(ភ្នំពេញ)៖ លោក Inoue Kasunori គ្រូបង្វឹកក្រុមជម្រើសជាតិក្រោមអាយុ ១៧ឆ្នាំកម្ពុជា (U-17) បានប្រកាសជំហរត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលក្រុមភ្ញៀវ U-17 វៀតណាម នៅក្នុងជំនួបមិត្តភាពអន្ដរជាតិ ដើម្បីអបអរសាទរខួបលើកទី៥០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម នៅវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី២១ ខែមិថុនាស្អែក នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។
គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកមិញថា វៀតណាម គឺជាក្រុមខ្លាំងមួយក្នុងតំបន់ ដូច្នេះការជួបគ្នាថ្ងៃស្អែក គឺជាការប្រកួតមួយដ៏សំខាន់ ដែលកូនក្រុមខ្លួនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងធ្វើឲ្យបានល្អបំផុត ដើម្បីឆ្លើយតបនឹងអ្នកគាំទ្រដ៏ច្រើនរបស់ប្រជាពលរដ្ឋកម្ពុជា។ លោកសង្កត់ធ្ងន់ថា «ការប្រកួតនេះ គ្មានការបន្ធូរបន្ថយឡើយ ព្រោះខ្ញុំត្រូវការលទ្ធផលល្អមួយ»។
លើកឡើងស្រដៀងគ្នាដែរ លោក Phan The Hieu គ្រូបង្វឹកក្រុម U-17 វៀតណាម បានប្ដេជ្ញាចិត្តថា នឹងធ្វើឲ្យបានល្អ បើទោះបីជាការប្រកួតមិត្តភាពក្ដី។ លោកបញ្ជាក់ថា «ការប្រកួតនេះ ខ្ញុំមិនសូវគិតពីលទ្ធផលនោះទេ តែកីឡាករម្នាក់ៗ ត្រូវធ្វើឲ្យបានល្អ ដើម្បីឲ្យការប្រកួតនេះ គឺជាការប្រកួតដ៏ល្អ។ ហើយជម្រើស ១១នាក់ដំបូង ដែលខ្ញុំដាក់ឲ្យលេង គឺជាកីឡាករឆ្នើមៗ ពុំមានការលាក់ជើងឡើយ»។
សួមរំលឹកផងដែរថា ក្រុមឈុតតូចយុវជនអាយុក្រោម ១៧ឆ្នាំនៃប្រទេសក្បែរខាងគ្នានេះ មានសមត្ថភាពលេងប្រហាក់ប្រ ហែលគ្នា និងជាឈុតតូចចេញពី U16 ដែលធ្លាប់ជួបគ្នាម្តងរួចមកហើយកាលពីឆ្នាំទៅ ដែលកម្ពុជាបានបរាជ័យត្រឹម ១-០ ប៉ុណ្ណោះនៅពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងព្រឹត្តិការណ៍ពានរង្វាន់អាស៊ាន AFF U16 Championships 2016៕