(បាត់ដំបង)៖ កម្លាំងនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ បានចុះចាប់ខ្លួនព្រះសង្ឃ១អង្គ តាមដីការបស់តុលាការ បញ្ជាឲ្យចូលខ្លួនលេខ លេខ៩៥៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ចេញដោយលោក គឺ ប៊ុណ្ណរ៉ា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត ពីបទធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាជាតិ និងកាន់កាប់រក្សាទុកអាវុធខុសច្បាប់ ក្នុងវត្តដំរីស សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ថា ព្រះសង្ឃដែលបានឃាត់ខ្លួនតាមដីកាតុលាការនេះ មានព្រះនាម ហន សុផាន្នី អាយុ២៤ឆ្នាំ គង់នៅកុដិលេខ១២ ស្ថិតក្នុងសង្កាត់ក្រុងខាងលើ។
មន្ដ្រីនគរបាលបន្ថែមថា ការនាំខ្លួនសង្ឃអង្គនេះ ទៅកាន់សាលាដំបូងខេត្ត ដើម្បីសួរនាំលើបណ្ដឹងព្រហ្មទណ្ឌពីបទ «ធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាជាតិ និងកាន់កាប់រក្សាទុកអាវុធខុសច្បាប់» ដែលបានប្រព្រឹត្តនៅក្នុងវត្តដំរីស និងនៅក្នុងវត្តខ្នាចរមាស ស្រុកបរវេល កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧កន្លងទៅ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ បញ្ជូនព្រះសង្ឃអង្គនេះ ទៅស្នងការខេត្ត ដើម្បីធ្វើការសាកសួរ និងបញ្ជូនបន្តទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់៕