(ភ្នំពេញ)៖ សហភាពអឺរ៉ុប (EU) ដែលជាដៃគូអន្តរជាតិដ៏សំខាន់របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នោះ បានបញ្ជាក់ពីជំហរបស់ខ្លួនថា នឹងបន្តជួយគាំទ្រដល់ គ.ជ.ប ក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នៅឆ្នាំ២០១៨ ខាងមុខ បន្ថែមទៀត បន្ទាប់ពីស្ថាប័នអន្តរជាតិមួយនេះ បានផ្ដល់ជំនួយជាសម្ភារ ថវិកា និងភ្នាក់ងារបច្ចេកទេសជាបន្តបន្ទាប់ដល់ គ.ជ.ប។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ។
ជំហគាំទ្រនេះ ត្រូវបានបញ្ជាក់ដោយលោក ចច អេដហ្គឺ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ថ្លែងនៅចំពោះមុខលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និងលោក គួច ប៊ុនរឿន អនុប្រធាន គ.ជ.ប ក្នុងជំនួបពិភាក្សាពាក់ព័ន្ធនឹងដំណើរការបោះឆ្នោត និងការជួយគាំទ្របន្តដល់ គ.ជ.ប នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។
បើតាមលោក ខន កែវមនោ ក្នុងជំនួបខាងលើនោះ លោក ចច អេដហ្គឺ បានជម្រាបប្រាប់ថ្នាក់ដឹកនាំ គ.ជ.ប ថា សហភាពអឺរ៉ុប មិនទាន់ចេញសេចក្ដីថ្លែងការណ៍ផ្លូវការណាមួយ ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅឡើយទេ ប៉ុន្តែសហភាពអឺរ៉ុប ក៏បានគាំទ្រសេចក្ដីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាផងដែរ។
លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា សហភាពអឺរ៉ុប នឹងចេញសេចក្ដីថ្លែងការណ៍ផ្លូវការ បន្ទាប់ពី គ.ជ.ប ប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ រួចរាល់ ប៉ុន្តែក្នុងកិច្ចប្រជុំនោះ លោកក៏បានថ្លែងពីការកោតសរសើរ ចំពោះដំណើរការបោះឆ្នោតឃុំ-សង្កាត់នេះផងដែរ ពោលទាំងពេលចុះឈ្មោះបោះឆ្នោត ពេលបោះឆ្នោត និងពេលប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត។
លោក ខន កែវមនោ បានបន្តថា កន្លងមក សហភាពអឺរ៉ុបបានផ្ដល់ជំនួយជាសម្ភារ ថវិកា ការប្រឹក្សាយោបល់ ក៏ដូចជាបញ្ជូនភ្នាក់ងារបច្ចេកទេសជំនាញ ឲ្យមកជួយធ្វើការជាមួយ គ.ជ.ប ថែមទៀតផង។ ក្រៅពីសហភាពអឺរ៉ុប ដែលជាដៃគូដ៏សំខាន់របស់ គ.ជ.ប នោះ អង្គការ JICA របស់ប្រទេសជប៉ុន ក៏បានជួយគាំទ្រដល់ គ.ជ.ប យ៉ាងជិតស្នីទ្ធផងដែរ។
ក្នុងជំនួបនៅថ្ងៃម្សិលមិញ លោក ស៊ិក ប៊ុនហុក ក៏បានស្នើសុំឲ្យសហភាពអឺរ៉ុប បន្តជួយណែនាំ និងកែលម្អភាពខ្វះចន្លោះនានា ដែលកើតមានកាលពីអំឡុងពេលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការបោះឆ្នោត នៅពេលក្រោយមានភាពល្អប្រសើរជាងមុន។
បើតាម គ.ជ.ប លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងត្រូវប្រកាសនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (ទទក) និងនៅលើគេហទំព័ររបស់ គ.ជ.ប ពោលនៅសល់តែ ៤ថ្ងៃទៀតប៉ុណ្ណោះ។ ក្រោយការប្រកាសលទ្ធផលផ្លូវការ រយៈពេល១៤ថ្ងៃ នឹងមានការរោះរើដោះដូរមេឃុំ-ចៅសង្កាត់ថ្មី នៅទូទាំងប្រទេស។
នៅអំឡុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នោះ មានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន ៧,០៤០,៥៩៤នាក់ ស្មើនឹង ៨៩.៥២ភាគរយ នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦។ ដោយឡែក ចំពោះស្ថានការណ៍នៃការបោះឆ្នោត នាពេលនោះ ត្រូវបានស្ថាប័នជាតិ-អន្តរជាតិ គណបក្សនយោបាយ អង្គការជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋបានវាយតម្លៃ និងកោតសរសើរថា មានភាពរលូនជាងអាណត្តិមុនៗ ខណៈសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក៏ត្រូវបានការពារយ៉ាងល្អប្រសើរផងដែរ៕