(សៀមរាប)៖ គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា ICC-Angkor (International Coordination Committee for the Safeguarding and Development of Historic Site of Angkor) នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៨របស់ខ្លួន នៅថ្ងៃទី២១-ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នាសាលសន្និសីទអង្គរ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
កិច្ចប្រជុំ ICC-Angkor នឹងប្រារព្ធឡើងក្រោមអធិបតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមនឹងសហប្រធានគណៈកម្មាធិការអន្តរជាតិ ICC-Angkor លោក Takahisa TSUGAWA អនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុន និងលោក Guillaume NARJOLLET ទីប្រឹក្សាផ្នែកសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ នៃស្ថានទូតបារាំង។
របៀបវារៈនៃកិច្ចប្រជុំបច្ចេកទេសលើកទី២៨៦នេះ នឹងផ្តោតទៅលើចំណុចសំខាន់ៗ មួយចំនួនដូចជា តាមដានការអនុវត្តអនុសាសន៍ កិច្ចប្រជុំបច្ចេកទេសលើកទី២៧ អំពីកិច្ចការអភិរក្ស ជួសជុល ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ និងរបាយការណ៍សកម្មភាពស្តីអំពីការងារអភិរក្សផ្សេងៗ។ ជាមួយគ្នានេះ អង្គប្រជុំក៏នឹងតាមដានសេវាកម្ម នៃការលក់សំបុត្រចូលទស្សនាអង្គរ ការងារស្រាវជ្រាវអំពីឡផលិតលោហៈសម័យបុរាណ និងការសង្ខេបឡើងវិញ នូវលទ្ធផលស្រាវជ្រាវចុងក្រោយ នៃប្រព័ន្ធបច្ចេកវិទ្យា LiDAR ជាដើម។
គណៈកម្មាធិការ ICC-Angkor បានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយសនិ្នសីទអន្តរជាតិលើកទី១ ស្តីពីអង្គរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោក ពេលទទួលចុះអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការបង្កើតយន្តការអន្តរជាតិ ICC សម្រាប់អង្គរ ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំង៥ ដែលតម្រូវឲ្យអាជ្ញាធរកម្ពុជាបំពេញក្នុងរយៈពេល៣ឆ្នាំ(១៩៩៣-១៩៩៦)។ សមាជិកនៃ ICC មានចំនួន៣៧ប្រទេស មកពីទ្វីប៥ និងមានអង្គការអន្តរជាតិចំនួន១៣ទៀតចូលរួម ជាសមាជិកដែរ។
ICC-Angkor រៀបចំកិច្ចប្រជុំរបស់ខ្លួន២ដងក្នុង១ឆ្នាំម្តង ជាមួយសមាជិក គឺកិច្ចប្រជុំពេញអង្គ និងម្តងទៀត គឺកិច្ចប្រជុំបច្ចេកទេស។ កិច្ចប្រជុំពេញអង្គ ផ្តោតទៅលើគោលនយោបាយគ្រប់គ្រង អំពាវនាវសុំជំនួយថវិកា សុពលភាព នៃគម្រោងថ្មី និងការប្រកាសពីគម្រោងថ្មីនៅអង្គរ។ ចំណែកកិច្ចប្រជុំបច្ចេកទេស តែងធ្វើឡើងដើម្បីតាមដានការងារអនុវត្តអនុសាសន៍មុនៗ និងតាមដានរបាយការណ៍ របស់ក្រុមជំនាញដែលកំពុងប្រតិបត្តិការលើការងារ អភិរក្សជួសជុលក្នុងតំបន់អង្គរទាំងមូល៕