(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ បានរំលឹកឡើងវិញថា ការភៀសខ្លួនរបស់សម្តេចចេញពីទ័ព ខ្មែរក្រហម ទៅប្រទេសវៀតណាម មិនមែនជាការភៀសខ្លួនដើម្បីជីវភាពខ្លួនឯងនោះទេ ប៉ុន្តែជាការភៀសដើម្បីប្រជាជនកម្ពុជា និងសន្តិភាពទាំងមូល។
ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នាគ្រាដែលសម្តេច អមដោយវត្តមានរបស់មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ ព្រមទាំងឯកអគ្គរាជទូត និងរដ្ឋទូតប្រចាំនៅកម្ពុជា អញ្ជើញទៅកាន់ទីតាំងស្លាកស្នាមអនុស្សាវរីយ៍ដ៏ជូរចត់កាលពី៤០ឆ្នាំមុន នៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា (សូមស្តាប់ប្រសាសន៍សម្តេច) ការលះបង់កាលពីអំឡុង៤០ឆ្នាំមុននោះ គឺជាការរៀបចំរបៀបផ្សងព្រេងមួយ ដោយមិនគិតអំពីការស្លាប់នោះទេ ហើយមានគោលដៅ ធ្វើយ៉ាងណា បញ្ជូនសារទៅដល់មេដឹកនាំវៀតណាមថា កុំឱ្យចាប់បញ្ជូនជនភៀសខ្លួនខ្មែរ ឱ្យទៅរកសេចក្តីស្លាប់នៅកម្ពុជាប្រជាធិបតេយ្យតទៅទៀត។