(ប៉ៃលិន)៖ ក្រុមការងារមូលនិធិសម្តេចក្រឡាហោម ស ខេង ប្រចាំខេត្តប៉ៃលិន ដឹកនាំដោយលោក ម៉ឺ វុទ្ធារ៉ា និងលោក ហុក សុផល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ បានចុះសួរសុខទុក្ខស្រ្តីសម្រាលកូន ២៣គ្រួសារ និងចូលរួមរំលែកទុក្ខគ្រួសារសព ២គ្រួសារ ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបាននាំយកអំណោយរបស់ សម្តេចក្រឡាហោម ផ្តល់ជូនប្រជាពលរដ្ឋទាំង ២៥គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានគ្រឿងឧបភោគ-បរិភោគ សម្ភារ និងថវិកា២០០,០០រៀល។
ក្នុងឱកាសនោះ ក្រុមការងារបាននាំបណ្តាំផ្ញើសួរសុខទុក្ខ អបអរសាទរដល់សមាជិកគ្រួសារថ្មី ពីសំណាក់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ជូនប្រជាពលរដ្ឋសម្រាលកូន ទាំង២៣គ្រួសារ និងចូលរួមរំលែកទុក្ខគ្រួសារសព ២គ្រួសារផងដែរ ដោយជានិច្ចកាលគណបក្សប្រជាជនកម្ពុជា បានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ៗរូប នៅទូទាំងប្រទេស តាមរយៈអ្នកតំណាងរាស្រ្ត និងក្រុមការងារគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា។
គួរបញ្ជាក់ថា មូលនិធិសម្តេចក្រឡាហោម ស ខេង ប្រចាំខេត្តប៉ៃលិន បានផ្តល់ជាសម្ភារ ថវិកា គ្រឿងឧបរិភោគ-បរិភោគ ដល់ស្រ្តីសម្រាលកូន និងគ្រួសារសពប្រជាពលរដ្ឋ ដែលរស់នៅអចិន្ត្រៃយ៍ក្នុងខេត្តប៉ៃលិន ដើម្បីលើកកម្ពស់សុខមាលភាពស្រ្តី កុមារ និងចូលរួមរំលែកទុក្ខគ្រួសារសព៕