាលំដាប់។ ជាក់ស្តែងសកម្មជន និងអ្នកគាំទ្រគណបក្សប្រឆាំង គឺជាមនុស្សពូកែជាងគេខាងជេរប្រមាថមេដឹកនាំប្រទេស និងជេរប្រមាថ លាបពណ៌អ្នកណាដែលគាំទ្ររដ្ឋាភិបាល។ ពួកគេមិនបាន យកខួរក្បាលគិតពីគោលនយោបាយ គិតពីការជជែកវែកញែកដោយប្រើគំនិតជាធំឡើយ តែខួរក្បាលរបស់ពួកគេនឹកឃើញតែពាក្យជេរប្រមាថ និងលាបពណ៌។ ពាក្យជេរប្រមាថរបស់ពួកគេទៀតសោតមានគ្រប់រសជាតិ សូម្បីពាក្យដែលគេពិបាកនិយាយចេញ តែពួកប្រឆាំងអាចនិយាយចេញបានដោយងាយ។
អ្វីដែលកើតមានក្នុងបណ្តាញសង្គមហ្វេសប៊ុកបច្ចុប្បន្ននេះ គឺជាសមិទ្ធផលធនធានមនុស្សបង្កើតឡើងដោយបក្សប្រឆាំង។ ទោះបីជាចុងក្រោយនេះ មេបក្សប្រឆាំង ដឹងខ្លួនខុសហើយខំកែមកនិយាយថា ត្រូវប្រជែងគ្នាលើគោលនយោបាយវិញក៏ដោយ ក៏នេះគ្រាន់តែពាក្យដោះសារ គ្មានខ្លឹមសារអ្វីឡើយ។ តាមពិតសារជាតិពិត របស់ពួកប្រឆាំងគឺនៅតែជាការជេរប្រមាថ មួលបង្កាច់ បង្ខូចមេដឹកនាំប្រទេសដដែល។ អ្វីដែលលោក សម រង្ស៊ី បន្តធ្វើរយៈពេលចុងក្រោយ នេះជាឧទាហរណ៍ជាក់ស្តែង។
ទី៣៖ ការធ្វើនយោបាយដោយយកការបំផុសគំនិតស្អប់ខ្ពើម និងរើសអើងជាតិសាសន៍ទៅលើជនជាតិវៀតណាម៖ តាំងពីដើមរៀងមក គណបក្សប្រឆាំងតែងតែ យកការឃោសនាស្អប់ខ្ពើមជនជាតិវៀតណាមមកធ្វើជាគោលដើម្បីទាក់ទាញប្រជាប្រិយភាព។ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្រប់ពាក្យសម្តីនិយាយចេញមកគឺ មេបក្សប្រឆាំងក៏ដូចជាសកម្មជនរបស់ខ្លួន មិនដែលភ្លេចពាក្យថា «យួន» ឬ«អាយ៉ងយួន» ម្តងណាឡើយ។ ទើបតែចុងក្រោយនេះ លោក កឹម សុខា សារភាពថា នេះជានយោបាយខុសឆ្គងដែលបក្សប្រឆាំងត្រូវបញ្ឈប់។ ប៉ុន្តែ នេះក៏ជាការដឹងខ្លួនជ្រុលពេលដែរ ហើយដឹងខ្លួនតែមេបក្ស ចំណែកកូនចៅវិញ នៅជេរយួនពេញពេញមាត់ដដែល។
កំហុសទាំងបីយ៉ាងដូចបានលើកឡើងខាងលើគ្រាន់តែជាចំណុចធំៗដែលយើងគួររម្លេចតែប៉ុណ្ណោះ។ នៅមានចំណុចជាច្រើនទៀតដែលបញ្ជាក់ពីកំហុស នយោបាយរបស់បក្សប្រឆាំងក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ ដោយសារតែជាប់រវល់វក់វីនឹងគំនិតជ្រុលនិយមទាំងនេះ បានជាទីបំផុត គណបក្សប្រឆាំងគ្មានគោលនយោបាយជាក់លាក់ គ្មានធនធានមនុស្សល្អៗសម្រាប់ដឹកនាំ គ្មានទស្សនៈវិស័យអ្វីទាំងអស់ ពោលគឺប្រៀបបានទៅនឹងស្គរដែលលឺសូរតែសំឡេង តែខាងក្នុងប្រហោងធ្លុង។
ផ្ទុយពីគណបក្សប្រជាជនកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់ភាពជាអ្នកដឹកនាំប្រទេសទោះជាក្នុងកាលៈទេសៈដ៏លំបាក និងតានតឹងក៏គណបក្សកាន់អំណាច ដ៏យូរមួយនេះនៅតែប្រកាសថា ខ្លួនជាគណបក្សដែលគ្រប់គ្នាអាចរស់នៅជាមួយគ្នាបាន។ គណបក្សប្រជាជនកម្ពុជាដែលមាននាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកដឹកនាំ តែងតែទទូចឲ្យបក្សនយោបាយយកតម្រាប់តាមការផ្សាយពាណិជ្ជកម្មក្នុងមុខជំនួញដោយផ្សាយតែចំណុចល្អៗរបស់ខ្លួន តែហាមមិនឲ្យ វាយប្រហារដល់ទំនិញអ្នកដទៃ។
