(ភ្នំពេញ)៖ ត្រីមិនទាន់ចាប់បានផង កឹម សុខា គិតបែងចែកត្រីណាស្ងោរជ្រក់ ត្រីណាអាំង ត្រីណាចៀន ត្រីណាធ្វើផ្អក! តែទីបំផុតវាគ្រាន់តែជាការយល់សប្តិប៉ុណ្ណោះ។ កឹម សុខា មេបក្សសង្គ្រោះជាតិឡើងតំណែងដោយបុណ្យ របស់ទេវតាបាននិយាយប្រាប់កាសែត ភ្នំពេញប៉ុស្តិ៍ កាលពីចុងសបា្តហ៍នេះដោយចរិតក្រអឺតក្រទមខ្លាំងថា «ខ្លួនជឿថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចនឹងត្រូវបានបង្ខំឲ្យប្រគល់អំណាច ប្រសិនបើគាត់ចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨»។
តើ កឹម សុខា ពិតជាស្រេកឃ្លានអំណាចខ្លាំងណាស់មែនឬ រហូតដល់ប្រើពាក្យថាចាប់បង្ខំដើម្បីប្រគល់អំណាច?
ស្រេកឃ្លានខ្លាំងដូចជាសកម្មជនបក្សរបស់ខ្លួនមួយចំនួននៅថ្នាក់មូលដ្ឋានមួយ ដោយគ្រាន់តែដឹងថា បក្សខ្លួនមានសំឡេងនាំមុខក្នុងការបោះឆ្នោតឃុំសង្កាត់ គ.ជ.ប.មិនទាន់នឹងប្រកាសលទ្ធផលជាផ្លូវការផង បែរជាចេញមកចាត់ចែងការងារតាំងខ្លួនជាមេភូមិ អនុប្រធានភូមិ មេឃុំចៅសង្កាត់ ដោយរំលោភទៅលើច្បាប់ ស្តីពីការគ្រប់គ្រងឃុំសង្កាត់ ព្រោះក្រុមប្រឹក្សាចាស់មិនទាន់ផុតអាណត្តិផង ខ្លួនហ៊ានចូលមកចាត់ចែងការងារទាំងបំពានច្បាប់។ អ្នកខ្លះលួចសមិទ្ធផល ក្រុមប្រឹក្សាឃុំសង្កាត់ចាស់ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលកំពុងអនុវត្ត យកមកធ្វើជាសមិទ្ធផលបក្សខ្លួន បង្អួតតាមហ្វេសប៊ុកដោយគ្មាន ការខ្មាសអៀន។
ដោយសារតែការបំពាននេះ សកម្មជនបក្សប្រឆាំងប្រកាសខ្លួនឯងថា ជាមេភូមិនៅខេត្តបាត់ដំបងម្នាក់ បានជាប់ចោទរួចស្រេចទៅហើយពីការក្លែងឯកសារ សាធារណៈ និងទទួលរងការរិះគន់ពីបទរំលោភអំណាច។ ពិតជាឆ្នាំងណា គ្របហ្នឹងមែន! ទាំងមេបក្ស និងសកម្មជនបក្សរំលោភអំណាចដូចគ្នា និងធ្វើនយោបាយបោកប្រាសរាស្ត្រដូចគ្នា អ្នកខ្លះត្រូវបានចោទថា កំពុងកិបកេងលុយមូលនិធិសប្បុរសជនមកធ្វើជាទ្រព្យផ្ទាល់ខ្លួនទៀត ហើយត្រូវបានម្ចាស់ មូលនិធិ វាយប្រហារ ហើយមហាជនរិះគន់យ៉ាងចាស់ដៃ។
កាលដែលបក្សប្រឆាំង និងសកម្មជនខ្លួនទន្ទេញតែអំពីជ័យជម្នះ តែមិនបានត្រៀមខ្លួនចំពោះបរាជ័យនេះបានធ្វើឱ្យបក្សសង្គ្រោះជាតិ ទទួលភាពអាម៉ាសយ៉ាងខ្លាំង ក្រោយការដឹងពីលទ្ធផលបោះឆ្នោតម្តងៗ ហើយចុងក្រោយនេះទទួលបរាជ័យយ៉ាងដំណំចំពោះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ កឹម សុខា បានថ្លែងទទួល ស្គាល់ បរាជ័យរបស់ខ្លួនថា លទ្ធផលនៃការបោះឆ្នោត ឃុំ-សង្កាត់ កាលពីថ្ងៃទី៤ មិថុនា គឺមិនទាន់ល្អនៅឡើយសម្រាប់គណបក្សប្រឆាំងដូចដែលលោកបានសង្ឃឹមនោះទេ ហើយថាលោកបានចំណាយពេលពីរសប្តាហ៍ធ្វើដំណើរទៅជនបទដើម្បីជំរុញស្មារតីនេះឡើង។
ជំរុញឡើងវិញព្រោះសកម្មជនបក្សនេះ មួយចំនួនបានធ្លាក់អុកគូថទល់ប្រអក បាក់ទឹកចិត្ត ព្រោះរំពឹងខ្ពស់ពេកនៅមុនបោះឆ្នោតថានឹងទទួលជ័យជម្នះ ហើយដល់ពេលចេញលទ្ធផលគឺគណបក្សប្រជាជនកម្ពុជាគឺជាអ្នកឈ្នះការបោះឆ្នោតនេះ គ្រប់គ្រងឃុំសង្កាត់រហូតដល់ជាង ៧០% នៃឃុំសង្កាត់សរុប ១៦៤៦ នៅទូទាំងប្រទេសកម្ពុជា។
កឹម សុខា តែងតែសូត្រចាំមាត់ថា មិនយកខ្មែរណាជាសត្រូវ ប៉ុន្តែអ្វីដែល កឹម សុខា បង្ហាញការជឿជាក់ថា បើគណបក្សប្រជាជនចាញ់ការបោះឆ្នោតនៅឆ្នាំ ២០១៨ អាចនឹងមានការបង្ខំឱ្យប្រគល់អំណាច គឺជាសម្តីប្រកបដោយការប្រមាថ និងប្រកបដោយភាពអំនួតបំផុត។ ហេតុអ្វីបានជា កឹម សុខា ហ៊ានប្រមាថដូច្នេះ?
