(កណ្ដាល)៖ ប្រជាពលរដ្ឋ៤គ្រួសារ រស់នៅក្នុងភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល បានចោទប្រកាន់ជនខិលខូចមួយក្រុម បានឃុបឃិតជាមួយអាជ្ញាធរ​ ឃុំស្វាយជ្រុំ ចេញឯកសាររំលោភយកដី​អនុផលពួកគាត់ ចំនួន១០ហិកតា ស្ថិតនៅចំណុចរោងគោ ភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

លោក នុត ប៊ុនធែល ម្ចាស់ដីម្នាក់ក្នុងចំណោមពលរដ្ឋ៤គ្រួសារ​ខាងលើ បានឲ្យ Fresh News ដឹងថា ដីអនុផលទំហុំសរុប១០ហិកតា​ខាងលើ ត្រូវបានគ្រួសារពួកគាត់​កាន់កាប់អាស្រ័យ ផលដាំឈូក​លក់តាំងពីឆ្នាំ១៩៩១ ដោយមាការទទួលស្គាល់ និងចេញលិខិតកាន់កាប់ ដោយលោកមេ​ឃុំព្រែកតាកូវ តាំងពីឆ្នាំ១៩៩១មក។ លោកថា ដោយសារតម្លៃឈូកធ្លាក់ចុះ ពួកគាត់បានផ្អាករបរដាំឈូក​នៅលើដីនោះ ប្រមាណជា៤ទៅ៥ឆ្នាំ​ចុងក្រោយនេះ ស្រាប់តែមានជនខិលខូច​ឈ្មោះ កៅ សុខន រស់នៅភូមិព្រៃល្វា ឃុំព្រែកថ្កូវ ស្រុកខ្សាច់កណ្តាល និងបក្សពួក៦នាក់ទៀត យកដីនេះទៅលក់ឲ្យភាគីទី៣ ដោយមានការទទួលស្គាល់ ពីអាជ្ញាធរឃុំស្វាយជ្រុំទៅវិញ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧​កន្លងទៅ និងបាននាំគ្នាមកលួចកាច់​បង្គោល​ របងព្រំដីពួកគាត់ជាបន្តបន្ទាប់ ទើបង្ករឲ្យមានជម្លោះកើតឡើង មកទល់បច្ចុប្បន្ន។

ពាក់ព័ន្ឋករណីនេះដែរ​ លោកស្រី យឺន សុខន ដែលមានដីនៅជាប់ព្រំដីជម្លោះខាងលើនោះ អះអាងថា កន្លងមកជនខិលខូចឈ្មោះ កៅ សុខន ខាងលើ និងឈ្មោះ ហយ វ៉ៃ រួមនឹងបក្សពួកមួយចំនួនទៀត ក៏បានយកដីរបស់ពួកគាត់ចំនួន១៦គ្រួសារ មានទំហំប្រហែល២០ហិកតា ដែលសម្តេចនាយករដ្ឋមន្រ្តី​ចេញស.ជ.ណ តាមរយៈទីស្តីការ​គណៈរដ្ឋមន្រ្តី កាត់ឲ្យពួកគាត់ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០៨ យកទៅឲ្យឈ្មោះ ប៊ុន រ៉ាវុធ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទើបបង្ក​ជាជម្លោះមកទល់សព្វថ្ងៃផងដែរ។ លោកស្រី​ថា ឈ្មោះ កៅ សុខន និងឈ្មោះ ហយ វ៉ៃ មិនមានប្រវត្តិច្បាស់​លាស់នោះទេ ហើយចេះតែដើរយកដីគេ លក់ទៅឲ្យភាគីទី៣. ដោយមានអាជ្ញាធរស្រុកខ្សាច់កណ្តាល នៅពីក្រោយ ទើបបង្កឲ្យមានទំនាស់ដីធ្លីបន្ត​ ពីម្នាក់ទៅម្នាក់ទៀតយ៉ាងដូច្នេះ ហើយជានិច្ចជាកាល​​ភាគីទីបី​ឈ្មោះ ប៊ុន រ៉ាវុធ តែងយកកម្លាំងសម្ថកិច្ច និងយកអាវុធមកគម្រាមកំហែងពួកគាត់ ជាបន្តបន្ទាប់ ដើម្បីដណ្តើមយកដីនោះ។

