(សៀមរាប)៖ អាយស៊ីស៊ី (ICC) ជាពាក្យកាត់មកពីភាសាអង់គ្លេស International Coordination Committee for the Safeguarding and Development of Historic Site of Angkor ដែលមានន័យជាភាសាខ្មែរថា គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ។
គណៈកម្មាធិការអាយស៊ីស៊ី (ICC) បានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយសនិ្នសីទអន្តរជាតិលើកទី១ស្តីពីអង្គរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពេលទទួលចុះអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការបង្កើតយន្តការអន្តរជាតិ ICC សម្រាប់អង្គរ ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំង៥ ដែលតម្រូវឲ្យអាជ្ញាធរកម្ពុជា បំពេញក្នុងរយៈពេល៣ឆ្នាំ(១៩៩៣-១៩៩៦)។
លក្ខខណ្ឌទាំង៥នោះគឺ៖
១៖ រៀបចំបង្កើតនីតិក្រមសម្រាប់ការពារបេតិកភណ្ឌឲ្យបានសមស្រប
២៖ បង្កើតស្ថាប័នជាតិទទួលបន្ទុកការពាររមណីយដ្ឋានអង្គរ ដោយមានបុគ្គលិកគ្រប់គ្រាន់
៣៖ បង្កើតព្រំការពាររមណីយដ្ឋានអង្គរជាអចិន្ត្រៃយ៍
៤៖ បង្កើតតំបន់ទ្រនាប់ឲ្យបានសមស្រប
៥៖ បង្កើតយន្តការត្រួតពិនិត្យ និងសម្របសម្រួលកិច្ចខិតខំរបស់អន្តរជាតិ ក្នុងការអភិរក្សរមណីយដ្ឋានអង្គរ។
ក្នុងរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ១៩៩៣ ដល់១៩៩៦ ប្រទេសកម្ពុជាបានបំពេញលក្ខខណ្ឌទាំងអស់ ទោះបីជាសង្គ្រាមផ្ទៃក្នុង នៅពុំទាន់បញ្ចប់នៅឡើយក្ដី
១៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៦ ច្បាប់ស្ដីពីកិច្ចការពារបេតិកភណ្ឌពិភពលោក ត្រូវបានប្រកាសឲ្យប្រើជាការឆ្លើយតបនឹងលក្ខខណ្ឌទី១
២៖ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥ អាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់សៀមរាប-អង្គរ ហៅថា«អាជ្ញាធរអប្សរា» ត្រូវបានបង្កើតឡើងដោយ ព្រះរាជក្រឹត្យលេខ០០១ នស/រកត/០២៩៥/១២ ជាការបំពេញលក្ខខណ្ឌទី២
៣៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ព្រះរាជក្រឹត្យលេខ ០០១.នស ស្ដីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាប-អង្គរ ត្រូវបានឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជាការបំពេញលក្ខខណ្ឌទី៣ និងទី៤។
៤៖ បង្កើតនូវគណៈកម្មាធិការ ICC បំពេញលក្ខខណ្ឌទី៥។
សមាជិកនៃអាយស៊ីស៊ី (ICC) មានចំនួន៣៧ប្រទេស មកពីទ្វីប៥ និងមានអង្គការអន្តរជាតិចំនួន១៣ទៀត ចូលរួមជាសមាជិកដែរ។ បណ្តាប្រទេសទាំងនោះមាន បារាំង អាល្លឺម៉ង់ អូស្ត្រាលី បែលហ្សិក ប៊្រុយណេ កម្ពុជា កាណាដា ដាណឺម៉ាក អេហ្ស៊ីប អេស្ប៉ាញ អាមេរិក រ៉ូស្ស៊ី ក្រិច ហុងគ្រី ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន ឡាវ លុចហ្សំបួរ ម៉ាឡេស៊ី ម៉ិចស៊ិច ន័រវែស នូវែលហ្សេឡង់ ហូឡង់ ហ្វីលីពីន ប៉ូឡូញ ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង សាធារណរដ្ឋកូរ៉េ ចិន សិង្ហបុរី សិរីលង្កា ស៊ុយអែត ស្វីស ថៃ ទុយណេស៊ី និងវៀតណាម។
