(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា បានឯកភាពជាមួយ អាជ្ញាធរជាតិទទួលបន្ទុកផ្នែកអប់រំបច្ចេកទេស និងអភិវឌ្ឍន៍ជំនាញហ្វីលីពីន លើគំនិតផ្ដួចផ្ដើមបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍ជំនាញបច្ចេកទេសអាស៊ាន និងមូលនិធិអភិវឌ្ឍន៍ជំនាញបច្ចេកទេសអាស៊ាន ដែលមានស្ដង់ដារបណ្ដុះបណ្ដាលតែមួយ ដើម្បីលើកស្ទួយក្របខណ្ឌគុណវុឌ្ឍិអាស៊ាន និងលើកស្ទួយកម្លាំងពលកម្មអាស៊ាន ក្នុងការប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។
ការឯកភាពនេះ បានកើតឡើងក្នុងឱកាសដែលលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយលោក Guiling A. Mamondiong អគ្គនាយកនៃអាជ្ញាធរជាតិហ្វីលីពីន ទទួលបន្ទុកផ្នែកអប់រំបច្ចេកទេស និងអភិវឌ្ឍន៍ជំនាញ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការងារ។
លោក Guiling បានស្នើសុំលោករដ្ឋមន្ត្រី ជួយពិនិត្យលើលទ្ធភាពក្នុងការបង្កើតក្រុមប្រឹក្សាអភិវឌ្ឍនជំនាញអាស៊ាន និងការបង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញអាស៊ាន ដែលគម្រោងនេះ ត្រូវបានផ្តួចផ្តើមក្នុងគោលបំណងលើកស្ទួយក្របខណ្ឌគុណវុឌ្ឍិអាស៊ាន ព្រមទាំងចូលរួមលើកស្ទួយកម្លាំងពលកម្មអាស៊ាន នៅលើឆាកអន្តរជាតិ ហើយមានចក្ខុវិស័យបង្កើតឲ្យមានកម្លាំងពលកម្មអាស៊ានតែមួយ ដែលមានសមត្ថភាព និងបច្ចេកទេសគ្រប់គ្រាន់ ដើម្បីជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជួយជ្រោមជ្រែកសេដ្ឋកិច្ចអាស៊ាន ឲ្យមានកំណើនដូចគ្នាទៅនឹងប្រទេសជឿនលឿនដទៃទៀត នៅក្នុងសកលលោក។
លោក Guiling បានបន្តថា ការផ្តួចផ្តើមនេះ ក៏មានគោលបំណងជួយសម្របសម្រួល និងជួយពង្រឹងដល់ការកាត់បន្ថយគំលាតក្នុងតំបន់ ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ានផងដែរ ដើម្បីធានាការប្រកួតប្រជែងជាសកលរបស់អាស៊ាន តាមរយៈកម្លាំងពលកម្ម ដែលមានតម្រូវការលើផលិតផលកសិកម្ម និងឧស្សាហកម្ម។ ជំហានដំបូងដើម្បីឱ្យចក្ខុវិស័យនេះ ក្លាយទៅជាការពិត គឺចាប់ផ្តើមពីការជួបពិភាក្សាជាមួយលោករដ្ឋមន្ត្រី។
ឆ្លើយជាមួយលោក Guiling លោករដ្ឋមន្ត្រី អ៉ិត សំហេង បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំង ចំពោះគំនិតផ្តួចផ្តើមរបស់ភាគីហ្វីលីពីន ក្នុងការបង្កើតឱ្យមានក្រុមប្រឹក្សាអភិវឌ្ឍន៍ជំនាញបច្ចេកទេសអាស៊ាន និងមូលនិធិអភិវឌ្ឍន៍ជំនាញបច្ចេកទេសអាស៊ាននេះ។
លោករដ្ឋមន្រី្តបានបញ្ជាក់ថា កម្ពុជាទើបតែអនុម័តនូវគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ក្នុងគោលបំណងធ្វើយ៉ាងណាពង្រឹង និងពង្រីកវិសាលភាពវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ព្រមទាំងចូលរួមពន្លឿនសមាហរណកម្មអាស៊ាន ឱ្យកាន់តែឆាប់រហ័ស ស្របតាមពាក្យស្លោករបស់សមាគមប្រជាជាតិអាស៊ាន «សហគមន៍តែមួយ វាសនាតែមួយ» ជាពិសេសការអភិវឌ្ឍជំនាញបណ្តុះបណ្តាលបច្ចេកទេសនេះ ពិតជាមានសារៈសំខាន់ក្នុងការប្រែក្លាយនាវាកម្ពុជា ពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។
ជាងនេះទៅទៀត លោករដ្ឋមន្ត្រីបានគាំទ្រចំពោះគម្រោងបង្កើតឱ្យមានមជ្ឈមណ្ឌលគំរូមួយ ដែលមានស្តង់ដារួមមួយនៅកម្ពុជា ដើម្បីបណ្តុះបណ្តាលជំនាញបច្ចេកទេស ផ្លាស់ប្តូរបទពិសោធន៍ និងទទួលស្គាល់សមត្ថភាព និងគុណភាពគ្នាទៅវិញទៅមក នៅក្នុងក្របខណ្ឌអាស៊ាន និងសកលលោក។
គួររំលឹកថា នៅក្នុងផែនការគោលដៅរបស់សហគមសេដ្ឋកិច្ចអាស៊ាន (AEC 2025) ដែលបានអនុម័តកាលពីឆ្នាំ២០១៥ មានគោលបំណងលើកស្ទួយ និងជំរុញលំហូរដោយសេរីនូវពលកម្មជំនាញនៅក្នុងតំបន់៕