(ភ្នំពេញ)៖ គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំពិនិត្យលើបណ្ដឹងចំនួន ១៥បណ្ដឹង ដែលគណបក្សនយោបាយបានប្ដឹងពីបណ្ដាខេត្តមួយចំនួន ក្រោយពិនិត្យចប់សព្វគ្រប់ គ.ជ.ប បានសម្រេចធ្វើលិខិតជូនដំណឹងទៅកាន់គណបក្សនយោបាយទាំងនោះវិញ ដោយសារបណ្ដឹងទាំងនោះ មិនគ្រប់ធាតុផ្សំក្នុងការដាក់ពាក្យបណ្ដឹងមក គ.ជ.ប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ។
សេចក្ដីប្រកាសបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ គ.ជ.ប បានបិទបញ្ចប់ការទទួលពាក្យបណ្ដឹង ទាក់ទងនឹងការមិនសុខចិត្តទៅនឹងលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ ដោយ គ.ជ.ប បានទទួលពាក្យបណ្ដឹងចំនួន ៦៤បណ្ដឹង ក្នុងនោះរួមមាន បណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញចំនួន ៤៦បណ្ដឹង និងបណ្ដឹងសុំផ្តន្ទាទោសចំនួន ១៨បណ្ដឹង ហើយបណ្ដឹងទាំង៦៤នោះ ត្រូវបាន គ.ជ.ប ដោះស្រាយចប់សព្វគ្រប់ទាំងអស់ហើយ គិតត្រឹមថ្ងៃទី២០ ខែមិថុនា ម្សិលមិញ។
បើតាម គ.ជ.ប លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនោះ នឹងត្រូវប្រកាសនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (ទទក) និងនៅលើគេហទំព័ររបស់ គ.ជ.ប ពោលនៅសល់តែ ៤ថ្ងៃទៀតប៉ុណ្ណោះ។ ក្រោយការប្រកាសលទ្ធផលផ្លូវការ រយៈពេល១៤ថ្ងៃ នឹងមានការរោះរើដោះដូរមេឃុំ-ចៅសង្កាត់ថ្មី នៅទូទាំងប្រទេស។
នៅអំឡុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ រយៈពេល១ថ្ងៃគត់នោះ មានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន ៧,០៤០,៥៩៤នាក់ ស្មើនឹង ៨៩.៥២ភាគរយ នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦។ ដោយឡែក ចំពោះស្ថានការណ៍នៃការបោះឆ្នោត នាពេលនោះ ត្រូវបានស្ថាប័នជាតិ-អន្តរជាតិ គណបក្សនយោបាយ អង្គការជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋគ្រប់ទិសទី បានវាយតម្លៃ និងកោតសរសើរថា មានភាពរលូនជាងអាណត្តិមុនៗ ខណៈសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក៏ត្រូវបានការពារយ៉ាងល្អប្រសើរផងដែរ៕