(កណ្តាល)៖ ក្រុមចោរបន្ល់ និងឆក់យ៉ាងកក្រើកនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រៃវែងចំនួន៧នាក់ ដែលធ្លាប់ធ្វើសកម្មភាពជាច្រើនលើក ធ្វើឲ្យសមត្ថកិច្ចឈឺក្បាល វិលមុខនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ ដើម្បីផ្តន្ទោទោសតាមច្បាប់។ នេះបើតាមលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកនេះ។
សូមជម្រាបថា ក្រុមចោរប្លន់ និងឆក់យ៉ាងកក្រើកនៅរាជធានីភ្នំពេញ ខេតកណ្តាល និងខេត្តព្រៃវែងចំនួន៧នាក់ ដែលធ្លាប់ធ្វើសកម្មភាពជាច្រើនលើកនោះ ត្រូវបានកម្លាំងកងអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកងកម្លាំងអាវុធហត្ថខេត្តព្រៃវែង តាមស្រាវជ្រាវរហូតបង្ក្រាបបានជាបន្តបន្ទាប់ហើយ។
ក្រោយតាមបង្ក្រាបបានក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រុមចោរទាំង៧នាក់ ត្រូវបានយកមកបង្ហាញមុខជាសាធារណៈ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ ដឹកនាំដោយលោក ទូច អ៊ីណាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល និងមានការចូលរួមពីមន្ត្រីកងរាជអាវុធហត្ថមួយចំនួនទៀតផងដែរ។ បើតាមលោកមេបញ្ជាការរង ប្រតិបត្តិការនេះត្រូវបានធ្វើឡើង តាមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ក្រោមការសម្របសម្រួលពីតំណាងអយ្យការ។
លោក ទូច អ៊ីណាន បានឲ្យដឹងថា ជំហ៊ានដំបូងកម្លាំងជំនាញបង្ក្រាបបានក្រុមបក្ខពួក០៥នាក់ នៅវេលាម៉ោង២១៖៤០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចដងផ្លូវជាតិ៨A ក្នុងភូមិតាំងឬស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ធ្វើការឃាត់ខ្លួនបានចំនួន៥នាក់ ទី១៖ឈ្មោះ ស៊ាន សឿន ហៅម៉ាប់ អាយុ១៨ឆ្នាំ រស់នៅភូមិស្វាយទោ ឃុំជាយកំពក ស្រុកព្រះស្តេច, ទី២៖ឈ្មោះ សួន ភស្ត័ ហៅឌុក អាយុ១៨ឆ្នាំ រស់នៅភូមិរកាជួង ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច, ទី៣៖ឈ្មោះ នូ វ៉ាត អាយុ១៩ឆ្នាំ រស់នៅភូមិកាកេត ឃុំព្រះស្តេច ស្រុកព្រះស្តេច, ទី៤៖ឈ្មោះ វ៉េង សុខម៉េង អាយុ២០ឆ្នាំ រស់នៅភូមិវាលវង់ ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ និងទី៥៖ឈ្មោះ តក់ ភក្ត្រា អាយុ១៧ឆ្នាំ រស់នៅភូមិពញ្ញាលៀង ឃុំអង្គររាជ ស្រុកព្រះសេ្តច។ ដោយក្នុងនោះ ដកហូតម៉ូតូ០២គ្រឿង ម៉ាកScoopy ពាក់ស្លាកលេខភ្នំពេញ1FK-7083 និងមួយគ្រឿងទៀត ម៉ាក Nix ពាក់ស្លាកលេខព្រៃវែង1K-3622 ដាវដែក១ដើម ទូរស័ព្ទ០៣គ្រឿង និងសំលៀកបំពាក់សម្រាប់ធ្វើសកម្មភាពក្លែងភេទ។
បើតាមលោកមេបញ្ជាការរង ក្រោយពីសាកសួរលុះដល់នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ជំនាញបន្តទៅឃាត់ខ្លួនជនសង្ស័យ៣នាក់ទៀត នៅចំណុច អាងទឹកស្តាតអូឡាំពិច (ភ្នំពេញ) និងស្រុកកៀនស្វាយ ដោយទី១៖ឈ្មោះ ស្រេង សាឡេន អាយុ២២ឆ្នាំ, ទី២៖ឈ្មោះ ផាន សំណាង អាយុ១៧ឆ្នាំ និងទី៣៖ឈ្មោះ ស៊ាត ពិសី អាយុ២២ឆ្នាំ (ឃាត់ខ្លួននៅស្រុកកៀនស្វាយ) ក្នុងនោះដកហូតបាន ម៉ូតូចំនួន៤គ្រឿង ម៉ាក Today ពាក់ស្លាកលេខភ្នំពេញ1CK-0477, ម៉ាក Nix ស្លាកលេខកណ្តាល1P-4494, ម៉ាក Honda Dream ពាក់ស្លាកលេខកំពង់ឆ្នាំង1F-0759, ម៉ាក Zoomer-X ពាក់ស្លាកលេខភ្នំពេញ1FS-2515 និងបន្តទៅដកហូតម៉ូតូ២គ្រឿងទៀត នៅហាងបញ្ចាំឃ្លាំងរំសេវដែលជារបស់មិត្តភ័ក្រជនល្មើស។
យ៉ាងណាមិញ ចំពោះបក្ខពួកក្រុមចោរប្លន់ចំនួន៤នាក់ទៀត ត្រូវបានសមត្ថកិច្ចសួរនាំរួចឃើញថា មិនមានជាប់ពាក់ព័ន្ធជាមួយសកម្មប្លន់នោះទេ ដោយគ្រាន់តែជាអ្នកស្គាល់គ្នាធម្មតាប៉ុណ្ណោះ ហើយត្រូវបានព្រះរាជអាជ្ញាសម្រេចដោះលែងឲ្យមានសេរីភាពវិញផងដែរ។
លោក ទូច អ៊ីណាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល បានបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ជនរង គ្រោះជាច្រើននាក់ ដែលរងគ្រោះដោយសារក្រុមទាំងនេះ ធ្វើសកម្មភាពវាយប្លន់។ នៅថ្ងៃម្សិលមិញ កម្លាំងអាវុធហត្ថក៏បានប្រគល់ម៉ូតូ និងទ្រព្យសម្បត្តិជូនជនរងគ្រោះផងដែរ៕