(កំពត)៖ ជម្លោះដីធ្លីដ៏ក្តៅគគុកមួយរវាងពលរដ្ឋជិត១០០គ្រួសារ និងក្រុមហ៊ុន «ចាន់ សុធា» ស្ថិតនៅភូមិពង្រក ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ជាយូរមកហើយ រហូតប្រើហិង្សា និងដុតបំផ្លាញគ្រឿងចក្រទៀតនោះ នៅពេលនេះ រាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរខេត្ត បានសម្រេចប្រើយុទ្ធសាស្រ្តឈ្នះឈ្នះទាំងអស់គ្នា គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ នោះគឺការកាត់ឃ្វៀលដីចេញពីក្រុមហ៊ុន ដើម្បីចែកជូនប្រជាពលរដ្ឋដែលមានជម្លោះ។
ការដោះស្រាយបញ្ចប់ជម្លោះដីធ្លីខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ក្រោមវត្តមានលោក លី សាវ៉េត អភិបាលរងខេត្តកំពត និងមានការសម្របសម្រួលពីលោក ខាន់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ។
ជម្លោះដីធ្លីនេះនាពេលអតីតកាល ប្រជាពលរដ្ឋបានឈានទៅប្រើហិង្សា និងចង់ដុតបំផ្លាញគ្រឿងចក្រ ដោយសារតែពួកគេខឹងក្រុមហ៊ុនខាងលើបានប្រើគ្រឿងចក្រ ធ្វើការឈូសឆាយលើដីរបស់ពួកគាត់។
លោក លី សាវ៉េត បានថ្លែងថា ដើម្បីបញ្ចប់វិវាទទាំងអស់នោះ ក្រុមការងារពាក់ព័ន្ធទទួលបន្ទុក ដោះស្រាយដីធ្លី បានដឹកនាំក្រុមការងារក្នុងស្ថាប័នជំនាញពាក់ព័ន្ធ បានចុះរកដំណោះស្រាយនៅឯចំណុចទីតាំង ក្នុងភូមិសាស្ត្ររបស់ក្រុមហ៊ុន «ចាន់ សុធា» ដើម្បីរកចំណុចរួមដោយ គ្មានអ្នកឈ្នះ និងគ្មានអ្នកចាញ់នោះទេ។ លោក លី សាវ៉ត បានបញ្ជាក់ថា ដើម្បីបញ្ចប់ជម្លោះយើងបានប្រើយុទ្ធសាស្ត្រឃ្វៀលដីដែលអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ៗ ទៅលើភាគីក្រុមហ៊ុនថា ក្រោយពីរាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានសម្រេចប្រគល់ដីសម្បទាន ដោយជួលឲ្យក្រុមហ៊ុនជាយូរឆ្នាំមកហើយ តែខាងក្រុមហ៊ុនមិនបានអនុវត្ត និងការពារដីដែលជួលពីរដ្ឋនោះឲ្យបានឋិតថេរ គង់វង្ស ឬក៏បាត់បង់ដីធ្លីដោយប្រការ ដែលមានសកម្មភាពចូលរុករាន ទន្ទ្រានកាន់កាប់នោះ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ដូច្នេះត្រូវតែឃ្វៀលកាត់ដីពីក្រុមហ៊ុនចែកជូនឲ្យប្រជាពលរដ្ឋវិញ។
នៅក្នុងឱកាសនោះលោកក៏បានសំណូមពរដល់ក្រុមហ៊ុន ធ្វើយ៉ាងណា ត្រូវរកវិធីរក្សាការពារដីធ្លីដែលនៅសេះសល់ឲ្យបានគង់វង្សដូចដែលក្រុមហ៊ុនសម្បទានដី ដ៏ទៃទៀតក្នុងខេត្តកំពត បានការពារឋិតថេរ ដោយគេមានកម្លាំងការពារ និងហ៊ុព័ទ្ធរបងរាប់រយរាប់ពាន់គីឡូម៉ែត្រឯណោះ។
ចំពោះប្រជាពលរដ្ឋវិញលោកអភិបាលរងរូបនេះ និងក្រុមការងារបានអំពាវនាវ និងសំណូមពរ ឲ្យបញ្ឈប់សកម្មភាពប្រើហិង្សា និងទន្ទ្រានដីតទៅទៀត ហើយក្រុមការងារ សហការជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីរកដំណោះស្រាយជូនដោយអនុវត្តទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល។ តែបើប្រជាពលរដ្ឋណា មានគំនិតញុះញង់ ឲ្យប្រជាពលរដ្ឋដូចគ្នាប្រព្រឹត្តអំពើរំលោភទន្ទ្រានដីក្រុមហ៊ុន ឬដីរដ្ឋនោះត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់ផងដែរ។
គួររំលឹកថា ដីក្រុមហ៊ុន «ចាន់ សុធា» ដែលទទួលបានសម្បទានជួលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានចំនួនជាង១០,០០០ហិកតា ក្រោយពីមានការរំលោភយកជាបន្តបន្ទាប់នោះ រដ្ឋក៏សម្រេចកាត់ឃ្វៀលដី ដោយវាស់វែងតាមលក្ខណៈជាប្រព័ន្ធអស់ភាគច្រើន ដូច្នេះបច្ចុប្បន្នក្រុមហ៊ុន នៅគ្រប់គ្រងដីជាក់ស្តែង នៅសល់តែ៣០៦៧ហិកតា តែប៉ុណ្ណោះ ដែលចុះបញ្ជីកម្មសិទ្ធិត្រឹមត្រូវរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