(ចិន)៖ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ បានចូលរួមជាអធិបតីក្នុងពិធីបុណ្យ «7th Dunhuang Tour on Silk Road International Tourism Festival» ជាមួយលោក Lin Duo លេខាបក្សកុំម្មុយនិស្តចិនប្រចាំខេត្តកានស៊ូ (Gansu) លោក Tang Renjian អភិបាលខេត្តកានស៊ូ តំណាងរដ្ឋបាលទេសចរណ៍ជាតិចិន CNTA អង្គការ UNWTO និងសមាគម PATA និងប្រតិភូនៃប្រទេសក្នុងតំបន់វិថីសូត្រ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានជំរុញ និងបានកៀរគរអ្នកវិនិយោគ និងទេសចរចិន ក៏ដូចជាការហោះហើរត្រង់ពីខេត្តកានស៊ូ មកវិនិយោគ និងទស្សនាកម្ពុជាឲ្យបានច្រើនបន្ថែមទៀត ព្រោះនៅកម្ពុជាពិតជាមានសក្ដានុពលខ្ពស់ ក្នុងវិស័យទេសចរណ៍ និងវិនិយោគ។
ក្នុងនាមជាម្ចាស់ផ្ទះ លោកអភិបាលខេត្ត Tang Renjian បានថ្លែងស្វាគមន៍ប្រតិភូបរទេសទាំងអស់ រួមទាំងលោករដ្ឋមន្រ្តីកម្ពុជា ដែលចូលរួមពិធីបុណ្យខាងលើ និងបានអញ្ជើញប្រតិភូ ទៅទស្សនាគោលដៅវប្បធម៌ប្រវត្តិសាស្រ្តដ៏ទាក់ទាញ នៅខេត្តកានស៊ូ។
លោក ថោង ខុន បានថ្លែងអំណរគុណចំពោះរដ្ឋបាលទេសចរណ៍ជាតិចិន និងរដ្ឋបាលខេត្តកានស៊ូ ដែលបានអញ្ជើញប្រតិភូកម្ពុជា ចូលរួមក្នុងនាមជាភ្ញៀវកិត្តិយស សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ហើយជឿជាក់ថា ព្រឹត្តិការណ៍នេះ នឹងជួយជំរុញដល់កិច្ចសហការលើវិស័យទេសចរណ៍ នៅតាមបណ្តាប្រទេសបណ្តោយផ្លូវសូត្រ រួមទាំងកម្ពុជាផងដែរ។
លោករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ ពីប្រវត្តិទំនាក់ទំនងដ៏ល្អជាយូរលង់រវាងកម្ពុជា-ចិន ពោលតាំងពីសម័យអាណាចក្រអង្គរ ហើយចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ នាពេលបច្ចុប្បន្ន ក៏ត្រូវបានរឹតបន្តឹងកាន់តែស្អិតល្មួតបន្ថែមទៀត ក្រោមព្រះវត្តមាន ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានបន្តពី ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នូវទំនាក់ទំនងដ៏ល្អជាមួយថ្នាក់ដឹកនាំ និងប្រជាជនចិន ដែលបានធ្វើឲ្យចំនួនភ្ញៀវទេសចរ និងវិនិយោគិនចិនមកទស្សនាកម្ពុជា មានការកើនឡើងជារៀងរាល់ឆ្នាំ។
លោករដ្ឋមន្រ្តីបានថ្លែងថា ដើម្បីត្រៀមទទួលស្វាគមន៍ទេសចរចិន ក៏ដូចជាដើម្បីជំរុញកិច្ចសហការផ្នែកទេសចរណ៍ ក្នុងក្របខណ្ឌ «ខ្សែក្រវ៉ាត់ និងវិថី» ក្រសួងទេសចរណ៍កម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រទីផ្សារទេសចរណ៍ចិន និងសៀវភៅសស្តីពី China-Ready សំដៅត្រៀមទទួលទេសចរចិនយ៉ាងតិច ២លាននាក់ នៅឆ្នាំ២០២០។
លោកក៏បានសំណូមពរឲ្យមានការវិនិយោគ និងការហោះហើរត្រង់ពីចិនទៅកម្ពុជា ឲ្យបានកាន់តែច្រើនបន្ថែមទៀត ពិសេសពីខេត្តកានស៊ូ មកកាន់កម្ពុជា។ បន្ទាប់មក លោករដ្ឋមន្ត្រីក៏បានចូលរួមជាមួយគណៈអធិបតី ក្នុងពិធីសម្ពោធពិព័រណ៍ផលិតផលទេសចរណ៍ផ្លូវសូត្រផងដែរ។
គួរបញ្ជាក់ថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ១.៩លាននាក់ ក្នុងកំណើន ១២% ក្នុងនោះទេសចរចិនមានចំនួនជាង ៣៦ម៉ឺននាក់ ក្នុងកំណើន ៣១.៣% ឈរលំដាប់ទី១ នៃទីផ្សារកំពូលទាំង១០ របស់កម្ពុជា៕