តើ កឹម សុខា និងបក្សប្រឆាំងមានបរទេសណាអាងនៅពីក្រោយខ្នង បានជាហ៊ានហារសម្តីប្រាស់ចាក នឹងគោលការណ៍សន្តិភាវូបនីយកម្ម និងបង្កប់ដោយចរិត «ទឹកឡើងត្រី ស៊ីស្រមោចទឹកហោចស្រមោចស៊ីត្រី» យ៉ាងដូច្នេះ ព្រោះពាក្យថា «បង្ខំ» បង្កប់ដោយន័យប្រឈមមុខ និងហិង្សានៅក្នុងនោះផងដែរ។ ឬមួយក៏ កឹម សុខា និង សម រង្ស៊ី បាននិងកំពុងបន្តចិញ្ចឹមចិត្តរបស់ខ្លួនដូចដែលខ្លួនធ្លាប់បានប្រកាសកាលពីអំឡុងពេលបោះឆ្នោតជាតិឆ្នាំ ២០១៣ ថាពេលដែល គណបក្សខ្លួនឈ្នះឆ្នោត នឹងរឹបអូសយកនូវទ្រព្យសម្បត្តិដីធ្លីពីអ្នកមាន ឧកញ៉ាទាំងអស់មកវិញ ហើយក្រោយមក សម រង្ស៊ី បានប្រកាសពីគម្រោងការ ក្នុងការកម្ចាត់ក្រុមឧទ្ទាមមួយក្តាប់តូចក្នុងករណីមិនប្រគល់អំណាច។
អំណាចដែល សម រង្ស៊ី និង កឹម សុខា ព្រមទាំងសកម្មជនបក្សប្រឆាំងយល់សប្តិចង់បានជាយូរមកហើយ ប៉ុន្តែត្រូវបានបរាជ័យដោយ ជូរចត់បំផុតដោយសារ តែប្រជារាស្ត្រមិនគាំទ្រខ្លួនតាមសន្លឹកឆ្នោត។ ដោយសារតែបរាជ័យតាមរយៈសន្លឹកឆ្នោត ការព្យាយាមចុងក្រោយក្នុងការដណ្តើមអំណាច តាមរយៈចរិតបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ត្រូវបានធ្វើឡើងក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដោយសម រង្ស៊ី និងកឹម សុខា ក្រោមការគាំទ្រពីចៅហ្វាយនាយបរទេសរបស់ខ្លួន បានកៀងគរបាតុករមកពីតាមខេត្តដើម្បីបង្កហិង្សាញុះញង់និងឈានដល់ការផ្ទុះបដិវត្តន៍ពណ៌។
ប៉ុន្តែគោលបំណងទុច្ចរឹតនេះត្រូវបានបំបែក ហើយ កម្លាំងត្រៀមបដិវត្តន៍ពណ៌ទាំងនោះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបង្ក្រាបដោយស្របច្បាប់។ ឥឡូវនេះ ការបោះឆ្នោតជាតិឆ្នាំ ២០១៨ ជិតមកដល់ គំនិតរវើរវាយស្រម៉ៃចង់បានអំណាចនេះបានមកលង កឹម សុខា និងសម រង្ស៊ី សាជាថ្មីម្តងទៀត រហូតដល់អ្នកនយោបាយមាន់សម្ល និងអតីតចោរលួចអង្ករនេះហ៊ានប្រកាសទាំងងងើលនូវជ័យជម្នះមុនការបោះឆ្នោតមកដល់ ហើយកំពុងលង់នឹងប្រជាប្រិយភាពលើក្រដាស។ ចុះបើក្លាហានអីចឹង រាជរដ្ឋាភិបាលលើកបម្រាមតាមសំណើហើយ
តែម៉េចបានជាទណ្ឌិត សម រង្ស៊ី មិនហ៊ានវិលចូលស្រុកតាមការសន្យា មកទទួលទោសចំពោះបទល្មើសដែលខ្លួនប្រព្រឹត្ត? បែរជាបន្តរត់គេចខ្លួន ហើយធ្វើជាក្អាត់ក្នុងក្អមទៅវិញ?
