(ភ្នំពេញ)៖ ក្នុងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ក្រោមប្រធានបទ «សូមការពារកុមារពីពលកម្មកុមារ នៅក្នុងស្ថានភាពជម្លោះ និងគ្រោះមហន្តរាយ» នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកបង្ហាញពីគោលនយោបាយជាតិទាំង៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមប៉ះពាល់លើកុមារ ដែលបានបញ្ជ្រាប និងកំពុងអនុវត្តនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
បើតាមលោករដ្ឋមន្រ្តី គោលនយោបាយទាំងនោះ រួមមាន៖
១៖ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល បានផ្ដោតលើការធានា ការអភិវឌ្ឍ ផ្ដល់ការងារសមរម្យ សមភាព និងប្រសិទ្ធភាព ដោយទទួលស្គាល់កុមារជាឆ្អឹងខ្នងនៃមូលធនមនុស្ស និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ។
២៖ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ និងគោលដៅអភិវឌ្ឍន៍សហសវត្សរ៍កម្ពុជា ដែលជាក្របខណ្ឌយុទ្ធសាស្រ្តសំខាន់ ក្នុងការកំណត់ច្បាស់លាស់ពីលទ្ធផលរំពឹងទុក និងសូចនាករសម្រាប់កុមារ។
៣៖ យុទ្ធសាស្រ្តជាគាំពារសង្គមសម្រាប់ជនក្រីក្រ និងងាយរងគ្រោះ ឆ្នាំ២០១១ បានចែងយ៉ាងច្បាស់ពីបញ្ញត្តិ និងការគាំទ្រសម្រាប់កុមារ និងយុវជន ដែលងាយរងគ្រោះដោយសារពលកម្មកុមារ ការជួញដូរកុមារ ការធ្វើចំណាកស្រុក កុមារដែលមានបញ្ហាពាក់ព័ន្ធនឹងច្បាប់ កុមារអនាថា កុមារជនជាតិដើមភាគតិច កុមារកំព្រា និងកុមារមានផ្ទុកមេរោគ និងជំងឺអេដស៍ជាដើម។
៤៖ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ថើម្បីធានាថា គ្រប់ភូមិ-ឃុំមានសុវត្ថិភាព គ្មានចោរកម្ម និងអំពើប្លន់គ្រប់ប្រភេទ គ្មានការផលិត ការចែកចាយ និងប្រើប្រាស់គ្រឿញៀនគ្រប់ប្រភេទ គ្មានសកម្មភាពអបាយមុខ គ្មានការជួញដូរផ្លូវភេទលើស្រ្តី និងកុមារ និងអំពើហិង្សា គ្មានល្បែងស៊ីសងខុសច្បាប់ គ្មាការប្រើប្រាស់អាវុធខុសច្បាប់ និងគ្មានសកម្មភាពខុសច្បាប់ផ្សេងៗ។
៥៖ ផែនការសកម្មភាពជាតិស្ដីពី ការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ឆ្នាំ២០១៦-២០២៥។
៦៖ ផែនការសកម្មភាពតាមវិស័យរបស់ក្រសួង ស្ថាប័ន ដែលពាក់ព័ន្ធនឹងពលកម្មកុមារ។
លោករដ្ឋមន្រ្តីបានបន្តថា បច្ចុប្បន្ន ក្រសួងការងារមានក្រុមការងារអធិការកិច្ច នៅកន្លែងប្រមូលផ្ដុំការងារគ្រប់ទីកន្លែង ដើម្បីពិនិត្យមើល និងដោះស្រាយបញ្ហាពលកម្មកុមារ ដែលរងគ្រោះដោយសារជម្លោះ និងគ្រោះមហន្តរាយមកលើកុមារ។
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចេញសារលិខិតរួមមួយ ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៧ ផងដែរ។
ក្នុងសារលិខិត សម្ដេចបានបញ្ជក់ថា នៅលើពិភពលោកបច្ចុប្បន្ន មានប្រជាជនជាង ១.៥ពាន់លាននាក់ កំពុងរស់នៅក្នុងប្រទេសដែលប៉ះពាល់ដោយសារស្ថានភាពជម្លោះ អំពើហិង្សា និងភាពងាយបែកបាក់។ មានប្រជាជនប្រមាណ ២០០លាននាក់ ទទួលរងផលប៉ះពាល់ដោយសារគ្រោះមន្តរាយជារៀងរាល់ឆ្នាំ ហើយ១ភាគ៣នៃប្រជាជនទាំងនោះ គឺជាកុមារ។ ក្នុងចំណោមកុមារ ១៦៨លាននាក់ ដែលកំពុងរស់នៅក្នុងតំបន់ដែលទទួលរងផលប៉ះពាល់ដោយសារជម្លោះ និងគ្រោះមហន្តរាយ ភាគច្រើនជាប់ពាក់ព័ន្ធក្នុងពលកម្មកុមារ។
បើតាមការអង្កេតពលកម្មកុមាររបស់វិទ្យាស្ថានស្ថិតិ ឆ្នាំ២០១៣ បានបង្ហាញថា ចំនួនពលកម្មកុមារនៅកម្ពុជា បានធ្លាក់ចុះជិតពាក់កណ្ដាលពីចំនួន ៧៥០,០០០នាក់ មកត្រឹម ៤២៩,៣៨០នាក់ និងទម្រង់ធ្ងន់ធ្ងរបានថយចុះពី ២៥៣,០០០នាក់ មកត្រឹម ២៣៦,៤៩៨នាក់៕