ចំណែកលោក កៅ សុខុន ដែលរងការចោទប្រកាន់​ពីពលរដ្ឋបានអះអាងថា ខ្លួននិងបក្សពួកចំនួន៦គ្រួសារផ្សេងទៀត បានកាន់កាប់ និងអាស្រ័យផល​លើដីទំហុំ១០ហិកតានេះ តាំងពីឆ្នាំ១៩៩៣ មក ហើយកន្លងមកអាជ្ញាធរ​ឃុំស្វាយជ្រុំ បានចេញលិខិតទទួលស្គាល់​ការទិញលក់ របស់ពួកគាត់​នៅក្នុងឆ្នាំ២០១៧នេះទៀតផង។

ពាក់ព័ន្ធករណីនេះ លោក ជា ម៉ាច មេឃុំព្រែកតាកូវ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលបានបញ្ជាក់ថា ប្រវត្តិដីនោះ គឺពលរដ្ឋ៤គ្រួសារ រស់នៅលើភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម បានកាន់កាប់និងអាស្រ័យផល តាំងពីឆ្នាំ១៩៩១ប្រាកដមែន។ ​លោកក៏មិនដែលស្គាល់ឈ្មោះ កៅ សុនខុន ដែលរងការចោទប្រកាន់​ខាងលើនោះ មានប្រវត្តិយ៉ាងណា ហើយរស់​នៅទីណាដែរ។ ចំណែកការទិញលក់ទទួលស្គាល់ ដោយមេឃុំស្វាយជ្រុំ នៅ​ឆ្នាំ២០១៧នេះ លោកក៏មិនយល់ដែរ ព្រោះដីនេះមានទីតាំង​ ក្នុងដែនរដ្ឋបាលឃុំព្រែកតាកូវឯណេះទេ។

ចំណែកលោក ហ៊ុន កយ មេឃុំស្វាយជ្រុំ​ មានប្រសាសន៍ថា ដីជម្លោះចំណុចរោងគោនោះ ស្ថិតក្នុងដែនរដ្ឋបាលឃុំស្វាយជ្រុំ មិនមែនឃុំព្រែកថ្កូវនោះទេ ចំណែកការចេញលិខិត​ ទទួលស្គាល់ឆ្នាំ១៩៩១ ដោយមេឃុំព្រែកតាកូវនោះ លោកមិនដឹងថា ជាដីនៅចំណុចណានោះទេ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋរងគ្រោះ​ដីធ្លី​ទាំងពីរក្រុមខាងលើ បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសក្រសួងដែនដីនគរូបនីយកម្ម ដែលមានលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ជារដ្ឋមន្រ្តី ទទួលបានដាវអាជ្ញាសឹក ពីសម្តេចនាយករដ្ឋមន្រ្តី មេត្តាជួយរកយុត្តិធម៌ជូន​ពួកគាត់ឲ្យ បានឆាប់រហ័សផង ដើម្បីពួកគាត់បានអាស្រ័យផល និងរួចផុតពីការគំរាមកំហែង ពីបុគ្គលមានអំណាច ដែលយកកម្លាំងប្រដាប់អាវុធមក​គំរាមពួកគាត់។ ពលរដ្ឋអះអាងថា ក្រសួងគួរដោះស្រាយឲ្យបានឆាប់រហ័ស បើពួកគាត់ខុសថាខុស ពួកគាត់ត្រូវថាត្រូវ ហើយធ្វើប្លង់ឲ្យពួកគាត់កាន់កាប់ឲ្យឆាប់រហ័ស ជៀសវាងការគំរាមរំលោភយក​ពីអ្នកដទៃ៕

លោក កៅ សុខន ដែលរងការចោទប្រកាន់ពីប្រជាពលរដ្ឋ

ប្រជាពលរដ្ឋរងគ្រោះ

ទីតាំងដីដែលមានទំនាស់

ប្រជាពលរដ្ឋរងគ្រោះ