(ភ្នំពេញ)៖ ក្រុមហ៊ុន Property Guru បានបើកសន្និសីទសារព័ត៌មានមួយស្ដីពី ពិធីបើកចុះឈ្មោះពានរង្វាន់អចលនទ្រព្យកម្ពុជា «Cambodia Property Awards» ប្រចាំឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ ដើម្បីទទួលស្គាល់អ្នកអភិវឌ្ឍន៍ និងគម្រោងអចលនទ្រព្យល្អបំផុត នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។
ការប្រកួតប្រជែងដ៏មានកិត្យានុភាពនេះ បានបើកចំហទៅដល់ក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ និងបណ្តាក្រុមហ៊ុន ដែលមានលក្ខណៈសម្បត្តិ នៃការអភិវឌ្ឍន៍គ្រប់គ្រាន់ ដែលមានទីតាំងនៅរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ដែលជាទីតាំងមួយនៃអចលនទ្រព្យ ដ៏អស្ចារ្យបំផុត នៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះ។
អ្នកអភិវឌ្ឍន៍ និងសាធារណជនទូទៅ ត្រូវបានស្វាគមន៍ក្នុងការស្នើរសុំ ចុះឈ្មោះរហូតដល់ថ្ងៃទី០៥ខែមករាឆ្នាំ២០១៨ ខណៈដែលការចុះឈ្មោះចូលរួមទស្សនា ត្រូវបានទទួលរហូតដល់ថ្ងៃទី១២ ខែមករា។ មិនមានការយកថ្លៃចូលរួមទស្សនា នោះទេ។
មានការបែងចែកចេញជា៣ ផ្នែកធំ ៗ គឺ អ្នកអភិវឌ្ឍ, ការអភិវឌ្ឍន៍ និងឌីហ្សាញ។ នឹងមានការជ្រើសរើស ពានរង្វាន់ពិសេសសម្រាប់ការលើកកម្ពស់ ទំនួលខុសត្រូវសង្គម (CSR) និងភាពល្អប្រសើរ នៅក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព អគារបៃតង និងការរចនាជាសកល។
មានគម្រោងច្រើនជាង៣០ មកពី បណ្តាក្រុមហ៊ុនចំនួន១៣ ដែលមានទីតាំងឆ្លងក្នុងតំបន់ទំាងនោះ បានចូលរួមការប្រកួតពានរង្វាន់ ប្រចាំឆ្នាំ២០១៧ ដោយមានសរុបទំាងអស់ចំនួន១១ ក្រុមហ៊ុនបានជាប់ក្នុងបញ្ជីឈ្មោះជ្រើសរើស និងក្រុមហ៊ុនបូរីប៉េងហួត គ្រុបទទួលបានពានរង្វាន់អ្នកអភិវឌ្ឍន៍ ល្អបំផុតលំដាប់ទី២ នៅកម្ពុជា។ នៅឆ្នាំ២០១៨ ចំនួនអ្នកអភិវឌ្ឍចូលរួម ត្រូវបានគេរំពឹងថា នឹងកើនឡើង នៅពេលដែលពានរង្វាន់ កាន់តែមានភាពប្រកួតប្រជែងខ្លាំងឡើង និងគម្រោងដែលលេចធ្លោជាច្រើន ត្រូវបានប្រកាស។
លោក Hari V. Krishnan នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Property Guru Group បានមានប្រសាសន៍ថា «កំណើនវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតជាគួរឲ្យកត់សម្គាល់ ហើយយើងរីករាយ នឹងបន្តផ្តោតលើទីផ្សារអចលនទ្រព្យ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស របស់អាស៊ីអាគ្នេយ៍មួយនេះ!»។
លោកបានបន្ថែមទៀតថា ខណៈដែលអ្នកប្រើប្រាស់ក្នុងស្រុក ភាគច្រើនចាប់ផ្ដើមស្វែងរកអចលនទ្រព្យ តាមប្រព័ន្ធអ៊ីនធើណែត កម្មវិធី Property Guru Cambodia Property Awards ដើរតួនាទីយ៉ាងសំខាន់ ជាចំណុចចាប់ផ្តើមមួយ ដែលអ្នកប្រើប្រាស់អាចចាប់យកការច្នៃប្រឌិត និងរកឃើញអចលទ្រព្យដ៏ល្អបំផុតប្រចាំឆ្នាំ។
