(ពោធិ៍សាត់)៖ ក្រុមយុវជនមានគ្នា៩នាក់ បានសុំឪពុកម្តាយ ទៅលេងនៅរមណីយដ្ឋានច្រកល្អៀង ហៅយ៉ោក តែជាអកុសល បានរអិលជើងលង់ទឹកស្លាប់ម្នាក់ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

មន្រ្តីសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ងួន ចំរើន អាយុ២៨ ឆ្នាំ មានទីលំនៅ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះ បានចេញដំណើរពីភ្នំពេញ មានគ្នា៩នាក់ ស្រី១នាក់ ម៉ូតូ៣គ្រឿង ដោយឡែកជនរងគ្រោះជិះម៉ូតូឌុបគ្នា២នាក់ មិត្តភក្ភិ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា សពជនរងគ្រោះរកមិនទាន់រកឃើញនៅឡើយទេ ដោយសារទឹកមា​នជំរៅជាង១០ម៉ែត្រ ហើយហូរកួចខ្លាំងពេក ហើយក៏មានបងប្អូន ចុះជួយរកនៅតែរកមិនឃើញព្រោះយប់ហើយ មានតែចាំព្រឹកស្អែក ទើបសមត្ថកិច្ច នឹងរុករកបន្តរទៀត។ ក្នុងប្រតិបត្តិការនេះដឹកនាំកម្លាំងដោយ លោកអភិបាលស្រុកក្រគរ ​និងលោកអធិការអធិការងផ្នែកជំនាញ នាយរងប៉ុស្តិ៍ មន្ត្រីកម្លាំងបរិស្ថាន រួមទាំងលោកមេឃុំ ប្រជាការពារ ស​ន្តិសុខរមណីយដ្ឋា​ន និងឪពុកម្តាយ ក្រុមគ្រួសារជនរងគ្រោះសរុ​បប្រមាន៤០នាក់។

លុះមកដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ វេលាម៉ោង៩ និង១០នាទីព្រឹក សមត្ថកិច្ចចម្រុះ ក្រុមគ្រួសារជ​រងគ្រោះ និងប្រជាពលរដ្ឋ បានរកឃើញហើយ ដោយសាកសពដែលរអិលជើងធ្លាក់ចូលទឹកបានអណ្តែតឡើង ហើយបាននាំគ្នាស្រង់ពីក្នុងទឹក និងធ្វើកំណត់ហេតុ និងត្រួតពិនិត្យសាសពរួចហើយបានប្រគល់ជូនក្រុមគ្រួសារ ជនរងគ្រោះតាមបញ្ជាររបស់លោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តពោធិ៍សាត់ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន៕