(ឡាវ)៖ សម្តេចមហាពញាចក្រី ហេង សំរិន បានស្នើភាគីឡាវថា រដ្ឋសភាប្រទេសទាំងពីរ គប្បីពិចារណារួមគ្នាពិនិត្យ សិក្សា និងធ្វើបច្ចុប្បន្នភាព ទៅលើកិច្ចព្រមព្រៀង (MOU) ដែលរដ្ឋសភាប្រទេសទំាងពីរ បានធ្វើជាច្រើនឆ្នាំហើយ នោះឡើងវិញ ក្រែងមានចំណុចខ្វះខាតណា ដែលត្រូវបំពេញបន្ថែម។
ជាការឆ្លើយតប លោកស្រី ប៉ានី យ៉ាថទូ ប្រធានរដ្ឋសភាឡាវ បានគំាទ្រការលើកឡើង របស់សម្តេចប្រធានរដ្ឋសភា និងបានវាយតម្លៃខ្ពស់ ចំពោះស្នាដៃ និងពលីកម្ម របស់សម្តេចហេង សំរិន ដែលបានខិតខំជំរុញ គំាទ្រទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរ កម្ពុជា ឡាវ នៅគ្រប់កាលៈទេសៈរហូតមក។
លោកស្រីបានលើកឡើងថា ការពិនិត្យពិចារណាក្នុងសិក្សា កែសម្រួល នូវកិច្ចព្រមព្រៀង ដែលរដ្ឋសភា ប្រទេស ទាំងពីរ បានអនុវត្តកន្លង នៅពេលនេះ មានសារសំខាន់ណាស់ ដើម្បីធ្វើយ៉ាងយន្តការ កិច្ចសហប្រតិបត្តិការរវាង រដ្ឋសភាប្រទេសទំាងពីរកាន់តែមានប្រសិទ្ធភាព ឆ្លើយតបចំពោះតម្រូវការជាក់ស្តែង។
ការលើកឡើងពីថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា និងឡាវនាពេលនេះ បានធ្វើឡើង ខណៈសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោកស្រី ប៉ានី យ៉ាថទូ (PANY YATHOTUO) ប្រធានរដ្ឋសភាឡាវ នៅមជ្ឈមណ្ឌលសន្និបាតជាតិ របស់ ប្រទេសឡាវ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ។
សម្តេចមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំ របស់គណបក្សប្រជាជនបដិវត្តឡាវ ដែលមាន លោក ប៊ុនញុំាង វ៉ូរ៉ាជិត អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ លោក ថងលួន ស៊ីសូលីដ នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹង បន្ត សំរេចបាននូវជោគជ័យថ្មីៗ ថែមទៀត ក្នុងការការពារ និងអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ភាពសម្បូរណ៍រុងរឿង។
សម្តេចប្រធានរដ្ឋសភា និង លោស្រី ប៉ានី យ៉ាថទូ បានសម្តែងក្តីរីករាយនៅពេលឃើញ ចំណងមិត្តភាព និង កិច្ចសហប្រតិការ រវាងប្រទេសកម្ពុជានិងឡាវមានការរីកចម្រើនជាលំដាប់ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ នៅក្នុងនោះថ្នាក់ដឹកនាំប្រទេសទំាង ពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក។
ជាមួយគ្នានោះ លោកស្រី ប៉ានី យ៉ាថទូ បានជំរុញឲ្យមានការអនុវត្តកិច្ចព្រមព្រៀង រវាងរដ្ឋសភាប្រទេសទំាងពីរ បន្ថែមទៀត ក្នុងកម្រិតគណៈកម្មការជំនាញ និងអគ្គលេខាធិការដ្ឋាន។ ជាមួយគ្នានេះ រដ្ឋសភាឡាវ បានស្នើដល់ រដ្ឋសភាកម្ពុជា ជួយគាំទ្របេក្ខភាពរបស់ខ្លួន ជាអនុប្រធានសភានៃប្រទេសនិយាយភាសាបារំាង APF និងស្នើសុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចាត់តាំងគណៈប្រតិភូ រដ្ឋសភាកម្ពុជា ទទួលបន្ទុកកិច្ចការបរទេសចូលរួម ប្រជុំ ដែលរដ្ឋសភាប្រទេសឡាវ ធ្វើជាម្ចាស់ផ្ទះ នាខែសីហា ខាងមុខនេះ។
សម្តេចមហាពញាចក្រី ហេង សំរិន បានទទួលយកសំណើនិងសំណូមពររបស់ភាគីឡាវ។ សម្តេចបានបង្ហាញការគំាទ្រ រាល់ការសម្រេចចិត្តទំាងឡាយណា នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ដើម្បីបម្រើផលប្រយោជន៍គ្នាទៅវិញទៅមកនោះ។
សម្តេចប្រធានរដ្ឋសភា បានបន្តថា ក្នុងអាណត្តិរបស់ជាប្រធានរដ្ឋសភា លោកស្រី ប៉ានី យ៉ាថទូ មិនត្រឹមតែខិតខំបន្តនូវមរតក នៃកិច្ចសហប្រតិបត្តិការរវាង រដ្ឋសភាប្រទេសទាំងពីរ ដែលមានស្រាប់ប៉ុណ្ណោះទេ តែលោកស្រី បានខិតខំជំរុញ និងលើកកម្ពស់ឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ របស់ស្ថាប័ន កំពូលប្រទេសទាំងពីរ កាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត។
ជាការកត់សម្គាល់ កាលពីឆ្នាំ២០១៦កន្លងមកនេះ លោកស្រី ប៉ានី យ៉ាថទូ បានដឹកនាំគណៈប្រតិភូរដ្ឋសភា ជាន់ខ្ពស់រដ្ឋសភាឡាវ មកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ៕