គណបក្សកាន់អំណាចតែងតែប្រកាន់ជំហរចាត់ទុកប្រទេសជិតខាងជាមិត្ត និងជាកត្តាកំណត់នៃសុខសន្តិភាពរបស់កម្ពុជា។ គោលនយោបាយរបស់បក្ស ប្រជាជនទាំងបីចំណុចដែលខុសស្រឡះពីគណបក្សប្រឆាំង គឺជាប្រៀបខ្លាំងដែលធ្វើឲ្យគណបក្សនេះឈ្នះឆ្នោតជារៀងរហូតមក។
បច្ចុប្បន្ន គណបក្សប្រឆាំងបានដឹងខ្លួនខុស ហើយក៏ខំកែដោយបែរមកធ្វើដូចគណបក្សកាន់អំណាចដែរ។ ចំណុចដែលដូចនោះគឺ៖
បក្សប្រឆាំងឥឡូវខំកែមកនិយាយថា មិនយកខ្មែរណាជាសត្រូវ, បែរមកនិយាយពីការប្រកួតគ្នាដោយប្រើគោលនយោបាយ និងបញ្ឈប់ការបង្កាត់ភ្លើងកំហឹង ស្អប់ជាតិសាសន៍យួន។ ប៉ុន្តែនេះជាការកែប្រែតែសំបកក្រៅ និងជាការខំកែប្រែក្នុងស្ថានភាពហួសពេល និងគ្មានអ្វីថ្មីក្រៅពីយកតាមគណបក្ស ប្រជាជនដែលធ្វើជាយូរមកហើយនោះឡើយ។ ម្យ៉ាងទៀត, ទម្រាំដឹងខ្លួន គឺដល់ពេលដែលគណបក្សប្រជាជនកម្ពុជាមានសន្ទុះខ្លាំងឡើងវិញទៅហើយ។
ជាក់ស្តែង ការបោះឆ្នោតឃុំសង្កាត់ចុងក្រោយនេះបញ្ជាក់ច្បាស់ណាស់ថា បក្សប្រជាជនបានស្ទុះឡើងវិញគួរឲ្យកត់សម្គាល់ ពោលគឺគណបក្សកាន់អំណាចប្រមូល បានអ្នកគាំទ្រថ្មី ៣ សែននាក់ធៀបនឹងការបោះឆ្នោតឆ្នាំ ២០១៣។ ចំណែកប្រឆាំងវិញខកបំណងយ៉ាងខ្លាំងបំផុតពីព្រោះ លទ្ធផលមិនបានដូចការរំពឹងទុកថាខ្លួននឹងដណ្តើមយកតំណែងមេឃុំ ចៅសង្កាត់ចំនួន ៦០% នោះឡើយ។
រយៈពេល៤ឆ្នាំក្រោយការបោះឆ្នោតឆ្នាំ ២០១៣ គណបក្សកាន់អំណាចអាចស្តារប្រជាប្រិយភាពវិញបាន។ ពីនេះដល់ការបោះឆ្នោតឆ្នាំ ២០១៨ គណបក្ស កាន់អំណាចដែលកំពុងខិតខំធ្វើកំណែទម្រង់យ៉ាងសកម្មនោះត្រូវគេរំពឹងថា អាចដណ្តើមប្រជាប្រិយភាពបានកាន់តែខ្លាំងថែមទៀត។ ដូច្នេះ គេអាចវាយតម្លៃបានថា គណបក្សប្រជាជនកម្ពុជានឹងបន្តឈ្នះឆ្នោតដឹកនាំប្រទេសជាបន្តក្នុងឆ្នាំ ២០១៨ ខាងមុខពីព្រោះគណបក្សនេះនៅតែជាជម្រើសមិនអាចខ្វះបានក្នុងការថែរក្សា សុខសន្តិភាព ការអភិវឌ្ឍន៍ និងជាពិសេស ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ អាចអនុញ្ញាតឲ្យខ្មែរគ្រប់និន្នាការរស់នៅជាមួយគ្នាបានដោយសុខដុមរមនា។
ចំណែកបក្សប្រឆាំងវិញ ការចាញ់ឆ្នោតឆ្នាំ២០១៨ ខាងមុខនេះគឺជាទឹកចុងក្រោយបង្អស់ហើយ ពីព្រោះទាំងអ្នកគាំទ្រក្នុងប្រទេស និងក្រៅប្រទេសនឹងអស់ជំនឿ លើការសន្យា ហើយនឿយណាយក្នុងការគាំទ្រគណបក្សដែលចាញ់រហូតបែបនេះ។ ចំណែកមេដឹកនាំបក្សខ្លួនឯង ក៏ប្រាកណាស់ថា នឹងសោះខ្យល់តែត្រឹម នេះហើយ៕
ដោយ៖ សូរ គងជ័យ