(ភ្នំពេញ)៖ ថ្លែងចេញពីទីតាំងទី៤ កន្លែងជួបកម្មករចំការកៅស៊ូ នៅក្នុងទឹកដីវៀតណាម, សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់កងទ័ពវៀតណាម បានដាំបាយឆ្នាំងលេខ១០ និងស្ងោរជើងជ្រូក​ជាមួយឆៃថាវ ឲ្យសម្តេចនិងយុទ្ធមិត្ត៤រូប, សម្តេចបានលើកឡើងថា ពេលនោះ (កាលពី៤០ឆ្នាំមុន) គឹជាអាហារ ដ៏ឆ្ងាញ់បំផុតរបស់សម្តេច ព្រោះថាសម្តេចនិងយុទ្ធមិត្ត៤រូប ទទួលទានតែបបររាប់ឆ្នាំមកហើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះកងទ័ពវៀតណាម ដែលថែមទាំងមិនបានចាប់ចងធ្វើបាបនោះទេ បែរជាជួយដល់សម្តេច និងយុទ្ធមិត្ត ៤រូបទៀត ក្នុងនាមជាជនភៀសខ្លួន និងជួយគាំទ្រឈានទៅដល់ការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ ត្រង់ចំណុចសម្តេចបានលើកឡើងថា វៀតណាម ជាប្រទេសកុម្មុនីស្ត ប៉ុន្តែមិនដូចប្រទេសសេរីមួយចំនួន ដែលមានវាយធ្វើបាបចំពោះជាតិសាសន៍ដទៃក្នុងនាមជនភៀសខ្លួន៕