(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានច្រានចោលនូវការលើកឡើងរបស់ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលថា បច្ចុប្បន្ននេះមានការ រំលោភលើ អភ័យឯកសិទ្ធិតំណាងរាស្រ្តគណបក្សប្រឆាំងដែលបានបញ្ចេញមតិ ហើយសម្តេចបានប្រកាសថា រដ្ឋសភានឹងមិនការពារតំណាងរាស្រ្តណា ដែលប្រព្រឹត្តល្មើសច្បាប់ឡើយ ជាពិសេសបទល្មើសព្រហ្មទណ្ឌ។
ការច្រានចោលការលើកឡើងរបស់តំណាងរាស្រ្តគណបក្សប្រឆាំងដោយ សម្តេចប្រធានរដ្ឋសភា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ ដើម្បីពិភាក្សា និងអនុម័តចំពោះសេចក្តីស្នើច្បាប់ ស្តីពីការធ្វើវិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
សម្តេច ហេង សំរិន បានថ្លែងថា សម្តេចមិនអាចជួយការពារអ្នកតំណាងរាស្ត្រណា ដែលប្រព្រឹត្តិខុសច្បាប់នោះទេ ពិសេសច្បាប់ព្រហ្មទណ្ឌ។ សម្តេចប្រធានបញ្ជាក់ «ខ្ញុំការពារដាច់ខាតចំពោះអភ័យឯកសិទ្ធិ ចំពោះតំណាងរាស្ត្រ ដែលបានប្រព្រឹត្តិត្រឹមត្រូវតាមច្បាប់និងយុត្តិធម៌ លើកលែងតែតំណាងរាស្ត្រណា ប្រព្រឹត្តបទល្មើស ជាក់ស្តែង ព្រហ្មទណ្ឌ ខ្ញុំអត់ការពារទេ។ ខ្ញុំសូមជម្រាបថា បើប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌហើយ ជាក់ស្តែងទៀតគេចាប់ហើយ ខ្ញុំសូមជម្រាបដោយខ្លីថា មិនការពារទេ»។
ការប្រកាសជំហររបស់សម្តេច ហេង សំរិន បានធ្វើឡើង បន្ទាប់ពីមានសំណើផ្ទាល់មាត់ ដោយសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ និង លោក ងឹប ញេង ដែលស្នើប្រធានរដ្ឋសភា ជួយការពារអភ័យឯកសិទ្ធិរបស់សមាជិកសភា។ សមាជិកសភារបស់គណបក្សប្រឆាំង ក៏បានលើកឡើងអំពីការ ឃាត់ខ្លួនតំណាងរាស្រ្តកន្លងមក បន្ទាប់ពីមានការបញ្ចេញមតិ។
សូមបញ្ជាក់ថា នាពេលកន្លងទៅ មានសមាជិករដ្ឋសភា និងព្រឹទ្ធសភា មកពីគណបក្សប្រឆាំង២រូប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងនោះមាន លោក អ៊ុ សំអាន អតីតតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ និង លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ី ដែលពាក់ព័ន្ធនឹងការញុះញង់ និងបន្លំឯកសារសាធារណៈ សន្ធិសញ្ញាព្រំដែន។ សមត្ថកិច្ចបានចាត់ទុកថា ពួកគាត់បានប្រព្រឹត្តបទល្មើសជាក់ស្តែង៕