(ភ្នំពេញ)៖ រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រុមប្រតិបត្តិការចម្រុះមាន នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិវៀតណាមសរុប២៧នាក់ និងជនជាតិចិនដីគោកម្នាក់ ក្នុងនោះស្រី១៩នាក់ ដែលលួចឆ្លងដែន ស្នាក់នៅ ធ្វើការខុសច្បាប់ និងគ្មានសៀវភៅការងារ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅផ្លូវលេខ២៨១-២៩២-២៩៤ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងនោះបានពិនិត្យឃើញមានជនជាតិវៀតណាមចំនួន២៨នាក់ ស្រី១៩នាក់។
បើតាមប្រធាននាយកដ្ឋានរូបនេះ ក្រោយធ្វើការត្រួតពិនិត្យ កម្លាំងជំនាញបានបញ្ជូនជនជាតិវៀតណាម និងចិនទាំង២៨នាក់នោះ ទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