បក្សសង្គ្រោះជាតិ និងសកម្មជនរបស់ខ្លួនបានប្រកាសថា ខ្លួននឹងឈ្នះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និងបោះឆ្នោតជាតិឆ្នាំ ២០១៨។ អំនួតលើ អំនួត! តែអ្នកកាន់ទង់ជ័យជម្នះពិតប្រាកដនៅឆ្នាំ ២០១៧ គឺគណបក្សប្រជាជនកម្ពុជា ដោយទទួលបានសំឡេងឆ្នោតគាំទ្រជាង ៣,៥ លានសំឡេង នាំមុខគណបក្សប្រឆាំងចំនួនកន្លះលានសំឡេង មានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង ៦ពាន់ និងគ្រប់គ្រងឃុំសង្កាត់ជាង ៧០%។
ហើយយោងតាមលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលមានចរិតជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររួចជាស្រេចទៅហើយនោះបានបង្ហាញថាគណបក្សប្រជាជនកម្ពុជាដែលមានធនធានមនុស្ស និងបទពិសោធពេញលេញក្នុងការដឹកនាំ និងកសាងប្រទេស ថែរក្សាសន្តិភាព និងការអភិវឌ្ឍជិត ៤០ ឆ្នាំមកហើយនោះនឹងទទួលជ័យជម្នះក្នុងការបោះឆ្នោតព្រឹទ្ធសភានៅខែមករា ឆ្នាំ ២០១៨ និងឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ ២០១៨ ទៀតដែលអាចនឹងទទួលបានអាសនៈចំនួន ៧១ ហើយគណបក្សសង្គ្រោះជាតិបានត្រឹម ៥៤ អាសនៈប៉ុណ្ណោះ។
ការព្យាករណ៍ពីជ័យជម្នះនេះវាស៊ីសង្វាក់ទៅនឹងការស្ទង់មតិ របស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) របស់អាមេរិកដែលបក្សប្រឆាំងតែងតែលើកតម្កើង និងជាគ្រូបាអាចារ្យរបស់បក្សប្រឆាំងផងនោះថា ពលរដ្ឋចំនួន ៥៨%បាននិយាយថា កម្ពុជាបានដើរលើផ្លូវត្រូវមានន័យថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្ស ប្រជាជននៅតែទទួលបានការគាំទ្រច្រើនលើសលុបពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
ចុះបើតាមលទ្ធផលបោះឆ្នោតក៏បង្ហាញថាគណបក្សប្រជាជនឈ្នះការបោះឆ្នោត ហើយតាមការស្ទង់មតិក៏បង្ហាញថាគណបក្សប្រជាជនឈ្នះឆ្នោតគឺឈ្នះ២០១៧ ហើយឈ្នះ ២០១៨ ឌុបទៀត! តើនរណាជាអ្នកបង្ខំនរណា? ទំនងអ្វីដែលបក្សប្រឆាំងថ្លែងបែបក្រអឺតក្រទមអំពីជ័យជម្នះពេលនេះ នឹងគ្រាន់តែជាការយល់សប្តិ ហើយខ្លួននឹងត្រូវបង្ខំដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រធ្វើវិសោធនកម្មថ្មីឱ្យទទួលយកលទ្ធផលនៃការបោះឆ្នោត គ្មានពេលនឹង ដើរឡាំប៉ាតាមផ្លូវថ្នល់ដូចពីមុនឡើយ ហើយបើឡាំប៉ា អាសនៈនឹងទទួលបាននឹងត្រូវបាត់បង់ដោយស្វ័យប្រវត្តិករណីមិនចូលប្រជុំសភា ឬមិនចូលប្រជុំតាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ។ នៅពេលនោះ ទំនង កឹម សុខា ដែលបានពរជ័យពីទេវតាបានឡើងធ្វើមេបក្សសង្គ្រោះជាតិ ប្រហែលជាត្រូវជប់ទៅជាចោរលួចអង្ករវិញហើយ ហើយសម រង្ស៊ី ដែលជាអ្នកក្លាហានក្រៅទ្រុង ក៏អាចដល់ពេលត្រូវចូលសម្រាកក្នុងទ្រុង ដែលអមដោយច្រវ៉ាក់ដំរីដោយស្ងប់ចិត្តហើយ ព្រោះវ័យក៏កាន់តែជ្រេណាស់ទៅហើយដែរ។ ដូច្នេះចូរកុំប្រមាថ បើមិនចង់ឱ្យខ្លួនវិនាស!
ដោយ៖ ចៅចាក់ស្មុក