(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំបញ្ជីឈ្មោះ និងចាប់ផ្តើមចុះឈ្មោះប្រជាពលរដ្ឋបន្ថែម សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខតទៅ ចំណែកអ្នកដែលចុះឈ្មោះហើយកាលពីឆ្នាំ២០១៦នោះ នឹងមិនចាំបាច់ចុះម្ដងទៀតនោះទេ។ នេះបើតាមលោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ។
លោក កែវមនោ បានឲ្យដឹងថា ចាប់ពីខែកញ្ញា ឆ្នាំ២០១៧ តទៅ គ.ជ.ប នឹងចាប់ផ្ដើមចុះឈ្មោះអ្នកគ្រប់អាយុបោះឆ្នោត (១៨ឆ្នាំ គិតត្រឹមថ្ងៃបោះឆ្នោត) និងអ្នកដែលពុំបានចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ឆ្នាំ២០១៨ ខាងមុខ។ ការចុះឈ្មោះនេះនឹងមានរយៈពេលជាង២ខែ ចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
ចំពោះនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតថ្មី នៅខែកញ្ញានោះ មិនខុសពីការចុះឈ្មោះបោះឆ្នោតឃុំ-សង្កាត់ កាលពីឆ្នាំ២០១៦ កន្លងទៅនោះទេ ប៉ុន្តែសេចក្ដីលម្អិតយ៉ាងណានោះ លោក ខន កែវមនោ មិនទាន់អាចបញ្ជាក់បានទេ គឺត្រូវរងចាំក្រោយការប្រកាសលទ្ធផលផ្លួវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ពោលសមាជិក គ.ជ.ប នឹងធ្វើការប្រជុំជាមួយភាគីពាក់ព័ន្ធបន្តទៀត នៅក្រោយថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧។
គ.ជ.ប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ហើយមិនទាន់ចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ត្រូវត្រៀមខ្លួន ក្នុងការទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីទទួលបានសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។
សូមជម្រាបថា កាលពីឆ្នាំ២០១៦ ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតមានប្រមាណ ៩.៦លាននាក់ ប៉ុន្តែមានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតប្រមាណ ៧.៨លាននាក់ ស្មើនឹង ៨១.៣៨ភាគរយ។ ដោយឡែកប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ មានចំនួន ៦,៧៤៣,៣២៩នាក់ ស្មើនឹង ៨៥.៧៤ភាគរយ នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦៕