(ភ្នំពេញ)៖ ថ្លែងចេញពីកន្លែងលាក់អាវុធរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូប ក្នុងដំណើការតស៊ូរំដោះប្រទេសជាតិ នៅព្រំដែនកម្ពុជា-វៀតណាម សម្តេចតេជោ ហ៊ុន សែន​ លើកឡើងនៅទីនោះថា ការតស៊ូរបស់សម្តេច ដោយរត់ភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រកម្លាំងយោធា មករំដោះ ប្រទេសកម្ពុជា នោះគឺសម្តេចធ្វើឡើងដូចវីរៈបុរសរបស់ប្រទេសបារាំង លោក សាលដឺហ្គោល។ (សូមស្តាប់ប្រសាសន៍សម្តេច)

សម្តេចតេជោ ហ៊ុន សែន បានបន្តលើកឡើងថា សម្តេចបានរត់ភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ចំណែកលោក សាលដឺហ្គោល រត់ភៀសខ្លួនពីបារាំងទៅកាន់ ប្រទេសអង់គ្លេស ដើម្បីស្វែងរកការគាំទ្រ រំដោះប្រទេសបារាំងចេញពី អាណានិគមហ្វាស៊ីលហ៊ីត្លែល ហើយលោក សាលដឺហ្គោល ត្រូវបានប្រជាជនបារាំង ចាត់ទុកជាវីរៈបុរសរបស់ពួកគេ។ សម្តេចបានបន្តថា ប្រសិនបើចង់បន្ទោសសម្តេចថា ហេតុអ្វីទៅពឹងប្រទេសវៀតណាម ដើម្បីជួយរំដោះប្រទេស អញ្ជឹងគួរបន្ទោសលោក សាលដឺហ្គោល ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ក្នុងពេលដែលលោកឧត្តមសេនីយ៍ សាលដឺហ្គោល រត់ភៀសខ្លួនពីបារាំងទៅកាន់ប្រទេសអង់គ្លេស រួចហើយតស៊ូត្រឡប់មកវិញដើម្បីរំដោះ ប្រទេសបារាំងចេញពី ពួកហ្វាស៊ីលហ៊ីត្លែល ខ្ញុំធ្វើអ្វីដែលជាកិច្ចការសាលដឺហ្គោលធ្លាប់ធ្វើដូច្នេះ វាមិខុសគ្នាទេ។ បើសិនជាគេបន្ទោសខ្ញុំថាខ្ញុំមករកវៀតណាមជួយ គេត្រូវជេរដឺហ្គោល ដែលប្រជាជនចាត់ទុកជាវិរៈបុរសរបស់ប្រទេសបារាំង។ ប៉ុន្តែដឺហ្គោលក៏ធ្វើដូចខ្ញុំ គាត់ទៅប្រទេសអង់គ្លេស ឯខ្ញុំចេញពីកម្ពុជាមកប្រទេសវៀតណាម​ ចឹងវាអត់មានអ្វីខុសគ្នាទេ នេះជាបុព្វហេតុដែលយើង​ត្រូវតែធ្វើដើម្បីសង្គ្រោះប្រទេសរបស់យើង»។

នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន និងមន្រ្តីសំខាន់ៗមួយចំនួនធំ បានអញ្ជើញមកកាន់ទីតាំងស្លាកស្នាមអនុស្សាវរីយ៍មួយចំនួន នៅក្នុងប្រទេសវៀតណាម ដែលសម្តេចនិងយុទ្ធមិត្ត៤រូប ធ្វើដំណើរឆ្ពោះទៅពឹងវៀតណាម ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី៤០ឆ្នាំមុន៕