គ្រប់គ្រងដោយក្រុមហ៊ុន BDO ដែលជាក្រុមហ៊ុនសវនកម្ម និងគណនេយ្យធំបំផុតលំដាប់ទី៥ នៅលើពិភពលោក កម្មវិធី PropertyGuru Cambodia Property Awards ត្រូវបានវិនិច្ឆ័យ ដោយអ្នកជំនាញឧស្សាហកម្មឯករាជ្យ ដឹកនាំដោយលោក ស៊ន សៀប ស្ថាបនិក និងជានាយកក្រុមហ៊ុន Key Real Estate Co Ltd ។
លោក ស៊ន សៀប បានមានប្រសាសន៍ថា «ខ្ញុំជឿជាក់ថា កម្មវិធីផ្តល់រង្វាន់បានរួមចំណែកយ៉ាងធំធេង ដល់ឧស្សាហកម្មសំណង់ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដោយទាក់ទាញ អ្នកវិនិយោគមកពីជុំវិញតំបន់ និងផ្នែកផ្សេងទៀតនៃពិភពលោក ដើម្បីពិចារណាលើការវិនិយោគ លើវិស័យអចលនទ្រព្យនៅកម្ពុជា។ ពានរង្វាន់នេះ បានក្លាយជាស្ថាប័នមួយ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនអចលនទ្រព្យ និងសំណង់នៅក្នុងប្រទេសកម្ពុជា»។
នៅក្នុងឆ្នាំ២០១៧ មានភ្ញៀវប្រហែល៣០០នាក់ បានចូលរួមការបើកកម្មវិធី និងទទួលទានអាហារពេលល្ងាច នៅឯសណ្ឋាគារ Sofitel Phnom Penh Phokeethra ដែលមានភ្ញៀវចូលរួមជាច្រើននាក់រួមមាន លោកទេសរដ្ឋមន្រ្តី ជាសុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលបានថ្លែងសុន្ទរកថា។
ខណៈដែលមិនមាន អ្នកទទួលបានកាលពីឆ្នាំមុន អ្នកកែសម្រួលទស្សនាវដ្តី អចលនទ្រព្យកំពុងស្វែងរកបុគ្គលិកលក្ខណៈ នៃអចលនទ្រព្យនៅកម្ពុជាប្រចាំឆ្នាំបន្តទៀត ដើម្បីអបអរសាទរបុគ្គលម្នាក់ ដែលបានបង្ហាញពីការច្នៃប្រឌិត មហិច្ឆតា និងសមិទ្ធិផលក្នុងវិស័យ អចលនទ្រព្យក្នុងស្រុក។
លោក Terry Blackburn ជាស្ថាបនិក និងជានាយកគ្រប់គ្រង PropertyGuru Asia Property Awards បានមានប្រសាសន៍ថា «វាជាកិត្តិយសដ៏ធំធេង នៃការទទួលខុសត្រូវក្នុងការផ្តល់វេទិកាមួយ ដើម្បីទទួលស្គាល់ និងផ្តល់ពានរង្វាន់ដល់អ្នកអភិវឌ្ឍន៍ និងគម្រោងឈានមុខគេរបស់ប្រទេស។ យើងសង្ឃឹមថា ពានរង្វាន់អចលនទ្រព្យនៅកម្ពុជា នឹងលើកទឹកចិត្តឲ្យមានការសាងសង់ ដែលមានគុណភាពល្អ ការរចនាប្រកបដោយភាពច្នៃប្រឌិត និងការអភិវឌ្ឍន៍ប្រកប ដោយនិរន្តភាពនៅក្នុងឆ្នាំខាងមុខ»។
សូមបញ្ជាក់ថា កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property ឆ្នាំ ២០១៨ ត្រូវបានឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុន KHI Huot Co., Ltd.។ ដៃគូផ្លូវការ Realestate.com.kh អង្គការមនុស្សធម៌ CARE អន្តរជាតិ, ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដៃគូ Southeast Asia GLOBE, Construction & Property និងទស្សនាវដ្តី PropertyGuru Property Report; ការគាំទ្រពីសមាគមសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) និងអ្នកគ្រប់គ្រងផ្លូវការ BDO៕