(ភ្នំពេញ)៖ ក្នុងវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ដល់តំណាងរដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក សហជីពមូលដ្ឋាន និងគ្រូពេទ្យប្រចាំតាមរោងចក្រ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយ និងជាអ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខស្គម (ប.ស.ស) បានថ្លែងថា ការសង្រ្គោះបឋមជីវិតមនុស្ស គឺជាការជួយសង្គ្រោះជីវិតមនុស្ស មុនពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បើគ្មានបច្ចេកទេសទេ គឺអាចបណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិតបាន។
វគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមនេះ ធ្វើឡើងចាប់ពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៧ រៀបចំដោយ ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយកាកបាទក្រហមកម្ពុជា ដែលបណ្តុះបណ្តាលដោយមន្ត្រីជំនាញ មកពីកាកបាទក្រហមកម្ពុជា។
លោក ជាវ ប៊ុនរិទ្ធ បានបន្តថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីឱ្យរដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក សហជីពមូលដ្ឋាន និងគ្រូពេទ្យប្រចាំតាមរោងចក្រ មានលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចសង្គ្រោះបឋម រួមមាន៖
១៖ គោលការណ៍នៃការសង្គ្រោះបឋម
២៖ សង្គ្រោះបឋមផ្លូវចិត្ត
៣៖ ចំណុចសំខាន់ៗ នៃការគ្រប់គ្រងការសង្គ្រោះបឋម
៤៖ មូលដ្ឋានគ្រឹះនៃវិជ្ជាសង្គ្រោះបឋម
៥៖ ការដាក់អ្នកជំងឺ ឬជនរងគ្រោះក្នុងស្ថានភាពដំណេកសុវត្ថិភាព
៦៖ ចំណីអាហារ និងភេសជ្ជៈ
៧៖ ការជួយសម្រួលផ្លូវចិត្ត និងផ្លូវកាយ ចំពោះអ្នកជំងឺ ឬជនរងគ្រោះ
៨៖ សភាពស្លុក (Shock)
៩៖ ចំណុចសំខាន់ៗដែលអ្នកសង្គ្រោះត្រូវចងចាំ។
លោកបានបន្ថែមថា ប.ស.ស បានបណ្តុះបណ្តាលភ្នាក់ងារសង្គ្រោះបឋម ជូនដល់កម្មករ-កម្មការិនី តាមរយៈការជំរុញការបណ្តុះបណ្តាលភ្នាក់ងារ និងផ្សព្វផ្សាយនៅតាមរោងចក្រ សហគ្រាស និងចង់ឱ្យពួកគាត់ទទួលបាននូវវិជ្ជាសង្គ្រោះបឋមមួយថ្មី ហើយមានប្រសិទ្ធភាព ក្នុងការជួយដល់កម្មករ-កម្មកានី ពេលជួបគ្រោះថ្នាក់ដោយចៃដន្យ ទាំងក្នុងរោងចក្រ ទាំងក្នុងពេលធ្វើដំណើរផងដែរ។
លោកក៏អំពាវនាវឱ្យកម្មករ-កម្មការិនី ក៏ដូចជាក្រុមហ៊ុន សហគ្រាសទាំងអស់ មានការជឿជាក់មកលើ ប.ស.ស ក្នុងការផ្តល់សេវាលើរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់បុគ្គលិក កម្មករ-កម្មការិនី ដែលបម្រើការងារ៕