(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ លោក នុត ពុធដារ៉ា បានដាក់វិធានការឲ្យសមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្ដសកម្មភាព យកចិត្តទុកដាក់ រាល់ការងារបង្ការ បង្ក្រាប និងលុបបំបាត់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន និងអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពឲ្យបានល្អ។
ថ្លែងបែបនេះរបស់លោក នុត ពុធដារ៉ា ត្រូវបានធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ ក្នុងកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ។ ក្នុងនោះក៏មានការចូលរួមពីសំណាក លោក លោកស្រីអភិបាលរង អធិការនគរបាលខណ្ឌ ប្រធានការិយាល័យចំណុះជំនាញនានាជុំវិញខណ្ឌ ចៅសង្កាត់ នាយប៉ុស្តិ៍ ស្មៀនសង្កាត់ទាំង១៣ មេភូមិទាំង៨៧ និងនាយកសាលាទាំងអស់ ក្នុងខណ្ឌសរុប២០០នាក់។
លោកអភិបាល បានធ្វើការណែនាំដល់ អង្គប្រជុំលើខ្លឹមសារសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
-យកចិត្តទុកដាក់ការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពឲ្យមានប្រសិទ្ធិភាព ទប់ស្កាត់បទល្មើសនានា ល្បែងស៊ីសង លួចឆក់ប្លន់គ្រប់ប្រភេទ
-បង្កា បង្រ្កាប និងលុបបំបាត់ឲ្យបាននូវរាល់បទល្មើសគ្រឿងញៀន ក្នុងមូលដ្ឋានកុំឲ្យកើតមាន
-ការងារបរិស្ថាន សូមសហការឲ្យបានល្អប្រសើរជាមួយក្រុមហ៊ុនស៊ីនទ្រី សម្អាតតាមដងផ្លូវ និងទីប្រជុំជននានាឲ្យបានស្អាតជាប្រចាំ និងត្រូវត្រួតពិនិត្យតារាងពេលវេលាប្រមូលសំរាម ឲ្យបានទៀងទាត់
-ពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋានសង្កាត់ទាំង១៣ ទាំងថវិការបស់រដ្ឋបាលខណ្ឌ និងគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ ឲ្យបានឆាប់រហ័ស និងត្រឹមត្រូវតាមបច្ចេកទេស ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឆាប់បានប្រើប្រាស់ ព្រមទាំងពិភាក្សាលើគម្រោងសម្រាប់ឆ្នាំ២០១៨។
-ជំរុញនីតិវិធី នៃការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យរបស់បងប្អូនប្រជាពលរដ្ឋនូវមូលដ្ឋាន ឲ្យបានលឿន តម្លាភាព និងតម្លៃថោក ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ៕