(ភ្នំពេញ)៖ អង្គការទស្សនៈពិភពលោក និងក្រុមហ៊ុន ស្មាត អាស្យាតា បានអបអរសាទរ ការប្រកួតបាល់ទាត់ផ្ដាច់ព្រាត់ថ្នាក់ជាតិ នៃគម្រោង One Goal ដែលត្រូវបានបង្កើតឡើង ដើម្បីជួយពង្រឹងសមត្ថភាពយុវជនកម្ពុជា ឲ្យពួកគេសម្រេចបានសក្តានុពលពេញលេញ។
គម្រោង «One Goal» បានចាប់ដំណើរការពីខែតុលា ឆ្នាំ២០១៦ ដោយមានគោលបំណងផ្តោតសំខាន់លើយុវជននៅក្រៅប្រព័ន្ធសិស្សា ដើម្បីឲ្យពួកគេទទួលបានការបង្ហាត់បង្រៀនជំនាញបាល់ទាត់ និងបំណិនជីវិតល្អប្រសើរ។ អង្គការទស្សនៈពិភពលោក មានសេចក្ដីសប្បាយរីករាយជាខ្លាំង ដែលបានធ្វើជាដៃគូជាមួយ ក្រុមហ៊ុន ស្មាត អាស្យាតា ដោយពួកយើងមានតម្លៃ និងជំនឿរួមគ្នាក្នុងការប្តេជ្ញាចិត្ដធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងការពង្រឹងសមត្ថភាពប្រជាជនកម្ពុជា ដើម្បីប្រែក្លាយសហគមន៍របស់ពួកគេឲ្យក្លាយទៅជាសហគមន៍ដែលមាននិរន្តរភាព។
អ្នកស្រី នីកូល ចនសាន់ អ្នកដឹកនាំបច្ចេកទេសផ្នែកយុវជន របស់អង្គការទស្សនៈពិភពលោក បានឲ្យដឹងថា៖ «កម្មវិធីនេះ បានបំពេញបន្ថែមកង្វះចន្លោះនៅក្នុងសហគមន៍ ដែលអង្គការទស្សនៈពិភពលោក កំពុងប្រតិបត្តិការ ដោយធ្វើការជាមួយយុវជនដែលមិនទាន់ទទួលបានឱកាស និងគាំទ្រយុវជនឲ្យផ្ដល់តម្លៃឲ្យខ្លួនឯង កសាងទំនាក់ទំនងរឹងមាំជាមួយមិត្តភក្តិ និងសហគមន៍ និងអាចចេះសម្រេចចិត្ដបានត្រឹមត្រូវ សម្រាប់អនាគតរបស់ពួកគេ»។
អ្នកស្រី ចនសាន់ បន្ដថា «យើងពិតជារំភើបចិត្ដណាស់ ដោយសារយុវជនជាច្រើន ទាំងប្រុសទាំងស្រី បានចូលរួម និងទទួលប្រយោជន៍ពីគម្រោងសាកល្បងមួយនេះ។ លើសពីនេះទៅទៀត យើងក៏បានបង្រៀនគាត់ឲ្យចេះជំនាញបាល់ទាត់ផងដែរ»។
យុវជន ៤០៨នាក់ ដែលក្នុងនោះ ១៩០នាក់ជានារី បានចូលរួមជាមួយគម្រោងនៅស្រុកកោះអណ្ដែត ស្រុកគាស់ក្រឡ និងស្រុករវៀង ដោយសារតែមានការគាំទ្រពី ក្លឹបបាល់ទាត់ភ្នំពេញក្រោន និងអង្គការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងកីឡា SALT Academy យុវជនជាច្រើនបានឆ្លងកាត់ការបណ្តុះបណ្តាល អំពីបាល់ទាត់ និងបំណិនជីវិតរហូតទៅដល់ ២០វគ្គ ដែលចំណេះដឹងទាំងនេះមានមានសារៈសំខាន់ខ្លាំងណាស់ ខណៈដែលពួកគេកំពុងតែវិវឌ្ឍខ្លួនពីជាយុវជន ទៅជាមនុស្សពេញវ័យ។
មិនខុសពីអ្នកស្រី ចនសាន់ ប៉ុន្មានដែរ លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ស្មាត អាស្យាតា បាននិយាយថា «ការប្រកួតបាល់ទាត់ផ្ដាច់ព្រាត់ថ្នាក់ជាតិនៃគម្រោង One Goal គឺជាព្រឹត្តិការណ៍កំពូលនៃគម្រោងនេះ។ យើងពិតជាមានក្តីរីករាយ ដែលគម្រោងនេះទទួលយ៉ាងជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការផ្សាភ្ជាប់ការអប់រំបណ្តុះបណ្តាលសំខាន់ៗ ទៅនឹងកីឡាបាល់ទាត់។ ក្រុមហ៊ុន ស្មាត គាំទ្រការផ្សាភ្ជាប់កីឡាជាមួយនឹងសកម្មភាពអភិវឌ្ឍ និងបានឧបត្ថម្ភអង្គការជាច្រើន ដូចជា អង្គការ HFCA ជាដើម ដើម្បីផ្តល់ឱកាសដល់កុមារគ្មានផ្ទះសំបែង អាចកសាងជីវិតរបស់ពួកគាត់ឡើងវិញតាមរយៈកីឡាបាល់ទាត់»។
លោក ថូម៉ាស បានបន្ថែមទៀតថា «ភាពជាដៃគូក្នុងគម្រោង One Goal នេះ គឺជាភ័ស្តុតាងមួយទៀត ដែលបង្ហាញថា កីឡាបាល់ទាត់គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ក្នុងការប្រែក្លាយជីវិតរបស់យុវជន និងកុមារដែលជួបប្រទះការខ្វះខាត ក៏ដូចជាលើកទឹកចិត្តឲ្យពួកគាត់មានក្តីសង្ឈឹម និងក្តីសុបិន្តថ្មីៗ។ យើងមានក្តីរំភើប ក្នុងការបន្តសហការបន្ថែមទៀត ជាមួយអង្គការទស្សនៈពិភពលោក និងដៃគូពាក់ព័ន្ធផ្សេងទៀត ដើម្បីពង្រីកវិសាលភាពគម្រោងនេះឲ្យបានទូទាំងប្រទេស។”
គម្រោង One Goal ដែលជាម្រោងសាកល្បងរយៈពេល១ឆ្នាំនេះ ក៏មានគោលបំណងចង់ឲ្យយុវជនបានចេញឆ្ងាយពី អំពើហិង្សា ការប្រើប្រាស់ថ្នាំញៀន និងឥរិយាបថអវិជ្ជមានផ្សេងៗទៀត និងជម្រុញឲ្យពួកគេចំណាយពេលវាលាទៅលើសកម្មភាពដែលមានប្រយោជន៍ដែលអាចជួយឲ្យពួកគេសម្រេចចិត្ដនៅក្នុងជីវិតរបស់ពួកគេបានល្អ។
អង្គការទស្សនៈពិភពលោក គ្រោងនឹងពង្រីកការអនុវត្ដ គម្រោង One Goal ទៅកាន់តំបន់ប្រតិបត្តិការស្រុក ១៤ នៅឆ្នាំក្រោយដោយរពឹងថានឹងមានការចូលរួមពីយុវជន ២,០០០ នាក់៕