ចំណែកអង្គការអន្តរជាតិមានដូចជា សហភាពអឺរ៉ុប ធនាគារអភិវឌ្ឍអាស៊ី អង្គការស្បៀងអាហារនិងកសិកម្ម អង្គការមូលនិធិ រូបិយវត្ថុអន្តរជាតិ អង្គការអ៊ីក្រូម អង្គការអ៊ីកូម អង្គការអ៊ីកូម៉ូស អង្គការទេសចរណ៍អន្តរជាតិ អង្គការ SEAMEO/SPAFA អង្គការយូណេស្កូ អង្គការយូអិនឌីភី អង្គការយូអិនវី និងមូលនិធិប្រាង្គប្រាសាទពិភពលោក (WMF) ។
អាយស៊ីស៊ី (ICC) គឺជាយន្តការអន្តរជាតិសម្របសម្រួលដល់បណ្តាប្រទេស និងអង្គការផ្សេងៗ ចូលរួមអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិអង្គរ។ អាយស៊ីស៊ី (ICC) ជាវេទិកាមួយដែលស្ថាបត្យករ វិស្វករ បុរាណវិទូ អ្នកស្រាវជ្រាវ និងអ្នកបច្ចេកទេសជំនាញផ្សេងៗ គ្នាអាចផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈរបស់ពួកគេសម្រាប់ការ អភិរក្ស និងការអភិវឌ្ឍនៃឧទ្យានអង្គរ។
ភារកិច្ចសំខាន់របស់អាយស៊ីស៊ី (ICC) គឺស្រោចស្រង់ អភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់រមណីយដ្ឋានសៀមរាប-អង្គរ។ អាយស៊ីស៊ី (ICC) រៀបចំកិច្ចប្រជុំរបស់ខ្លួនពីរដង ក្នុង១ឆ្នាំម្តងជាមួយសមាជិក គឺកិច្ចប្រជុំពេញអង្គ និងម្តងទៀតគឺកិច្ចប្រជុំបច្ចេកទេស។ កិច្ចប្រជុំពេញអង្គផ្តោតលើការតម្រង់ទិសគោលនយោបាយគ្រប់គ្រង អំពាវនាវស្វែងរកជំនួយថវិកា សុពលភាពនៃគម្រោងថ្មី និងការប្រកាសពីគម្រោងថ្មីៗ នៅអង្គរ។ ជាធម្មតាសម័យប្រជុំពេញអង្គ នេះតែងតែរៀបចំនៅចុងឆ្នាំ។
ចំណែកឯសម័យប្រជុំបច្ចេកទេសតែងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ ហើយអនុញ្ញាតឲ្យអ្នកជំនាញបច្ចេកទេសផ្លាស់ប្តូរ បទពិសោធន៍របស់ពួកគេ ពិភាក្សាអំពីបញ្ហាបច្ចេកទេស និងដំណោះស្រាយសម្រាប់បញ្ហាជាក់លាក់។ រាល់សម័យប្រជុំទាំងអស់របស់អាយស៊ីស៊ី (ICC) ឯកអគ្គរដ្ឋទូត នៃប្រទេសបារាំង និងជប៉ុននៅកម្ពុជាធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ និងផ្តល់ជំនួយហិរញ្ញវត្ថុដែលចាំបាច់ផ្សេងៗ រីឯអង្គការយូណេស្កូ ធ្វើជាលេខាធិការដ្ឋាន និងផ្តល់ចំណាយពាក់ព័ន្ធនឹងបេសកកម្មរបស់ក្រុមអ្នកជំនាញអាដហុកសម្រាប់ការអភិរក្ស។ ចំណែកអាជ្ញាធរជាតិអប្សរា បានរួមចំណែកតាំងពីឆ្នាំ២០០៦ ផ្តល់ជាជំនួយហិរញ្ញវត្ថុក្នុងដំណើរការរបស់គណៈកម្មាធិការ ការចំណាយលើបេសកកម្មក្រុមអ្នកជំនាញអាដហុក និងចំណាយពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំ៕